Suzuki Cup៖ គ្រូ​​ក្រុម​បាល់ទាត់​ម៉ាឡេស៊ី​ថា នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​

  • 2018-12-11 07:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Tan Cheng Hoe គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ាឡេស៊ី បាន​ថ្លែង​ថា ការផ្លាស់ប្ដូរ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី​របស់​លោក កំពុង​មានការ​វិវឌ្ឍ​ល្អ​ប្រសើរ និង​អាច​ជួយ​ឲ្យ​ក្រុម​របស់​លោក​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់ចិត្ត ក្នុង​ការ​ប្រកួត​ជើង​ទី១ ​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ AFF Suzuki Cup 2018 ក្នុង​ដី ទល់នឹង​ក្រុម​វៀតណាម​។

ម៉ាឡេស៊ី ធ្លាប់​គ្រង​ជើងឯក Suzuki Cup តែ​មួយ​លើក​គត់ គឺ​កាលពី​ឆ្នាំ​២០១០។​

លោក Tan Cheng Hoe គ្រូបង្វឹកក្រុមបាល់ទាត់ម៉ាឡេស៊ី ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនប៉ះវៀតណាម (រូបថត៖ AFF/Lagardere)
ថ្លែង​​ក្នុង​សន្និសីទ​សារ​ព័ត៌មាន មុន​ការ​ប្រកួត ដែល​នឹង​ធ្វើឡើង នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​ លោក Tan បាន​ឲ្យ​ដឹង​ថា៖ «ជោគជ័យ​កាលពី​ឆ្នាំ​២០១០ គឺ​ជា​អ្វី​ដែល​ខ្ញុំ​នឹង​ចងចាំ​ទុក​ជា​រៀង​រហូត។ ក៏ប៉ុន្តែ ក្នុង​ការ​ដឹកនាំ​របស់​ខ្ញុំ ពួក​យើង​ត្រូវ​តែ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី។ ខ្ញុំ​ជឿជាក់​យ៉ាង​មោះមុត​ថា កូន​ក្រុម​និង​ជំនួយការ​របស់ខ្ញុំ សុទ្ធតែ​ចង់​បាន​ជោគជ័យ​សម្រាប់​ខ្លួន​ឯង ត្បិត​អី​វៀតណាម​ជា​ក្រុម​ដ៏​ខ្លាំង​មួយ»។

លោក​បន្ត​ថា៖ «ពួក​យើង​នឹង​យក​ការ​ប្រកួត​ក្នុង​ផ្ទះ​ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​របស់​យើង ក្នុង​ជើង​ទី​មួយ ដើម្បី​យក​ជ័យជម្នះ។ គូ​ប្រកួត​របស់​យើង មាន​ចលនា​រហ័ស ដូច្នេះ​ខ្សែ​ការពារ​យើង ត្រូវតែ​ប្រុង​ប្រយ័ត្ន​»។

លោក​បន្ថែម​ថា៖ «ការ​ប្រកួត​នៅ​ក្រុង​ហាណូយ លើក​មុន គឺ​ជា​ការ​ប្រកួត​មួយ​ដ៏​លំបាក។ វា​ជា​ការ​ប្រកួត​ក្នុង​វគ្គ​ចែក​ពូល តែ​កីឡាករ​របស់​ខ្ញុំ បាន​សិក្សា​ពី​កំហុស​ក្នុង​បរាជ័យ​នោះ​ហើយ»។

លោក Tan ឲ្យ​ដឹង​ទៀត​ថា លោក​ដែល​ធ្លាប់​ជា​កីឡាករ​ខ្លួន​ឯង​ ក៏​ធ្លាប់​មាន​បទ​ពិសោធ​ដូច្នេះ​ផងដែរ កាលពី​ព្រឹត្តិការណ៍​ស៊ីហ្គេម ២០០៩ ។ ម៉ាឡេស៊ី បាន​ចាញ់ វៀតណាម ៣-១ នៅ​វគ្គ​ចែកពូល តែ​បាន​សងសឹក​វៀតណាម​វិញ នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​យក​ឈ្នះ ១-០​។

សូម​ជម្រាប​ថា ម៉ាឡេស៊ី បាន​ប្រកួត​ចាញ់​វៀតណាម នៅ​វគ្គ​ចែក​ពូល​ Suzuki Cup 2018 ដោយ​លទ្ធផល ២-០ ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;