សហគមន៍​កសិកម្ម​​នៅ​កំពង់ចាម ទទួល​បាន​​ជោគជ័យ ក្រោម​គម្រោង​ជំរុញ​ផលិត​កម្ម​ស្បៀង

  • 2018-09-10 08:23:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហគមន៍​កសិកម្ម​ដាំ​បន្លែ​សុវត្ថិភាព ក្នុង​ឃុំ​ស្វាយទាប​ ស្រុក​ចម្ការលើ​ ខេត្ត​កំពង់ចាម ​បាន​ទទួល​ជោគជ័យ​ក្នុងការ​ដាំ​បន្លែ​ក្រោម​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ដែល​មាន​ការគាំទ្រ​ដោយ​ថវិកា​របស់​រាជរដ្ឋាភិបាល ក្នុង​រយៈពេល​ជិត ២ឆ្នាំ​មកនេះ។

​លោក ស៊ុន សុខ​ខេង ប្រធាន​សហគមន៍​កសិក​ម្ម​បន្លែ​សុវត្ថិភាព​ស្វាយទាប​ចម្ការលើ ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១០​ខែកញ្ញា​នេះ​ថា​ សហគមន៍​មាន​សមាជិក​ចំនួន ​២៧​គ្រួសារ​ក្នុងភូមិ​ចំនួន​បី​ គឺភូមិវា​រី​លិច​ ភូមិ​ស្រែ​ព្រាល និង​ភូមិ​អូរ។ សហគមន៍នេះ ​បាន​ចាប់ផ្តើម​ដាំ​បន្លែ​ដោយ​អនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​លើ​ផ្ទៃដី​សរុប​ជាង៦​ហិកតា ដែល​ធានា​បាន​នូវ​បន្លែ​ច្រើន​មុខ​ជូន​អតិថិជន​ប្រហែល​ជាង​១តោន ទៅ​ជាង​២តោន​ក្នុង​១​ថ្ងៃ តាំងពី​ដើមឆ្នាំ​២០១៧​មក។

ប្រធាន​សហគមន៍​វ័យ​៤២​ឆ្នាំ​រូប​នេះ ​បាន​​បន្តថា ​សហគមន៍​របស់​លោក​មាន​ដាំ​បន្លែ​សុវត្ថិភាព​ប្រចាំថ្ងៃ​ដូចជា​សាឡា​ត់​ ស្ពៃ​គ្រប់មុខ​ សណ្តែក​គួរ​ និង​ម្រះ​ជាដើម។ បន្លែ​ទាំងអស់​នេះ ​ត្រូវបាន​ដាំ​ជា​លក្ខណ​:​វិលជុំ​តាម​ការបង្ហាត់បង្ហាញ​ពី​មន្ត្រី​កសិកម្ម​ខេត្ត​កំពង់ចាម។

លោក ស៊ុន សុខ​ខេង កំពុងបេះបន្លែក្នុងចម្ការរបស់សហគមន៍ (រូបថត៖ រស្មីកម្ពុជា)
​លោក ស៊ុន សុខ​ខេង បន្ថែម​ថា សម្រាប់​គ្រួសារ​របស់​លោក​ដែល​បាន​អនុវត្ត​គម្រោង​នេះ​លើ​ផ្ទៃដី​ទំហំ​ ០,៤០​ហិកតា​ គឺ​ក្នុង​មួយឆ្នាំ​កន្លងទៅ​ ទទួលបាន​ចំណូល​ប្រមាណ​២០​លាន​រៀល​។​ ចំណូល​នេះ​គឺ​ខ្ពស់ជាង​ប្រហែល​ ៥​លាន​រៀល​ បើ​ប្រៀបធៀប​នឹង​កាលពី​មិនទាន់​អនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​នេះ។

​កត្តា​សំខាន់​ដែល​សហគមន៍ បាន​ទទួល​ផលប្រយោជន៍​ពី​គម្រោង​នេះ​ គឺ​ក្រៅពី​ចំណូល​កើន ក្នុងនោះ​ក៏មាន​ការ​កាត់បន្ថយ​ការប្រើប្រាស់​ជី និង​ថ្នាំ​គីមី​បាន​ប្រហែល ៥០ ភាគរយ ទទួលបាន​បទពិសោធ បច្ចេកទេស​ចំណេះដឹង​បន្ថែម លើ​ដំណាំ​បន្លែ​នេះ​ពី ៥០ ទៅ ៦០ ភាគរយ​ទៀត និង​មាន​អតិថិជន​កាន់តែ​ច្រើនជាង​មុន​មក​ទិញ​ និង​បញ្ជា​ទិញ​ផងដែរ។ នេះបើតាមការ​បញ្ជាក់​បន្ថែម​របស់​​លោក ស៊ុន សុខ​ខេង ដែល​មាន​បទពិសោធ​ន៍ខា​ង​ដំណាំ​បន្លែ​ជាង​២០​ឆ្នាំ។

​ទោះជា​យ៉ាងណា លោកថា​ សហគមន៍​ដាំ​បន្លែ​សុវត្ថិភាព​ស្វាយទាប​ចម្ការលើ​ បាន​ជួប​បញ្ហា​ប្រឈម​នឹង​ការប្រកួត​ប្រ​ជែងទីផ្សារ​ផ្នែក​សោ​ភ័​ណ​ភាព​បន្លែ​ចាញ់​គេ ពោលគឺ​បន្លែរបស់​សហគមន៍នេះ​គ្មាន​ប្រភព​ច្បាស់លាស់​ និង​មាន​ពណ៌​ខៀវ​ស្រអាប់​ ព្រមទាំង​មាន​ដង្កូវ​ឬ​សត្វល្អិត​ស៊ី​នៅ​ស្លឹក​ទៀតផង។ លោក​បាន​ស្នើឱ្យ​អាជ្ញាធរ​ជួយ​បង្កើត​ផ្សារ​បន្លែ​សម្រាប់​ឲ្យ​សមាជិក​សហគមន៍​ឈរ​លក់​បន្លែ​របស់ខ្លួន​ផ្ទាល់​តែម្តង។ ​

​ចំពោះ​សំណូមពរ​នេះ ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​ចម្ការលើ​ លោក ​ស៊ិន​ សុខ​ដា​វិ​ន​ បាន​ឱ្យដឹង​ថា​ ​ខាង​លោក​បាន​ទទួល​ហើយ​។ ប៉ុន្តែ​ខាង​លោក​នឹង​ពាំនាំ​សំណូមពរ​នេះ​ទៅ​ខាង​មន្ទីរ​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ​ ខេត្ត​កំពង់ចាម។ អាជ្ញាធរ​ឃុំ​ស្វាយទាប និង​អាជ្ញាធរ​ស្រុក​ចម្ការ​លើ ដើម្បី​សម្រេច​ជ្រើសរើស​ទីតាំង​បង្កើត​ផ្សារ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;