ស្ថាបនិក Instagram ប្រកាស​លាឈប់ ក្រោយ​​បង្កើត​បាន​​៨​ឆ្នាំ​

  • 2018-09-25 08:48:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាបនិក​របស់​ក្រុមហ៊ុន​កម្មវិធី​បណ្ដាញសង្គម​ក្នុង​ទូរសព្ទ Instagram ចំនួន ២​រូប គឺ​លោក Kevin Systrom និង​លោក Mike Krieger បាន​សម្រេច​ចិត្ត​លាឈប់​ពី​ក្រុមហ៊ុន ដែល​អ្នក​ទាំងពីរ​បាន​សហការ​គ្នា​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១០ នៅ​ក្រុង San Francisco រដ្ឋ California សហរដ្ឋ​អាមេរិក។

លោក Mike Krieger និងលោក Kevin Systrom លាឈប់ពី Instagram ហើយ (រូបថត៖ BBC)
Instagram បាន​ទទួល​ជោគជ័យ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​បាន​ទាក់ទាញ​អ្នក​ប្រើប្រាស់​រាប់​សិន​លាន​នាក់ មុន​ស្ថាបនិក​ទាំងពីរ​សម្រេច​លក់​ទៅ​ឲ្យ ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស Facebook កាលពី​ឆ្នាំ​២០១២ ក្នុង​តម្លៃ ១ពាន់​លាន​ដុល្លារ​។

លោក Kevin Systrom បាន​លា​ឈប់​ពី​តំណែង​នាយក​ប្រតិបត្តិ ខណៈ​លោក Mike Krieger លាលែង​ពី​តំណែង​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​។

តាម​រយៈ​ការ​បង្ហោះ​នៅ​លើ​ប្លុក​មួយ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក Systrom បាន​សរសេរ​ថា លោក​ចង់​សម្រាក​មួយ​រយៈ ដើម្បី​ស្វែងរក និង​បង្កើត​របស់​ថ្មី​មួយ​ទៀត។ ហើយ​លោក​បាន​បង្ហាញ​ក្ដី​រំភើប​សម្រាប់ Instagram និង Facebook ដែល​បាន​ឈាន​ដល់​ដំណាក់កាល​ដូច​សព្វថ្ងៃ។

បើ​យោង​តាម​សារព័ត៌មាន Bloomberg បាន​រាយការណ៍​ថា ការ​លាឈប់​របស់​ស្ថាបនិក Instagram ទាំងពីរ គឺ​ដោយសារ​ភាព​តានតឹង​រវាង​អ្នក​ទាំង​ពីរ ជាមួយ​លោក Mark Zuckerberg នាយក​ប្រតិបត្តិ Facebook ពាក់ព័ន្ធ​នឹង​ទិស​ដៅ​របស់ Instagram ។ យ៉ាង​ណា​ក៏ដោយ អ្នក​នាំពាក្យ Facebook និង Instagram មិន​បាន​ឆ្លើយតប​ជុំវិញ​មូលហេតុ​នៃ​ការ​ចាកចេញ​របស់​មេ Instagram នោះ​ទេ​៕

ប្រភព៖ CNN ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;