កម្ពុជា ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក ជា​លើក​ដំបូង

  • 2019-01-16 01:39:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជើងឯក​កីឡា​ប៉េតង់​ពិភពលោក ជា​លើក​ដំបូង ក្នុង​ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​ទទួល​បាន​សិទ្ធិ​ពី​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​សហព័ន្ធ​អន្តរជាតិ​មួយ​នេះ នឹង​មក​ជួយ​ជ្រោមជ្រែង​ដល់​ការ​បណ្តុះ​បណ្តាល​បច្ចេកទេស​ដល់​មន្ត្រី​កម្ពុជា និង​ផែនការ​រៀបចំ​ត្រៀម​ការ​ប្រកួត​ជើងឯក​ពិភពលោក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ព័ត៌មាន​ កាលពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៩។

លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា

លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ បាន​បញ្ជាក់​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ថា ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក ឆ្នាំ​២០១៩​នេះ គឺ​ជា​ការ​លើក​មុខ​លើក​មាត់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ឆាក​អន្តរជាតិ ដែល​សហព័ន្ធ​អន្តរជាតិ​ ផ្តល់​សិទ្ធិ​ជូន​កម្ពុជា ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កម្រិត​ពិភពលោក​ជា​លើកដំបូង​បែប​នេះ។ លោក​បាន​ចាត់​ទុក​ថា នេះ​គឺ​ជា​ភារកិច្ច​ដ៏​ធំធេង ដែល​គ្រប់​សមាសភាព​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​សហព័ន្ធ​ប៊ូល និង​ប៉េតង់​កម្ពុជា​ត្រូវ​ខិតខំ​រួម​គ្នា ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ នៅ​ក្នុង​កម្រិត​ពិភពលោក​នេះ ហើយ​ក៏​ជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុង​ការ​បង្ហាញ​ស្នាដៃ​របស់​កម្ពុជា​អាច​ធ្វើ​បាន​។

លោក​រដ្ឋលេខាធិការ​បាន​អះអាង​ថា សម្រាប់​ការ​រៀបចំ​កម្រិត​ពិភពលោក​នេះ គឺ​កម្ពុជា​មាន​ការ​បារម្ភ​ខ្លះ​ដែរ ប៉ុន្តែ​ប្រសិនបើ​កម្ពុជា​មិន​ខិតខំ​ជម្នះ​រាល់​ឧបសគ្គ និង​ចាប់ផ្តើម​ធ្វើ​ទេ​ វា​នឹង​មិន​ទទួល​បាន​លទ្ធផល​ល្អ​ឡើយ។ លោក​រំពឹង​ថា ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ជើងឯក​ពិភពលោក​កីឡា​ប៉េតង់​នេះ​នឹង​ទទួល​បាន​ជោគជ័យ ដែល​នឹង​មាន​បណ្តា​ប្រទេស​ជិត​ខាង​មួយ​ចំនួន​មក​សិក្សា​ពី​កម្ពុជា​លើ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​អន្តរជាតិ​បែប​នេះ​។

បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​ការ​ទំនាក់ទំនង​របស់​ខ្លួន ក៏ដូចជា​សហព័ន្ធ កីឡាប៊ូល និង​ប៉េតង់​កម្ពុជា​ជាមួយ​លោក Claude Azema ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ តាម​រយៈ​សារ​អេឡិចត្រូនិក​បាន​ឲ្យ​ដឹង​ថា លោក Claude Azema នឹង​អញ្ជើញ​មក​កម្ពុជា​រយៈពេល ៧​ថ្ងៃ​ចាប់​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ក្នុង​គោល​បំណង​បើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញា​កណ្តាល​រយៈ​ពេល ៤​ថ្ងៃ និង​រៀបចំ​កិច្ច​ប្រជុំ​ត្រៀម​ការ​ប្រកួត​ជើងឯក​ពិភពលោក នៅ​កម្ពុជា ឆ្នាំ​២០១៩​។

កីឡា​ការិនី អ៊ុក ស្រីមុំ (ឆ្វេង) និង កីឡាការិនី កែ ឡេង

សូម​រំឭក​ថា ការ​ទទួល​បាន​សិទ្ធិ​ពី​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ ក្នុង​ការ​រៀបចំ​ជើងឯក​ពិភពលោក​របស់​កម្ពុជា ក្នុង​ឆ្នាំ​២០១៩​នេះ គឺ​ក្រោយ​ពេល​ដែល​វិស័យ​កីឡា​ប៉េតង់​កម្ពុជា​ធ្លាប់​ដណ្តើម​បាន​ជយលាភី​កម្រិត​ពិភពលោក​ជាច្រើន​សម័យកាល នា​ពេល​កន្លង​មក ដូច​ជា​វីរកីឡា​ការិនី កែ ឡេង ឈ្នះ​មេដាយ​មាស ៣​សម័យកាល កាល​ពី​ឆ្នាំ​២០១៣ នៅ​ប្រទេស​បារំាង, ឆ្នាំ២០១៥ នៅ​ប្រទេស​ថៃ និង​ឆ្នាំ​២០១៧ នៅ​ប្រទេស​ចិន ហើយ​ឈ្នះ​មេដាយ​មាស​ពី​ការ​ប្រកួត​ប្រទេស​ខ្លាំង​ៗ​អន្តរជាតិ នៅ​ប្រទេស​បារំាង។ ក្រៅពី​នោះ កីឡាករ​ប៉េតង់​កម្ពុជា សុខ ចាន់មាន ក៏​ឈ្នះ​មេដាយ​មាស​ជើង​ឯក​ពិភពលោក ឆ្នាំ​២០១៦ និង​កីឡា​ការិនី អ៊ុក ស្រីមុំ ក៏​ធ្លាប់​ឈ្នះ​មេដាយ​មាស ជើងឯក​ពិភពលោក​ផង​ដែរ​៕

អត្ថបទ៖ លាភ.

;