រដ្ឋាភិបាល ហៅ​កិច្ច​ប្រជុំ​សភា​អឺរ៉ុប​ថា​ផ្តល់ភាព​ល្អ​ប្រសើរ សម្រាប់​កម្ពុជា

  • 2018-09-14 03:58:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​​អះអាង​នៅព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា​នេះ​ថា កិច្ចប្រជុំ​សភា​អឺរ៉ុប​ បានផ្តល់​ភាព​ល្អ​ប្រសើរ​សម្រាប់​កម្ពុជា ក្នុងនោះ​រួមមាន៖

ទី១. ឱកាស​ក្នុងការ​ឆ្លងឆ្លើយ​គ្នា ដោយ​ភាគី​ទាំងអស់​ដែល​បាន​គោរព​សន្ធិសញ្ញា​រួម។

ទី២. ទទួល​បាន​ការ​គោរព​គ្នា​ទៅវិញទៅមក ដែល​កម្ពុជា មាន​ឱកាស​ចូលរួម​ប្រជុំ។

ទី៣. សហភាព​អឺរ៉ុប ជា​ដៃគូ​ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា ហើយ​សហភាព​អឺរ៉ុប និង​កម្ពុជា មាន​សារៈសំខាន់​ជាច្រើន ក្នុងការ​រួមធ្វើ​កិច្ចសហការ​គ្នា រវាង​ទ្វេភាគី និង​ក៏​ដូច​ជាមួយ​បណ្តា​ប្រទេស អាស៊ាន​ជាមួយ​សហភាព​អឺរ៉ុប​ដែរ ។

លោក ផៃ ស៊ីផាន ថ្លែងនាពេលកន្លងមក
ជាមួយ​គ្នានោះ មន្រ្តី​រាជរដ្ឋាភិបាលរូប​នេះ ក៏បាន​ច្រានចោល​នូវការ​លើកឡើង​ដែរ​ថា សហគមន៍​អឺរ៉ុប នឹង​ដាក់​ទណ្ឌកម្ម​មកលើ​កម្ពុជា។

លោក ផៃ ស៊ីផាន បន្តថា សម្តេច ហ៊ុន សែន បាន​ចូលរួម​កិច្ច​ប្រជុំ វេទិកា​ធំៗ​ដើម្បី​ផ្សារភ្ជាប់ រវាង​ប្រទេសកម្ពុជា ទៅ​នឹង​បណ្តា​ប្រទេស​ខាងក្រៅ។ ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​បង្ហាញ​ពី​គោលការណ៍ អធិបតេយ្យ​ភាព​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង ពី​ប្រទេស​ខាងក្រៅ​ផងដែរ។

សូម​រំលឹក​ថា ​កាលពី​ល្ងាច​ថ្ងៃទី១៣ ខែ​កញ្ញា​ម្សិលមិញ សភា​សហភាព​អឺរ៉ុប បាន​បើក​កិច្ចប្រជុំ និង​អនុម័ត​សេចក្ដី​សម្រេច ស្ដីពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ព្រមទាំង​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ទម្លាក់​រាល់​បទចោទ​មកលើ​លោក កឹម សុខា​ផងដែរ។ សេចក្ដី​សម្រេច​នេះ នឹង​ឈាន​ទៅ​ជំរុញ​ឲ្យ​គណៈកម្មការ​សហភាព​អឺរ៉ុប ដែល​មាន ២៨ ប្រទេស ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ដាក់​សម្ពាធ​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​ងាក​មក​ស្តារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។

សេចក្តី​សម្រេច​នេះ ក៏​នឹង​ផ្ដោត​លើ​ការ​ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ផ្ដល់​នីតិសម្បទា ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ដំណើរការ​ឡើងវិញ និង​ផ្តល់​សម្បទា​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​ទាំង ១១៨​នាក់​មាន​សិទ្ធិ​ធ្វើ​នយោបាយ ដូច​ប្រក្រតី​បាន​វិញ​ផងដែរ៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;