ក្រសួងបំភ្លឺជុំវិញព័ត៌មាន «ក្រុមហ៊ុនចិន ធ្វើអាជីវកម្មលើភ្នំឈើកាច់ដោយគ្មានច្បាប់ និងកាយថ្មលើភ្នំ»
- 2019-01-18 07:02:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងបំភ្លឺជុំវិញព័ត៌មាន «ក្រុមហ៊ុនចិន ធ្វើអាជីវកម្មលើភ្នំឈើកាច់ដោយគ្មានច្បាប់ និងកាយថ្មលើភ្នំ»
ចន្លោះមិនឃើញ
ក្រោយមានការផ្សព្វផ្សាយព័ត៌មានស្តីពី «ក្រុមហ៊ុនចិនធ្វើអាជីវកម្មលើភ្នំឈើកាច់ក្នុងខេត្តព្រៃវែងដោយគ្មានច្បាប់ និងបានរក្សាទុកគ្រឿងផ្ទុះមិនមានការប្រុងប្រយ័ត្ន» និង «ក្រុមហ៊ុនចិនបន្លំដេកកន្ទេលធំកាយថ្មលើភូមិឈើកាច់» ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺដូចខាងក្រោម៖
-ទីតាំងអាជីវកម្មខាងលើគឺស្ថិតនៅតំបន់ភ្នំស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង មិនមែននៅលើភ្នំឈើកាច់ (តំបន់អភិរក្ស) ដូចការចុះផ្សាយរបស់សារព័ត៌មានកន្លងមកនោះទេ។
-ក្រុមហ៊ុន SAMNANG LONG NAM EXIM Co., Ltd ទទួលបានអាជ្ញាបណ្ណអណ្តូងរ៉ែបើកការដ្ឋានវាយថ្ម ពីក្រសួងរ៉ែ និងថាមពល មិនមែនជាក្រុមហ៊ុនដែលគ្មានច្បាប់ដូចការចុះផ្សាយឡើយ។ ក្រុមហ៊ុននេះ បានសហការជាមួយក្រុមហ៊ុនចិនឈ្មោះ HONG FONG INDUSTRIAL ដើម្បីកិនថ្មយកទៅផ្គត់ផ្គង់ការសាងសង់ផ្លូវជាតិលេខ១១ ចាប់ពីអ្នកលឿងទៅដល់ស្វាយអន្ទរ និងផ្លូវជាតិលេខ១៣ ចាប់ពីស្វាយរៀងទៅដល់ស្រុករមាសហែក។
-ចំពោះបញ្ហាហុយធូលីលើផ្ទះប្រជាពលរដ្ឋ ក្រសួងរ៉ែ និងថាមពល បានធ្វើការណែនាំឱ្យក្រុមហ៊ុនបង្កើនការប្រើប្រាស់ប្រព័ន្ធបន្សើមពេលដំណើរការកិនថ្ម និងធ្វើការស្រោចទឹកតាមផ្លូវចេញ-ចូលការដ្ឋាន ក្រសួងនឹងបន្តតាមដានការអនុវត្តរបស់ក្រុមហ៊ុនជាប្រចាំ ក្នុងករណីការហុយធូលីនេះ នៅតែបន្តកើតឡើង ក្រសួងនឹងចាត់វិធានការម៉ឺងម៉ាត់ចំពោះក្រុមហ៊ុន។
-ដោយឡែកការគ្រប់គ្រងបរិមាណរំសេវ និងការស្តុកទុកសម្ភារៈបំផ្ទុះថ្ម គឺស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ប៉ុន្តែក្រសួងរ៉ែ និងថាមពល នឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីពង្រឹងការត្រួតពិនិត្យ និងគ្រប់គ្រងរំសេវទាំងនោះនៅការដ្ឋានថ្មឱ្យកាន់តែប្រសើរថែមទៀត ដើម្បីធានាបាននូវសុវត្ថិភាពដល់កម្មករក្នុងការដ្ឋាន និងប្រជាពលរដ្ឋជុំវិញការដ្ឋាន៕