សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម រងការ​ពិន័យ​ជាង ១ម៉ឺន​ដុល្លារ ពី AFC

  • 2018-10-12 07:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម (VFF) ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីបអាស៊ី (AFC) ពិន័យ​ទឹកប្រាក់ ១២៥០០​ដុល្លារ បន្ទាប់ពី​មាន​ករណី​អ្នក​គាំទ្រ​ក្រុម​វៀតណាម ដុតភ្លើង​នៅក្នុង​ការ​ប្រកួត​មួយ​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) នៅ​ឥណ្ឌូណេស៊ី។ នេះ​បើតាម​ការចុះ​ផ្សាយ​របស់ Vietnam News នៅថ្ងៃទី​១២តុលា​នេះ។

ហេតុការណ៍​នេះ គឺ​កើតឡើង​នៅ​ពេលដែល​ក្រុម​វៀតណាម ប្រកួត​ចាញ់​ក្រុម​កូរ៉េខាងត្បូង​ដោយ​លទ្ធផល ១-៣ ក្នុងវគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Asian Games។ ការ​ប្រកួត​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន Cibinong។

AFC បញ្ជាក់​ថា វៀតណាម បាន​បំពាន​វិន័យ​ក្រមសីលធម៌​របស់​ខ្លួន និង​បរាជ័យ​ក្នុងការ​ធានានូវ​សុវត្ថិភាព និង​សន្តិសុខ ក្នុង​អំឡុង​ការ​ប្រកួត។ AFC បាន​ព្រមាន​ពិន័យ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ប្រសិន​បើ​អ្នកគាំទ្រ​វៀតណាម នៅតែ​បន្ត​ដុតភ្លើង​ក្នុង​អំឡុង​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​បែបនេះ​។

គួរ​រំលឹក​ដែរថា កាលពីឆ្នាំ​២០១៧ សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម ក៏ត្រូវ​បាន AFC ពិន័យ ១៥០០០ដុល្លារ​ផងដែរ ក្រោយ​មាន​ករណី​អ្នក​គាំទ្រ​របស់​ក្រុម​ជម្រើសជាតិ​វៀតណាម បាន​ដុត​កាំជ្រួច​ចំនួន​ពីរ​លើក ដែល​មាន​រយៈ​ពេល​ប្រហែល ៤​នាទី ក្នុង​អំឡុង​ការ​ប្រកួត​រវាង​កម្ពុជា និង​វៀតណាម ក្នុង​វគ្គចែក​ពូល AFC Asian Cup 2019។ ការប្រកួត​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី៥ ខែ​កញ្ញា ២០១៨ នៅ​ពហុកីឡដ្ឋាន​ជាតិ៕

អ្នកគាំទ្រវៀតណាម ដុតកាំជ្រួច អំឡុងការប្រកួតរវាងកម្ពុជា និងវៀតណាម កាលពីថ្ងៃទី៥កញ្ញា ២០១៧ នៅពហុកីឡដ្ឋានជាតិ
អត្ថបទទាក់ទង៖ [AFC ពិន័យ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ដោយសារ​អ្នកគាំទ្រ​វៀតណាម](http://kleykley.sabay.com.kh/article/984525)

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;