កែ ឡេង ជា​បេក្ខជន​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​កីឡា​ការិនី​ប៉េតង់​ឆ្នើម​ពិភពលោក​​ឆ្នាំ​២០១៨

  • 2019-01-10 08:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និងកីឡា ព្រមទាំង​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ធ្វើ​សន្និសីទ​កាសែត​ស្តីពី​ការ​ជ្រើសតាំង​លោក​ស្រី កែ ឡេង ជា​បេក្ខជន​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​កីឡាការិនី​ប៉េតង់​ឆ្នើម​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៨ នៅ​រសៀល​ថ្ងៃ​ទី១០ ខែ​មករា ឆ្នាំ​២០១៩​នេះ នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​អធិបតីភាព​លោក​ ស សុខា រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា និង​លោក អ៊ិន គឹមស្រុន អគ្គលេខាធិការ​កីឡា​ប៉េតង់​។

ជា​រៀងរាល់​ ៤ឆ្នាំ សមាគម​ហ្គេម​អន្តរជាតិ​ពិភពលោក ដែល​មាន​ឈ្មោះ​កាត់ IWGA International World Game Association ត្រូវ​សម្រិតសម្រាំង​អត្តពលិក​ឆ្នើម នៃ​កីឡា​មិន​មែន​អូឡាំពិក ដែល​មាន​ជាង​ ៣០ប្រភេទ​កីឡា ក្នុងនោះ​មាន​កីឡា​ប៉េតង់​ផងដែរ។ លោក​ប្រធាន​សហព័ន្ធ​អន្តរជាតិ​ប៉េតង់ FIPJP បាន​ស្នើ​ឲ្យ​លោកស្រី កែ ឡេង ​ធ្វើ​ជា​បេក្ខនារី​ប៉េតង់​ដើម្បី​ឲ្យ​គេ​បោះឆ្នោត​ជ្រើសរើស ដោយ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​ដូច​ខាងក្រោម​៖

ក្នុង​ឆ្នាំ​២០១៣៖ លោក​ស្រី កែ ឡេង ទទួល​បាន​មេដាយ មាស ប៉េតង់​ពិភពលោក លើ​វិញ្ញាសា វាយ​យក​ពិន្ទុ នៅ​ប្រទេស​បារាំង

ក្នុង​ឆ្នាំ​២០១៥៖ លោក​ស្រី កែ ឡេង ទទួល​បាន​មេដាយ មាស ប៉េតង់​ពិភពលោក លើ​វិញ្ញាសា វាយ​យក​ពិន្ទុ នៅ​ប្រទេស​ថៃ ជា​លើក​ទី​២

ក្នុង​ឆ្នាំ​២០១៧៖ លោក​ស្រី កែ ឡេង ទទួល​បាន​មេដាយ មាស ប៉េតង់​ពិភពលោក លើ​វិញ្ញាសា វាយ​យក​ពិន្ទុ នៅ​សាធារណរដ្ឋ​ចិន ជា​លើក​ទី​៣។

នេះ​ជា​ឯកទត្តកម្ម សម្រាប់​លោកស្រី កែ ឡេង ដែល​ទទួល​បាន​មេដាយ មាស បី​លើក​ជាប់​ៗ​គ្នា។ លើស​ពី​នេះ​ទៅ​ទៀត៖

ក្នុង​ឆ្នាំ​២០១៨​៖ ប្រទេស​បារាំង​បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ពានរង្វាន់​កីឡា​ប៉េតង់​ក្នុង​ចំណោម​ប្រទេស​ដែល​ខ្លាំង​លើ​ពិភពលោក​។ ក្នុង​ការ​ប្រកួត​នេះ លោកស្រី កែ ឡេង ដណ្ដើម​បាន​ពាន​រង្វាន់​ថ្នាក់​លេខ​១ លើ​វិញ្ញាសា​២នាក់ ទល់ ២​នាក់ និង ៣​នាក់ ទល់ ៣​នាក់។ ដោយ​យក​ឈ្នះ​កីឡាការិនី នៃ​ប្រទេស​ខ្លាំង ដូចជា​ប្រទេស​បារាំង ប្រទេស​ថៃ ប្រទេស​ទុយនេស៊ី។

រួម​ផ្សំ​នឹង​ស្នាដៃ​ចុងក្រោយ​នេះ ដែល​ធ្វើឲ្យ​លោក​ប្រធាន Claude Azema សម្រេច​ស្នើ​ឲ្យ​លោកស្រី កែ ឡេង ឈរ​ឈ្មោះ​ជា​បេក្ខនារី សម្រាប់​ឲ្យ​គេ​បោះឆ្នោត​ជ្រើសរើស​ជា​កីឡាការិនី ប៉េតង់​ឆ្នើម​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨​នេះ​៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;