គ្រោះថ្នាក់ធ្លាក់យន្តហោះអាក្រក់បំផុតទាំង ៧ ក្នុងប្រវត្តិសាស្រ្ដឥណ្ឌូណេស៊ី
- 2018-10-30 02:25:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រោះថ្នាក់ធ្លាក់យន្តហោះអាក្រក់បំផុតទាំង ៧ ក្នុងប្រវត្តិសាស្រ្ដឥណ្ឌូណេស៊ី
ចន្លោះមិនឃើញ
អ្នកដំណើរ និងបុគ្គលិកលើយន្តហោះ សរុប ១៨៩នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ Boeing-737 MAX នៅឥណ្ឌូណេស៊ី កាលពីចន្ទ ទី២៩ តុលាម្សិលមិញនេះ។ យន្តហោះដែលធ្លាក់ចូលសមុទ្រ ក្រោយហោះចេញពីព្រលាន បានតែត្រឹម ១៣នាទីនោះ ជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lion Air ជើងហោះហើរ JT 610 ដែលមានទិសដៅពីរដ្ឋធានីចាការតា ទៅកាន់ទីក្រុង Pangkal Pinang។
នេះជាគ្រោះថ្នាក់ធ្លាក់យន្តហោះដ៏អាក្រក់បំផុតមួយ ក្នុងប្រវត្តិសាស្រ្ដឥណ្ឌូណេស៊ី។ កន្លងមក ឥណ្ឌូណេស៊ី ធ្លាប់ជួបប្រទះគ្រោះថ្នាក់ធ្លាក់យន្តហោះជាច្រើនមកហើយ ដោយសារតែប្រទេសដែលប្រជុំទៅដោយកោះនេះ មានចរាចរណ៍លើផ្លូវអាកាសដ៏មមាញឹក។ ខាងក្រោមនេះ ជាគ្រោះថ្នាក់ធ្លាក់យន្តហោះ ដ៏អាក្រក់បំផុតរបស់ឥណ្ឌូណេស៊ី (គិតលើចំនួនអ្នកស្លាប់)៖
មនុស្ស ២៣៤នាក់ បានស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ Airbus A-300B4 របស់ក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia កាលពីឆ្នាំ ១៩៩៧ នៅសមុទ្រស៊ូម៉ាត្រា ភាគខាងជើង។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ធ្វើដំណើរពីទីក្រុង Surabaya ទៅកាន់ប្រទេសសិង្ហបុរី បានធ្លាក់ចូលសមុទ្រ Java កាលពីឆ្នាំ ២០១៤ ដោយសារបញ្ហាអាកាសធាតុុ។ មនុស្សទាំង ១៦២នាក់នៅលើយន្តហោះ បានស្លាប់។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Mandala បានធ្លាក់កាលពីឆ្នាំ ២០០៥ នៅក្រុង Medan លើកោះស៊ូម៉ាត្រា។ មនុស្ស ១៥០នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់នោះ។
កាលពីខែមិថុនា ឆ្នាំ២០១៥ យន្តហោះយោធាឥណ្ឌូណេស៊ី បានធ្លាក់ ក្រោយហោះចេញពីព្រលានបានបន្តិច។ មនុស្ស ១២២នាក់នៅលើយន្តហោះ និង២០នាក់ទៀតនៅលើដី បានស្លាប់ក្នុងគ្រោះថ្នាក់នេះ (ធ្លាក់ចំទីប្រជុំជន)។ គ្រោះថ្នាក់នេះ ក៏បានកើតឡើងនៅទីក្រុង Medan លើកោះស៊ូម៉ាត្រាដែរ។
យន្តហោះរបស់កងទ័ពអាកាសឥណ្ឌូណេស៊ី បានធ្លាក់កាលពីឆ្នាំ ១៩៩១ នៅ East Jakarta សម្លាប់មនុស្ស ១៣៥នាក់ (អ្នកដំណើរម្នាក់ នៅរស់រានមានជីវិត)។
មនុស្ស ១០៤នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុន Silk Air កាលពីឆ្នាំ ១៩៩៧ នៅក្នុងទន្លេក្នុងទីក្រុង Palembang ប្រទេសឥណ្ឌូណេស៊ី។ គេសង្ស័យថា គ្រោះថ្នាក់នេះ បណ្ដាលមកពីអ្នកបើកយន្តហោះ ធ្វើអត្តឃាត។
យន្តហោះរបស់ក្រុមហ៊ុន Adam Air បានធ្លាក់ចូលសមុទ្រនៅក្បែរកោះ Sulawesi ដោយសម្លាប់ជីវិតមនុស្សទាំង ១០២នាក់ ដែលជិះលើនោះ៕