ធារី នឹង​​ជួយ​ឲ្យ Terengganu ឈ្នះ​ពាន Malaysia Cup ដើម្បី​មនុស្ស​២​នាក់

  • 2018-10-25 03:21:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ការពារ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្លឹប​បាល់ទាត់ Terengganu ធារី ចន្ថាប៊ីន បាន​ប្ដេជ្ញា​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​រង្វាន់ Malaysia Cup ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ទល់​នឹង​ក្លឹប​ Perak នា​ថ្ងៃ​សៅរ៍ ទី២៧ ខែ​តុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ៩យប់​នៅ​កីឡដ្ឋាន Shah Alam ប្រទេស​ម៉ាឡេស៊ី ត្រូវ​នឹង​ម៉ោង ៨យប់​នៅ​កម្ពុជា​។

ធារី និងមិត្តរួមក្រុម Terengganu (រូបថត៖ Terengganu)
យោង​តាម​ការ​ចុះផ្សាយ​របស់​វេបសាយ News Straits Times កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៨ ខ្សែ​បម្រើ​កូន​ខ្មែរ​កាត់​បារាំង​ខាងលើ បាន​និយាយ​ថា ការ​ឈ្នះ​ពាន​រង្វាន់ Malaysia Cup គឺ​ដើម្បី​ភរិយា និង​កូន​របស់​គេ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ផ្ទៃ​។

«ខ្ញុំ​នឹង​ខិតខំ​ខ្លាំង​បន្ថែម​ទៀត​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ​នេះ ព្រោះ​ខ្ញុំ​ចង់​ធ្វើ​វា (ឈ្នះ​ពាន) ដើម្បី​ភរិយា​របស់​ខ្លុំ គឺ Kate Sutherland ដែល​បាន​លះបង់​ជា​ច្រើន ជាពិសេស​ប្ដូរ​ពី​ប្រទេស​កាណាដា មក​រួមរស់​ជាមួយ​ខ្ញុំ និង​កូន​ទី​មួយ​របស់​ពួក​យើង​ដែល​នឹង​កើត​នៅ​ខែ​មេសា ខាង​មុខ»។ នេះ​ជា​សម្ដី​របស់ ធារី។

ធារី និងភរិយា Kate Sutherland (រូបថត៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់ ធារី ចន្ថាប៊ីន)

កីឡាករ​ដែល​គេ​តែងតែ​ស្គាល់​ពី​សមត្ថភាព​ក្នុង​តួនាទី (Dirty Work) សម្រាប់​ក្លឹប Terengganu បាន​បន្ថែម​ថា ការ​ឈ្នះ​ក្លឹប Johor Darul Ta'Zim (JDT) ជា​ការ​បោះ​ជំហាន​ដ៏​វែង​មួយ​ដើម្បី​ក្លាយជា​ជើងឯក Malaysia Cup ជា​លើក​ទី២ (Terengganu ឈ្នះ​ពាន Malaysia Cup លើក​ទី១ កាល​ពី​ឆ្នាំ​២០០១)។ «ពួក​យើង​បាន​យក​ឈ្នះ JDT ដែល​ជា​ក្រុម​ខ្លាំង​បំផុត​នៅ​ក្នុង​ប្រទេស ដូច្នេះ​ខ្ញុំ​ជឿជាក់​ថា វា​នឹង​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ពួក​យើង​កាន់តែ​ខ្លាំង​ឡើង​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​»

គួរ​រំឭក​ថា Terengganu បាន​ទម្លាក់ JDT ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល ៣-២ (ជើង​ទី​មួយ ដោយ​លទ្ធផល ១-០ និង​ជើង​ទី​ពីរ ២-២​) ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;