ក្លឹប​ភ្នំពេញក្រោន ព្រមាន​បញ្ឈប់ការ​អភិវឌ្ឍ​បាល់ទាត់​ថ្នាល និង​ដកខ្លួន​ចេញពី​លីគ​កម្ពុជា

  • 2018-12-17 09:38:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​ភ្នំពេញក្រោន បាន​ព្រមាន​តាម​រយៈសេចក្តីថ្លែងការណ៍​របស់ខ្លួន​នៅថ្ងៃទី១៧ ខែ​ធ្នូ​នេះ​ថា ក្លឹប​នឹង​​បញ្ឈប់​សកម្មភាព​អភិវឌ្ឍ​បាល់ទាត់​ថ្នាល​ទាំងអស់ ហើយ​នឹង​ដកខ្លួន​ចេញពីការ​ប្រកួត​លីគ​កម្ពុជា ប្រសិន​បើ​មិនមាន​ការដោះស្រាយ​ឱ្យបាន​សមស្រប​លើបញ្ហា​នៃ​ការ​ចាកចេញ​របស់​កីឡាករ​ថ្នាល​របស់​ខ្លួន ទៅកាន់​ក្លឹប​ដទៃ ដោយ​គ្មាន​សំណង​​ទេនោះ។

ការ​ព្រមាន​នេះ​ធ្វើឡើង​ក្រោយ​ពេល​ដែល​ក្លឹប​វិសាខា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០១៨​ បាន​បង្ហាញ​សមាសភាព​កីឡាករ​ចំណូលថ្មី​ចំនួន ១២​រូប​ជាផ្លូវការ ដើម្បី​ត្រៀម​យុទ្ធនាការ​ប្រកួត​ក្នុងក្របខណ្ឌលីគ​កំពូល​កម្ពុជា និង​ពាន​សម្តេច ហ៊ុន សែន នៅឆ្នាំ​២០១៩។ ក្នុងចំណោម​កីឡាករទាំង១២រូប ក្នុងនោះ មាន​៥រូប មកពីភ្នំពេញ​ក្រោន រួមមាន៖ ស៊ិន កក្កដា, អ៊ិន សូដាវីត, អ៊ុក សុវណ្ណ, គឹម ឆាយ៉ា និង​ កែន ច័ន្ទសុភ័ក្រ្ត។

សេចក្តី​ថ្លែងការណ៍​របស់​ភ្នំពេញក្រោន​ បាន​រៀបរាប់​ថា កីឡាករ​ទាំង៥រូបនេះ ធ្លាប់​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​អស់រយៈ​ពេល​ច្រើន​ជាង ៥ឆ្នាំ​មកហើយ​ក្នុងក្រុម​ថ្នាល​យុវជន ដោយ​ទទួលបាន​ទាំងការ​បង់ថ្លៃ​សាលារៀន ការ​ស្នាក់នៅ ការ​ហូបចុក ការ​ហ្វឹកហាត់ សំបុត្រ​យន្តហោះ​ធ្វើដំណើរ​ក្នុងពេល​បោះ​ជំរំ​ហ្វឹកហាត់​នានា ក៏ដូចជា​ការប្រកួត​អន្តរជាតិ​ផ្សេងៗ រួមទាំង​សេវា​សុខភាព​ផងដែរ។ ពួកគេ​ទាំង ៥នាក់​បាន​ចូល​ហ្វឹកហាត់​នៅ​សាលា​បណ្តុះបណ្តាល​បាល់ទាត់​ភ្នំពេញក្រោន​ កាលពីឆ្នាំ​២០១១ និងឆ្នាំ​២០១៣ កន្លង​មក ដោយមាន​អាណា​ព្យាបាល បានចុះ​កិច្ចសន្យា​ទាក់ទង​ទៅនឹង​ការ​ទទួល​ស្គាល់​តម្លៃ​សំណង​លើការ​បណ្តុះបណ្តាល​ផងដែរ។

ក្លឹប​ភ្នំពេញ​ក្រោន​បន្ត​ថា ក្រោយមក​ក្លឹប​ក៏បាន​ផ្តល់​កិច្ចសន្យា​ថ្មី​លើស​ទៅនឹង​តម្លៃ​ពលកម្ម​លើ​កិច្ចសន្យា​ចាស់​នៅពេល​ដែល​ក្លឹប​បាន​ផ្តល់​ជូន​កីឡាករ​ទាំង ៥នាក់​ ក្នុងការ​ឡើង​ទៅលេង​ក្នុង​ក្រុមធំ​ ដោយផ្អែក​លើ​លក្ខខណ្ឌ​ចរចា​របស់​សហព័ន្ធ​បាល់ទាត់​ពិភព​លោក FIFA។

ក្លឹប​នេះ​បាន​អះអាង​ថា ក្រោយរដូវកាល​ឆ្នាំ២០១៨ បាន​បញ្ចប់​ភ្លាម កីឡាករ​ទាំង៥នាក់ បាន​សម្រេច​ចិត្ត​ចាកចេញ​ដោយ​មិនមាន​ការ​ពិភាក្សា​ជាមួយ​ក្លឹប​ភ្នំពេញ​ក្រោន រួមទាំង​ដោយ​មិនមាន​ការ​បង់ថ្លៃ​លើ​សំណង​អភិវឌ្ឍន៍​សម្រាប់​ក្លឹបភ្នំពេញក្រោន ដែល​ធ្លាប់បាន​ចំណាយ​ធនធាន​ទៅលើ​ពួកគេ​ស្រប​ទៅតាម​លក្ខខណ្ឌ​ព្រមព្រៀង​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​គូភាគី​កន្លងមក​ឡើយ។

បើតាម​សេចក្តី​ថ្លែងការណ៍​ដដែល ក្លឹបបាល់ទាត់​ភ្នំពេញ​ក្រោន ក៏បាន​ផ្តល់​ព័ត៌មាន​ជូន​សហព័ន្ធ​កីឡាបាល់ទាត់​ជាតិកម្ពុជា ដោយមាន​ការ​បង្ហាញ​ពីក្តី​បារម្ភ និងផល​ប៉ះពាល់​ផ្សេងៗ​នៅពេល​ដែល​កីឡាករ​ចាកចេញ​ ដោយ​មិនមាន​សំណង​សម្រាប់​ក្លឹប​ដែល​ធ្លាប់ផ្តល់​ការបណ្តុះបណ្តាល​ពួកគេ​ផងដែរ។

ជាមួយ​គ្នានេះ ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន បាន​សម្តែង​ការព្រួយបារម្ភ​ថា ស្ថានភាព​ខាងលើនេះ គឺជា​សញ្ញា​នៃការ​ដើរថយក្រោយ​នៃ​ដំណើរការ​អភិវឌ្ឍន៍​បាល់ទាត់ ដោយ​ក្លឹប​លើកឡើង​ថា ​នាពេល​អនាគត​ អាចនឹង​មិនមាន​ក្លឹប​បាល់ទាត់​ណាមួយ​ហ៊ាន​ចំណាយ​ធនធាន​ដើម្បី​ជំរុញការ​អភិវឌ្ឍ​បាល់ទាត់​ថ្នាលទៀត​ឡើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;