ថៃ ត្រៀម​បន្ទប់​ស្នាក់នៅ​ជាង ៦០០​បន្ទប់ សម្រាប់​ទទួល​ភ្ញៀវ​ដែល​ទៅ​លេង​បុណ្យ​សមុទ្រ​នៅ​កោះកុង

  • 2018-11-26 01:43:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាគី​ថៃ បាន​ផ្តល់​កិច្ចសហការ​ជាមួយ​កម្ពុជា ក្នុងការ​ត្រៀម​រៀបចំ​បន្ទប់​ស្នាក់នៅ​សម្រាប់​ទទួលភ្ញៀវ​ដែល​ទៅលេង​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង នាពាក់​កណ្តាល​ខែធ្នូ​ខាងមុខនេះ។ ក្នុង​នោះ ថៃបាន​ត្រៀម​បន្ទប់​ស្នាក់នៅ​ជាង ៦០០​បន្ទប់ ដែល​មាន​តម្លៃ​ចន្លោះ​ពី ៣០០ ទៅ ៨០០​បាត (៩ ទៅ ២៤​ដុល្លារ) នៅ​ខ្លងយ៉ៃ និង​ចន្លោះ​ពី ១២០០ ទៅ ១៥០០​បាត (៣៦ ទៅ ៤៥ ដុល្លារ) នៅ​ទីរួម​ខេត្តត្រាត។ នេះបើ​តាម​ការ​ចុះផ្សាយ​របស់​ក្រសួង​ទេសចរណ៍ ដោយដកស្រង់​ខ្លឹមសារ​ពី​កិច្ចប្រជុំ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ ធ្វើឡើង​នៅ​សាលាខេត្ត​កោះកុង កាលពី​ថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

លោក ថោង ខុន និង​លោកស្រី មិថុនា ភូថង ក្នុងកិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រ កាលពីថ្ងៃទី២៥វិច្ឆិកា ២០១៨ (រូបថត៖ ក្រសួងទេសចរណ៍)
ក្នុង​កិច្ចប្រជុំ​នេះ លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ បាន​ស្នើឱ្យ​ក្រុម​ការងារ​ខាង​ភាគី​កម្ពុជា ទាក់ទង​ជាមួយ​ភាគី​ថៃ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ អាច​បើកបរ​រថយន្ត​ពី​កម្ពុជា ឆ្លងទៅ​ខេត្តត្រាត ឬពីត្រាត​ មកកោះកុង​វិញ ឱ្យមាន​ភាព​ងាយស្រួល​ជាង​ថ្ងៃ​ធម្មតា។ លោក​ក៏បាន​ស្នើសុំ​ឱ្យមាន​ការ​បើក​អនុញ្ញាត​ ឆ្លងចេញចូល ២៤​ម៉ោង ក្នុងរយៈពេល​បុណ្យ ៣​ថ្ងៃ ដូចកាល​បុណ្យសមុទ្រ​លើកមុន​ដែរ។

​តាម​ការបញ្ជាក់​របស់​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ក្រោយ​បញ្ចប់​កិច្ចប្រជុំនេះ ឱ្យដឹងថា បើ​គ្មានអ្វី​ប្រែប្រួល​ទេនោះ អាជ្ញាធរកម្ពុជា-ថៃ នឹង​ឯកភាព​រួមគ្នា​លើ​កិច្ចការសម្រប​សម្រួល​ដ​ល់ការ​​ឆ្លងដែន​ ការ​ស្នាក់នៅ ​និង​ការ​ទៅមក​លេង​កម្សាន្ត​ពិធីបុណ្យ​សមុទ្រ​រយៈពេល​៣​ថ្ងៃ ​ជូន​ដល់​ពលរដ្ឋ​ប្រទេស​ទាំងពីរ ពោលគឺ​​អនុញ្ញាត​ឱ្យប្រើ​ត្រឹមតែ​អត្តសញ្ញាណបណ្ណ​ប៉ុណ្ណោះ​ជំនួស​លិខិតឆ្លងដែន​ (ប៉ាស្ព័រ)។

សូម​ជម្រាប​ថា ពិធី​បុណ្យ​សមុទ្រ​លើក​ទី៧ ខេត្ត​កោះកុង នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់ ១៦ ខែ​ធ្នូ ឆ្នាំ​២០១៨​ ក្រោម​ប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋ​រមណីយ»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;