រាជ​រដ្ឋាភិបាល៖ ការ​ប្រើពាក្យ «របប​ក្រុងភ្នំពេញ និង​របប​លោក ហ៊ុន សែន» ជាការ​បំបែក​បំបាក់​ជាតិ

  • 2019-01-18 09:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល បាន​យល់​ឃើញ​ថា ការ​ប្រើប្រាស់​ពាក្យ «របប​ក្រុងភ្នំពេញ និង​របប​លោក ហ៊ុន សែន» គឺមាន​ចរិត​ជាការ​ញុះញង់ ធ្វើ​វិទ្ធវង្សនា​បំបែក​បំបាក់​សាមគ្គី និង​ឯកភាព​ជាតិ​របស់​កម្ពុជា ដែល​បាន​នឹង​កំពុងរស់នៅ​ក្នុង​សង្គម​មួយ​ដែលមាន​សុខដុមនីយកម្ម និង​កំពុង​ប្រកាន់​យក​ការអនុវត្ត​តាម​គោលការណ៍​នីតិរដ្ឋ​យ៉ាងម៉ឺងម៉ាត់។ នេះបើតាម​សេចក្តី​ថ្លែងការណ៍​របស់​ការិយាល័យ​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ​២០១៩។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ហៅការ​ប្រើប្រាស់​ពាក្យ​ខាងលើនេះ ថាបាន​បង្កប់​នូវអត្ថន័យ និង​ខ្លឹមសារ​ប្រឆាំង​នឹង​សុឆន្ទៈ​ប្រជាជន​កម្ពុជា ដែល​ចង់បាន​សន្តិភាព ស្ថិរភាព​នយោបាយ ឯកភាព និង​ការ​អភិវឌ្ឍ​សង្គម​ក្រុមគ្រួសារ និង​ជាតិ​ខ្មែរ​ទាំងមូល ក្រោម​រាជរដ្ឋាភិបាល​ជាប់ឆ្នោតតាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងនាពេលកន្លងមក
ការ​ចេញសេចក្តី​ថ្លែងការណ៍​នេះ គឺ​បន្ទាប់ពី​សម្តេច ស ខេង ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​លើកឡើង​ក្នុងវេទិកា​ស្តីពីភាព​ជាដៃគូ រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​កាលពី​ព្រឹកថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៩​ថា អ្នក​ដែល​ប្រើពាក្យ​ថា «របបក្រុង​ភ្នំពេញ និង​របប​លោក ហ៊ុន សែន» គឺ​មិន​គោរព​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ ដែល​បាន​ចេញ​ទៅ​បោះឆ្នោត​រហូត​ដល់ ៨៣%។

ជាមួយ​គ្នានេះ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​អំពាវនាវ​ដល់​រាល់​ភាគី​ពាក់ព័ន្ធ និង​បណ្តាញ​សារព័ត៌មាន​មួយ​ចំនួន​ បញ្ឈប់​ការប្រើប្រាស់​ពាក្យ​ខាងលើនេះ បើពុំ​ដូច្នេះ​ទេ ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នឹង​សើរើ​ពិនិត្យ​ចំពោះ​ស្ថាប័ន​សារព័ត៌មាន​ណា ដែលមិន​ឆ្លើយតប​ទៅនឹង​ការ​អំពាវនាវ​នេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;