កូរ៉េខាងត្បូង គ្រោង​បង្កើត​ "វិទ្យាស្ថាន​បច្ចេកវិទ្យា​សំណង់" នៅ​កម្ពុជា

  • 2018-09-19 06:48:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឱ្យដឹង​ថា កូរ៉េខាងត្បូង មាន​ផែនការ​បង្កើត "វិទ្យាស្ថាន​បច្ចេកវិទ្យា​សំណង់​កម្ពុជា-កូរ៉េ (C-KICT)" ដែល​នឹង​ដើរ​តួនាទី​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ក្រសួង ក្នុងការ​ធានា​ឱ្យបាន​នូវ​ស្តង់ដារ​គុណភាព​នៃ​សំណង់ នៅ​កម្ពុជា។ ផែនការ​នេះ ត្រូវបាន​លោក Sung Heon Han ប្រធាន​វិទ្យាស្ថាន​បច្ចេកវិទ្យា​សំណង់​កូរ៉េ (KICT) បង្ហាញ​ទៅកាន់​គណៈប្រតិភូ​កម្ពុជា ដែល​ដឹកនាំដោយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ កាលពី​ថ្ងៃទី១៨ កញ្ញា ២០១៨។

លោក Sung Heon Han ក៏បាន​ណែនាំ​ដល់​គណៈប្រតិភូ ឱ្យស្គាល់​បច្ចេកវិទ្យា​សំណង់​ធំៗ​របស់​កូរ៉េ ប្រព័ន្ធ​លើក​កម្ពស់​សុវត្ថិភាព​សំណង់ និង​ចរាចរណ៍ ព្រមទាំង​ប្រព័ន្ធ​គ្រប់គ្រង​សម្ភារៈ​ការដ្ឋាន ផងដែរ។

គណៈប្រតិភូក្រសួងសាធារណការ ថតរូបជាមួយភាគីកូរ៉េ នៅមុខវិទ្យាស្ថាន​បច្ចេកវិទ្យា​សំណង់​កូរ៉េ កាលពីថ្ងៃទី១៨កញ្ញា ២០១៨។ រូបថត៖ ក្រសួងសាធារណការ
ក្នុង​អំឡុងពេល​ធ្វើ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​ដែល​ស្ថិតក្នុង​ក្រុង​សេអ៊ូល​នេះ លោក ស៊ុន ចាន់ថុល បាន​ជម្រាប​ជូន​លោក​ប្រធាន​វិទ្យាស្ថាន ​អំពី​បញ្ហា​ប្រឈម​ នាពេល​បច្ចុប្បន្ន ពាក់ព័ន្ធនឹង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​របស់​កម្ពុជា​ផងដែរ។ ក្នុងនោះ​លោក​បានគូស​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន បាន​សម្លាប់​មនុស្ស​ប្រមាណ ៥​នាក់ និង​បង្ក​របួសស្នាម​ពី២០ ទៅ៥០នាក់​ក្នុង​មួយ​ថ្ងៃ។

លោក​ទេសរដ្ឋមន្រ្តី បាន​កត់​សម្គាល់​ថា កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្តង់ដារ​នៃការ​ស្ថាបនា​ផ្លូវថ្នល់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​រក្សា​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យមាន​ភាព​រឹងមាំ និង​ប្រើប្រាស់​ជាប់​បាន​យូរ។ ជាពិសេស បច្ចេកវិទ្យា​ជួសជុល​ផ្លូវថ្នល់​មាន​សារៈសំខាន់​ណាស់ ដោយសារ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ដូចជា ខេត្ត​កំពត កែប ព្រះសីហនុ និង​កោះកុង មាន​ភ្លៀងធ្លាក់​ជោគជាំ​នៅ​រដូវ​វស្សា។

ជាមួយ​គ្នានេះ លោក ស៊ុន ចាន់ថុល បាន​សំណូមពរ​ឱ្យ KICT ពន្លឿន​ការ​បង្កើត​វិទ្យាស្ថាន C-KICT នៅ​កម្ពុជា ក្នុង​រយៈពេល២​ឆ្នាំ ឬ​ឆាប់ៗ​តាម​ដែលអាច​ធ្វើទៅ​បាន។

បើតាម​ក្រសួង​សាធារណការ KICT គឺជា​វិទ្យាស្ថាន​របស់​រដ្ឋាភិបាល​កូរ៉េ មាន​ជំនាញ​ឯកទេស​ខាងការ​ស្រាវជ្រាវ និង​វិស្វកម្ម​សំណង់។ KICT មាន​បុគ្គលិក​ជំនាញ​ថ្នាក់​បណ្ឌិត​ជាង ៩០០​នាក់ ដែលមាន​ជំនាញ​ផ្សេងៗ​គ្នា​ ទាក់ទងនឹង​ការ​សាងសង់។ KICT បាន​បង្កើត​ស្តង់ដារ​សំណង់​កូរ៉េ​សម័យ​ទំនើប និងបាន​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃការ​យោគយល់​ជាមួយ​ក្រសួង​សាធារណការ​ កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;