មេ SpaceX៖ ជនជាតិ​អង់គ្លេស​ដែល​សង្គ្រោះ​ក្មេងៗ​ថៃ ជា "អ្នក​ចាប់​រំលោភ​ក្មេង"

  • 2018-09-06 08:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រឿង​ថ្នាំងថ្នាក់​គ្នា​រវាង​លោក Elon Musk ម្ចាស់​ក្រុមហ៊ុន​អវកាស SpaceX និង​លោក Vernon Unsworth អ្នក​សង្គ្រោះ​សញ្ជាតិ​អង់គ្លេស ដែល​ទើប​ជួយ​ក្រុម​កីឡាករ​វ័យ​ក្មេង​ថៃ​១៣​នាក់​ពី​ល្អាង​ថាមហ្លួង បាន​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​ហើយ។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ លោកElon បាន​ហៅ​លោក Unsworth ថា​ជា​មនុស្ស "ដែល​បំពាន​ផ្លូវ​ភេទ​កុមារ (Pedo)" ក្រោយ​ពី​អ្នក​សង្គ្រោះ​រូប​នេះ​បាន​បដិសេធ​មិន​ប្រើប្រាស់​នាវា​មុជ​ទឹក​ខ្នាត​តូច​នៅ​ក្នុង​ប្រតិបត្តិការ​ជួយ​ក្មេងៗ​ថៃ​ចេញ​ពី​ល្អាង​ភ្នំ​ថាមហ្លួង។ យ៉ាង​ណា​មិញ រឿង​នេះ​ត្រូវ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ បន្ទាប់​ពី​ម្ចាស់ SpaceX ចេញ​មុខ​សុំទោស​លោក Unsworth ជា​សាធារណៈ។

ដោយ​មិន​ដឹង​មូលហេតុ​អ្វី​ឲ្យ​ប្រាកដ ស្រាប់​តែ​ភ្លើង​សង្គ្រាម​ពាក្យ​សម្ដី​រវាង​អ្នក​ទាំង​២​ក៏​ចាប់​ផ្ដើម​ឆេះ​ចេញ​ផ្កា​ភ្លើង​ជា​ថ្មី​ម្ដង​ទៀត។ លើក​នេះ លោក Elon បាន​សរសេរ​តាម​រយៈ​អ៊ីម៉ែល​ផ្ញើ​ឲ្យ​សារព័ត៌មាន BuzzFeed ដោយ​ហៅ​លោក Unsworth ថា​ជា "អ្នក​ចាប់​រំលោភ​ក្មេង"។

BuzzFeed កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ចុះ​ផ្សាយ​ថា លោក Elon បាន​ប្រើ​ពាក្យ​មិន​ល្អ (fcking asshol) ជេរ​បុគ្គលិក​សារព័ត៌មាន​ម្នាក់​ដែល​សរសេរ​ពី​រឿង​ជម្លោះ​នេះ។ បន្ថែម​ពី​នេះ BuzzFeed បាន​បញ្ជាក់​បន្ត​ថា នៅ​ក្នុង​អ៊ីម៉ែល លោក Elon បាន​ចោទ​ប្រកាន់​លោក Unsworth ដោយ​គ្មាន​ភស្តុតាង និង​មូលដ្ឋាន​ច្បាស់លាស់​ជា​សម្អាង ដោយ​ថា អ្នក​សង្គ្រោះ​អង់គ្លេស​រូប​នេះ​ធ្លាប់​បាន​ទៅ​រស់នៅ​ទីក្រុង​ឈៀងរ៉ៃ ប្រទេស​ថៃ​អស់​រយៈពេល ៣០ ទៅ ៤០​ឆ្នាំ​មក​ហើយ។ ចំពោះ​ការ​ទៅ​រស់នៅ​នេះ គឺ​ដើម្បី​រៀបការ​ជាមួយ​នឹង​អនីតិជន​ ដែល​មាន​អាយុ​ប្រហែល​ជា ១២​ឆ្នាំ។ លោក Elon ថែម​ទាំង​ថា ឈៀងរ៉ៃ គឺ​ជា​ទីក្រុង​ដែល​ល្បី​ខាង​ជួញ​ដូរ​ផ្លូវ​ភេទ​កុមារ​ទៀត​ផង។

ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នេះ លោក Unsworth ថា លោក​កំពុង​ស្វះស្វែង​រក​មើល​វិធានការ​ច្បាប់​តទល់​នឹង​លោក Elon។ មេធាវី​លោក Unsworth បាន​ប្រាប់​សារព័ត៌មាន Guardian ថា រឿង​ដែល​ម្ចាស់​ក្រុមហ៊ុន SpaceX ចោទ​លោក Unsworth មិន​មែន​ជា​រឿង​ដែល​ចេះ​តែ​ដោះសា​យក​រួច​ខ្លួន​នោះ​ទេ ហើយ​លោក Elon នឹង​ត្រូវ​ទទួល​រង​បណ្ដឹង​ជាក់​ជា​មិន​ខាន។

ជា​ការ​ឆ្លើយ​តប លោក Elon បាន​និយាយ​ថា៖ "ខ្ញុំ​សូម​ស្នើ​ឲ្យ​អ្នក​ហៅ​មនុស្ស​ដែល​ស្គាល់​នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​ដឹង​រឿង​ច្បាស់​ពី​អ្វី​ដែល​កើត​ឡើង ហើយ​ឈប់​ការពារ​មនុស្ស​ដែល​ចាប់​រំលោភ​កុមារ​បន្ត​ទៅ​ទៀត"៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;