កម្ពុជា ឈ្នះ​មេដាយ​មាស​៣គ្រឿង និង​ប្រាក់​២គ្រឿង​ពី​ការ​ប្រកួត​ប៉េតង់​ពិភពលោក

  • 2018-10-16 03:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​កីឡាករ កីឡាការិនី​ប៉េតង់​ជម្រើស​ជាតិ​កម្ពុជា​ បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ហើយ កាល ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉េតង់​ពាន​រង្វាន់​អន្ដរ​ជាតិ Trophee L’Equipe លើក​ទី​២ នៅ​ប្រទេស​បារាំង ដោយ​ដណ្តើម​បាន​មេដាយ​៥គ្រឿង មេដាយ​មាស​៣ និង​មេដាយ​ប្រាក់ ២គ្រឿង​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់​ងារ​សារព័ត៌មាន​កម្ពុជា។

ក្រុមកីឡាការិនីកម្ពុជា ក្នុងពិធីផ្ដល់ពានរង្វាន់ នៅ​ព្រឹត្តិការណ៍ Trophee L’Equipe លើក​ទី​២ នៅ​ប្រទេស​បារាំង (រូបថត៖ AKP)

យោង​តាម​ទីភ្នាក់​ងារ​សារព័ត៌មាន​កម្ពុជា លោក អ៊ិន គឹមស្រ៊ុន អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ដែល​បាន​ដឹកនាំ​អត្តពលិក​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​នោះ​បាន​ឲ្យ​ដឹង​ថា អត្តពលិក​កម្ពុជា​បាន​ឈ្នះ​លើ​វិញ្ញាសា ធំ​ៗ​ចំនួន​២ គឺ​វិញ្ញាសា​ជា​ក្រុម​៣នាក់​ទល់​នឹង​៣នាក់​បុរស-នារី ជា​ពិសេស​គឺ​ក្រុម​កីឡា​ការិនី កម្ពុជា​បាន​ផ្ដួល​ក្រុម​ម្ចាស់​ផ្ទះ​បារាំង ដោយ​លទ្ធផល​ពិន្ទុ ១៣​ទល់​៣ ហើយ​ក្លាយ​ជា​ម្ចាស់ ​មេដាយ​មាស និង​ពាន​រង្វាន់​ធំ ខណៈ​ក្រុម​កីឡាករ​កម្ពុជា​បាន​ត្រឹម​មេដាយ​ប្រាក់ ក្រោយ​ចាញ់ ក្រុម​ម៉ាដាហ្គាស្កា ដោយ​ពិន្ទុ ៣ទល់​១៣​។

ផ្នែក​នារី ​ដែល​រួម​មាន​​ Trophee L’Equipeកែ ឡេង, អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា ទទួល​បាន​មេដាយ​មាស​ដល់​ទៅ​៣​គ្រឿង ​លើ​៣​ប្រភេទ​កីឡា​។ ដោយ​ឡែក ​សម្រាប់​ផ្នែក​បុរស​វិញ ​ដែល​រួម​មាន សុខ ចាន់​មាន​, ញ៉ែម បូរ៉ា និង យ៉ា ចាន់​ដា​រិ​ទ្ធ ​បាន​មេដាយ​ប្រាក់​២​គ្រឿង​ផង​ដែរ ​ពី​ពាន​រង្វាន់​ខាង​លើ​នេះ។ សរុប​ជា​រួម​ទៅ ​កម្មវិធី​នេះ មាន​៦​វិញ្ញាសា ​កម្ពុជា​យក​បាន​មេដាយ​មាស​ដល់​ទៅ​៣​រួច​ជា​ស្រេច​ទៅ​ហើយ។ សរុប​ជា​រួម​ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ​ក្នុង​តារាង​មេដាយ​សរុប​។

ប្រភព​បន្ត​ថា ជាមួយ​នឹង​លទ្ធផល​បែប​នេះ​បាន​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​នានា ពិសេស​គឺ​ម្ចាស់ផ្ទះ​បារាំង ដែល​ជា​ស្ថាបនិក​កីឡា​ប៉េតង់ មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​ក្រុម​កម្ពុជា ក្រោយ​ពេល​ដែល​ក្រុម​ប៉េតង់​កម្ពុជា ដណ្ដើម​បាន​មេដាយ​មាស​ស្ទើរ​គ្រប់​វិញ្ញាសា ពិសេស​គឺ​ផ្នែក​នារី​តែម្ដង។ ​ក្រុម​កីឡា​ការិនី​កម្ពុជា​បាន​ប្រមូល​យក​មេដាយ​មាស ទាំង​៣​វិញ្ញាសា លើ​វិញ្ញាសា​ឯកត្តជន វិញ្ញាសា​វាយ​គូនារី និង​វិញ្ញាសា​ជា​ក្រុម​នារី ៣នាក់​ទល់​នឹង​៣​នាក់។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ប៉េតង់ Trophee L’Equipe គឺ​ជា​ពានរង្វាន់​កម្រិត​ខ្ពស់​មួយ​ក្នុង​ពិភពលោក ដោយ​ម្ចាស់ផ្ទះ​បារាំង បាន​អញ្ជើញ​តែ​ប្រទេស​ខ្លាំងៗ​ប៉ុណ្ណោះ ដែល​ធ្លាប់​ឈ្នះ​មេដាយ​មាស​ពិភពលោក​ឲ្យ​មក​ចូល​រួម ដោយ​នៅ​ទ្វីប​អាស៊ី​ប្រទេស​បារាំង អញ្ជើញ​២​ប្រទេស គឺ​កម្ពុជា និង​ប្រទេស​ថៃ​៕

អត្ថបទ៖ លាភ.

;