តុលាការកំពូលរក្សាការសម្រេចឱ្យលោក សម រង្ស៊ី សងជំងឺចិត្តសម្តេច ហ៊ុន សែន ១លានដុល្លារ
- 2018-12-20 02:03:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុលាការកំពូលរក្សាការសម្រេចឱ្យលោក សម រង្ស៊ី សងជំងឺចិត្តសម្តេច ហ៊ុន សែន ១លានដុល្លារ
ចន្លោះមិនឃើញ
តុលាការកំពូល កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ បានសម្រេចតម្កល់សាលក្រម និងសាលដីការបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ទុកជាបានការដដែល ពោលគឺផាកពិន័យលោក សម រង្ស៉ី ចំនួន ១០លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តជូនសម្តេច ហ៊ុន សែន ចំនួន ៤ពាន់លានរៀល (ប្រហែល ១លានដុល្លារ) ក្នុងសំណុំរឿងបទបរិហារកេរ្តិ៍លើសម្តេច ហ៊ុន សែន។
ការប្រកាសសាលដីកានេះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់ មេធាវីលោក សម រង្ស៉ី ដែលបានប្តឹងជំទាស់ ចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ និងសាលាឧទ្ធរណ៍ ដែលបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។
សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ក្រោយពីអតីតមេបក្សប្រឆាំងដែលកំពុងរស់នៅនីរទេសឯក្រៅប្រទេសរូបនេះ បានថ្លែងតាមបណ្តាញអ៊ីនធឺណិត ទៅកាន់សកម្មជនរបស់លោក ដោយនិយាយថា សម្តេច ហ៊ុន សែន បានសូកប៉ាន់កញ្ញា ធី សុវណ្ណថា ចំនួន១លានដុល្លារ ជាថ្នូរនឹងការវាយប្រហារគណបក្សសង្គ្រោះជាតិ៕