វៀតណាម ទប់​ស្មើ​ក្នុង​ដី​ម៉ាឡេស៊ី​ ​នៅជើង​ទី​១ វគ្គ​ផ្តាច់ព្រ័ត្រ​ Suzuki Cup

  • 2018-12-12 02:32:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ ម៉ាឡេស៊ី ដោយ​លទ្ធផល ២-២ ក្នុង​ការប្រកួត​ជើងទី១ វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ AFF Suzuki Cup 2018 នៅ​កីឡដ្ឋាន Bukit Jalil ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ម្សិលមិញ​។

សកម្មភាពប្រកួតរវាង ម៉ាឡេស៊ី ទល់នឹង វៀតណាម ក្នុងជើងទី១ វគ្គផ្ដាច់ព្រ័ត្រ AFF Suzuki Cup 2018 (រូបថត៖ Suzuki Cup)
ទោះបីជា វៀតណាម ជា​ក្រុម​ដែល​បើក​ការ​នាំមុខ​ទៅលើ​ក្រុម​ម្ចាស់​ផ្ទះ​មុន ២​គ្រាប់​ក៏ដោយ ក៏​ក្នុង​ការ​ប្រកួត​នេះ ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី បាន​ព្យាយាម​គ្រប់គ្រង​បាល់​បាន​ច្រើន និង​បង្កើត​ឱកាស​បាន​ច្រើន​ជាង វៀតណាម រហូត​រក​បាន​គ្រាប់​បាល់​តាម​ស្មើ ២-២ នៅ​ចប់​ការ​ប្រកួត។

មើល​តាម​ស្ថិតិ​ពី​វេបសាយ FlashScore ក្រុម​ម្ចាស់ផ្ទះ បាន​គ្រប់គ្រង​បាល់ ៥៨% ទល់​នឹង វៀតណាម ៤២% ខណៈ​ការ​ប៉ុនប៉ង​ស៊ុត​សំដៅ​ទី មាន​ប្រហាក់​ប្រហែល​គ្នា ដោយ​ម៉ាឡេស៊ី មាន ១២លើក ស្រប​ពេល​ដែល​វៀតណាម មាន ១១​លើក​។

គ្រាប់​នាំមុខ​របស់​វៀតណាម ធ្វើ​បាន​ដោយ​ខ្សែបម្រើ Nguyen Huu Hung នៅ​នាទី២២ និង Pham Duc Huy នៅ​នាទី២៥។ ចំណែក ក្រុម​ម៉ាឡេស៊ី បាន​វាយបក​យក​គ្រាប់​តាម​ស្មើ ពី​បាល់​តែត​របស់​ខ្សែ​ការពារ Shahrul Saad នៅ​នាទី​៣៦ និង​បាល់​ហ្វ្រីឃីក ពី​ខ្សែប្រយុទ្ធ Muhammad Safawi ក្នុង​នាទី៦០។

យ៉ាងណា​ក៏ដោយ វៀត​ណាម មាន​គ្រាប់​បាល់​ក្រៅ​ដី​រហូត​ដល់​ទៅ​ ២គ្រាប់ ដែល​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការ​ប្រកួត​នៅ​ជើង​ទី​២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាង​មុខ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;