AFF Suzuki Cup៖ ថៃ មិនអាចកោះហៅកីឡាករឆ្នើម ៤នាក់ ដែលកំពុងលេងនៅក្រៅប្រទេស
- 2018-09-21 03:28:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AFF Suzuki Cup៖ ថៃ មិនអាចកោះហៅកីឡាករឆ្នើម ៤នាក់ ដែលកំពុងលេងនៅក្រៅប្រទេស
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិថៃ នឹងត្រូវអវត្តមានកីឡាករឆ្នើម ៤រូប ដែលកំពុងប្រកបអាជីពនៅលីគនៅក្រៅប្រទេស គឺខ្សែបម្រើ Chanathip Songkrasin ខ្សែប្រយុទ្ធ Teerasil Dangda ខ្សែការពារស្លាប Theerathon Bunmathan និងអ្នកចាំទី Kawin Thamsatchanan នៅក្នុងការប្រកួតកីឡាបាល់ទាត់តំបន់អាស៊ាន AFF Suzuki Cup ឆ្នាំ២០១៨។
ពួកគេត្រូវអវត្តមាន ព្រោះគ្រូបង្វឹក Milovan Rajevac មិនអាចកោះហោះពួកគេមកចូលរួមក្នុងក្រុមជម្រើសជាតិថៃបាននោះទេ។ មិនអាចកោះហៅបាន ដោយសារតែ AFF Suzuki Cup រៀបចំឡើង មិនចំពេលវេលាប្រកួតជម្រើសជាតិ ដែល FIFA បានកំណត់ (ចំពេលប្រកួតលីគ)។
យ៉ាងណាក្ដី គ្រូបង្វឹកសញ្ជាតិស៊ែប ដែលធ្លាប់ជួយហ្គាណា ឡើងដល់វគ្គ ៨ក្រុមចុងក្រោយ FIFA World Cup 2010 នៅតែមានមានទំនុកចិត្ត ថាក្រុមជម្រើសជាតិថៃ នឹងអាចទទួលបានជោគជ័យ ទោះគ្មានកីឡាករ ៤រូបខាងលើក៏ដោយ។
លោកបានថ្លែងប្រាប់វិបសាយផ្លូវការរបស់ AFF Suzuki Cup ថា៖ "ជារឿងសោកស្ដាយ ដែលពួកគេ (កីឡាករ ៤រូបខាងលើ) មិនអាចលេងនៅ AFF Suzuki Cup បាន ប៉ុន្តែយើងមានកីឡាករមានទេពកោសល្យជាច្រើននាក់ទៀត។ ទោះគ្មានពួកគេ ក៏យើងនៅតែជាក្រុមដែលរំពឹងថានឹងឈ្នះពាន។ ខ្ញុំមានជំនឿចិត្តលើសមត្ថភាពកីឡាករផ្សេងៗទៀត ថាអាចដោះស្រាយសម្ពាធនេះបាន ដោយលេងតាមការបង្ហាត់របស់ខ្ញុំ..."។
លោក Rajevac ក៏នឹងមិនកោះហោះពួកគេទាំង ៤នាក់ មកចូលរួមប្រកួតមិត្តភាពទល់នឹងក្រុមហុងកុង និងក្រុមទ្រីនីដាត-តូបាហ្គោ នាខែតុលាខាងមុខនេះដែរ ទោះបីជាចំថ្ងៃដែល FIFA កំណត់ក៏ដោយ (ថ្ងៃដែលកីឡាករអាចចេញពីក្លឹប ទៅជួយជម្រើសជាតិ) ដោយសារតែលោក Rajevac ចង់ឲ្យកីឡាករទាំងអស់ ត្រៀមលក្ខណៈលេងដោយគ្មានពួកគេទាំង ៤ ឲ្កយហើយ មុនពេល Suzuki Cup មកដល់នាខែវិច្ឆិកា។
សូមបញ្ជាក់ថា កីឡាករថៃទាំង ៤នាក់ខាងលើ កំពុងលេងនៅក្លឹបក្រៅប្រទេសរៀងខ្លួន ដែលមានដូចជា៖ Chanathip Songkrasin លេងនៅក្លឹបជប៉ុន Consadole Sapporo, Teerasil Dangda លេងនៅក្លឹបជប៉ុន Sanfrecce Hiroshima, Theerathon Bunmathan លេងនៅក្លឹបជប៉ុន Vissel Kobe និង Kawin Thamsatchanan កំពុងលេងនៅក្លឹបបែលហ្សិក Oud-Heverlee Leuven។
ការប្រកួត AFF Suzuki Cup ឆ្នាំ ២០១៨ ចាប់ផ្ដើមពីថ្ងៃទី ៨ ខែវិច្ឆិកា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៨៕