ធារី ជួប វឌ្ឍនាកា សម្រាប់ជំនួបសងសឹករបស់ Terengganu ក្នុងរយៈពេល៥ឆ្នាំ
- 2019-02-01 07:32:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធារី ជួប វឌ្ឍនាកា សម្រាប់ជំនួបសងសឹករបស់ Terengganu ក្នុងរយៈពេល៥ឆ្នាំ
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ Terengganu របស់ ធារី ចន្ថាប៊ីន នឹងត្រូវស្វាគមន៍ក្លឹប PKNS របស់ ចាន់ វឌ្ឍនាកា ក្នុងការប្រកួតសប្ដាហ៍ទី១ លីគកំពូលម៉ាឡេស៊ី វេលាម៉ោង ៨:៣០ នាទីយប់នេះ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅកីឡដ្ឋានរបស់ Terengganu។
ជំនួបយប់នេះ ជាការសងសឹករបស់ Terengganu ដែលមិនធ្លាប់ឈ្នះលើ PKNS ឡើយ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ ជ័យជម្នះលើកចុងក្រោយរបស់ក្លឹប Terengganu ទៅលើ PKNS បានកើតឡើងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ ក្នុងលីគកំពូលម៉ាឡេស៊ី ដោយលទ្ធផល ២-១។ ចាប់ពីពេលនោះមក ក្រុមទាំងពីរជួបគ្នា ៥លើក ទាំងការប្រកួតលីគ ទាំងពានរង្វាន់ FA Cup ដោយ PKNS ឈ្នះ ៣លើក និងស្មើ ២លើក។
កាលពីរដូវកាល២០១៨ នៅលីគកំពូលម៉ាឡេស៊ី PKNS បានប្រកួតស្មើ Terengganu នៅជើងទីមួយ ដោយលទ្ធផល ២-២ និងជើងទី២ យកឈ្នះលើ Terengganu ដោយលទ្ធផល ៤-០ នៅក្នុងកីឡដ្ឋានរបស់ខ្លួន។
សូមជម្រាបថា នេះជារដូវកាលទី២ ដែលលីគកំពូលម៉ាឡេស៊ី មានវត្តមានរបស់កីឡាករកម្ពុជា ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន។
មុនផ្ទេរទៅ PKNS នៅដើមរដូវកាល២០១៩, ចាន់ វឌ្ឍនាកា ធ្លាប់លេងឲ្យក្លឹប Pahang នៅជុំទីមួយ រដូវកាល២០១៨ មុនចែកផ្លូវគ្នា ដោយ វឌ្ឍនាកា ត្រឡប់មកកម្ពុជាវិញ ចូលរួមជាមួយក្លឹបបាល់ទាត់បឹងកេត។
ចំណែក ធារី ចន្ថាប៊ីន បានប្រកបអាជីពនៅ Terengganu តាំងពីដើមដល់ចប់រដូវកាល២០១៨ ហើយត្រូវបានក្លឹបសម្រេចចិត្តបន្តកុងត្រារយៈពេល ១រដូវកាលទៀត៕