CPP ប្រតិកម្ម​ជាមួយ​ប្រធាន IPU អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ចូលរួម​ប្រជុំ​សហភាព​អន្តរ​សភា

  • 2018-10-16 02:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ប្រធាន​អង្គប្រជុំ​សហភាព​អន្តរ​សភា (IPU) ដែល​បាន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ចូលរួម​ប្រជុំ​ពេញ​អង្គ​សហ​ភាព​អន្តរ​សភា (IPU) លើក​ទី​១៣៩ នៅ​ប្រទេស​ស្វីស។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​ការ​អនុញ្ញាត​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា និង​គឺ​ជា​ការ​បំពាន​លើ​ឯករាជ្យ​និង​អធិបតេយ្យ​ភាព​ជាតិ​កម្ពុជា។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​តុលា នេះ​ថា រហូត​មក​ដល់​ពេល​នេះ លោក សម រង្ស៊ី គ្មាន​តួនាទី​អ្វី​ ក្នុង​ការ​មាន​មុខ​ចូល​ប្រជុំ​នៅ​លើ​វេទិកា​នានា​ជា​ថ្នាក់​អន្តរជាតិ ពី​ព្រោះ​លោក​មិន​មែន​ជា​តំណាង​ប្រជាជន​កម្ពុជា​ឡើយ ។ លោក សម រង្សី គ្រាន់​តែ​ជា "ជន​ក្បត់ជាតិ​ខ្មែរ និង​ជា​ជនពនេចរ​គ្មាន​ស្រុក​ទេស និង​ជា​អាយ៉ង​ដាច់​ថ្លៃ​របស់​ពួក​បរទេស​ចក្រពត្តិ​អនុត្តរភាព​និយម​អន្តរជាតិ​តែ​ប៉ុណ្ណោះ"។

លោក សម រង្ស៊ី ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នាពេលកន្លងមក
អ្នក​នាំ​ពាក្យ​រូប​នេះ​ បាន​បន្ត​ថា ប្រធាន​ប្រជុំ​សហភាព​អន្តរ​សភា (IPU) ត្រូវ​ទទួល​ខុសត្រូវ​ទាំង​ស្រុង​លើ​តួនាទី​លំអៀង​នយោបាយ​របស់​ខ្លួន ដោយ​គ្មាន​ការ​ខ្មាសអៀន។ លោក សុខ ឥសាន បាន​បញ្ជាក់​ថា "គណបក្ស​ប្រជាជន​កម្ពុជា សូម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​តវ៉ា​ដ៏​ម៉ឺងម៉ាត់​របស់​គណៈប្រតិភូ​សភា​កម្ពុជា​ដែល​បាន​ទៅ​ចូលរួម​ប្រជុំ​ជា​ផ្លូវការ​ក្នុង​អង្គប្រជុំ​សហភាព​អន្តរសភា (IPU) ក្នុង​នាម​ជា​តំណាង​ស្រប​ច្បាប់​របស់​ប្រជាជន​កម្ពុជា ហើយ​សូម​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​អាកប្បកិរិយា​ល្មើស​ច្បាប់​របស់​ជន​លំអៀង​ខាង​នយោបាយ​និង​មនោគមវិជ្ជា​អន្តរជាតិ"។

លោក សម រង្ស៊ី បាន​ចេញ​ដំណើរ​ទៅ​ប្រជុំ​ពេញ​អង្គ​សហភាព​អន្តរសភា (IPU) លើក​ទី​១៣៩ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​លោក សម រង្ស៊ី ត្រូវ​បាន​ប្រធាន​សហភាព​អន្តរ​សភា អញ្ជើញ​ឲ្យ​ឡើង​ថ្លែង​សន្ទរកថា​នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ចំពោះ​មុខ​គណៈប្រតិភូ​អន្តរជាតិ​រាប់​រយ​នាក់។ សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ទីក្រុង​ហ្សឺណែវ ប្រធាន​សហភាព​អន្តរជាតិ​បាន​មាន​ប្រសាសន៍​ប្រាប់​លោក សម រង្ស៊ី ថា បើ​លោក​ ឈាង វុន ធ្វើ​អាកប្បកិរិយា​មិន​សមរម្យ​ចំពោះ​លោក​ដូច​ដែល​បាន​ធ្វើ​មក​លើ​លោកស្រី មួរ សុខហួរ កន្លង​ទៅ​ថ្មីៗ​នោះ សូម​ឲ្យ​លោកសម រង្ស៊ី រាយការណ៍​ប្រាប់​គេ​ភ្លាម៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;