វ៉ា សុខ​ថន៖ «ខ្ញុំ​ត្រឡប់​មក​វិញ ដើម្បី​បន្ត​បំពេញ​មហិច្ឆតា​របស់​ខ្ញុំ​ក្នុង​បាល់ទាត់»

  • 2019-01-30 03:41:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វ៉ា សុខថន អះអាង​ថា ក្រៅ​តែ​ពី​ការ​ស្រឡាញ់​ប្រទេស ស្រឡាញ់​ភ្នំពេញ និង ចង់​ចែករំលែក​បទ​ពិសោធ​ដល់​កីឡាករ​វ័យ​ក្មេង, ការ​បន្ត​ដំណើរ​លើ​វិថី​បាល់ទាត់ ដើម្បី​បំពេញ​ក្ដី​ស្រមៃ​របស់​ខ្លួន ជា​ផ្នែក​ធំ​មួយ​ជំរុញ​រូបគេ​ឲ្យ​ចូលរួម​ជា​មួយ​ភ្នំពេញ​ក្រោន​សា​ជា​ថ្មី​។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ CNCC ​នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩​នេះ​។

វ៉ា សុខថន (រូបថត៖ ភ្នំពេញក្រោន)
ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​ដើម​កំណើត​ខ្មែរ បាន​និយាយ​ដូច្នេះ​ថា «ដូច​ខ្ញុំ​ធ្លាប់​ប្រាប់​បណ្ដាញ​សារព័ត៌មាន​កន្លង​មក​ហើយ ខ្ញុំ​មក​ស្រុក​ខ្មែរ​វិញ​លើក​នេះ ព្រោះ​ខ្ញុំ​ស្រឡាញ់​ទឹកដី​កំណើត​ឪពុក​ម្ដាយ​ខ្ញុំ ស្រឡាញ់​ភ្នំពេញ​ក្រោន​ដែល​ខ្ញុំ​ធ្លាប់​ឈ្នះ​ពាន​ជាមួយ និង ចង់​ជួយ​ពង្រឹង​សមត្ថភាព​កីឡាករ​ក្មេង​ៗ​។ ប៉ុន្តែ​ខ្ញុំ​មាន​ហេតុផល​សំខាន់​មួយ​ទៀត​សម្រាប់​ខ្លួន​ខ្ញុំ គឺ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​មហិច្ឆតា​ ក្នុង​វិស័យ​បាល់ទាត់​របស់​ខ្ញុំ​រស់​ឡើង​វិញ មាន​ន័យ​ថា ខ្ញុំ​ចង់​សាង​កេរ្តិ៍ឈ្មោះ​ជា​ថ្មី ពិសេស​ខ្ញុំ​ចង់​បង្ហាញ​មុខ​ក្នុង​ក្រុម​ជម្រើស​ជាតិ​តំណាង​ប្រទេស​របស់​ខ្ញុំ​ម្ដង​ទៀត​»​។

បន្ថែម​លើ​នេះ ខ្សែ​បម្រើ​មាន​ប្រភព​ពី​ភាគ​ខាង​កើត​ប្រទេស​បារាំង​ និយាយ​ដោយ​សុទិដ្ឋិនិយម​ថា ខ្លួន​មាន​អារម្មណ៍​ល្អ​មែនទែន ចំពោះ​ការ​ត្រឡប់​មក​លើក​នេះ ហើយ​តាំងចិត្ត​ខ្ពស់​សម្រាប់​ការ​ប្រជែង​លីគ​កំពូល​២០១៩ ដោយ​ពុំ​បារម្ភ​ពី​ឧបសគ្គ​ណា​មួយ​ឡើយ ដ្បិត​គេ​យល់​ថា​ជោគជ័យ ឬ បរាជ័យ​សុទ្ធតែ​ជា​មេរៀន សំខាន់​រូបគេ​នឹង​ដើរ​ទៅ​មុខ​ដោយ​ពុំ​រាថយ​។

សូម​រំឭក​ថា​ វ៉ា សុខថន ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោន​ដំបូង​ កាលពី​ឆ្នាំ​២០១៤ ហើយ​ជួយ​ក្រុម​លើក​ពាន​លីគ​កំពូល មុន​ជាប់​ជម្រើស​ជាតិ​ក្រុម​ធំ​ នៅ​ដើម​ឆ្នាំ​២០១៥ តែ​ត្រូវ​បង្ខំ​ចិត្ត​ត្រឡប់​ទៅ​ស្រុក​បារាំង​វិញ​ នា​ចុង​ឆ្នាំ​នោះ ក្រោម​ហេតុផល​គ្រួសារ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;