ជំនួយ​មនុស្សធម៌​របស់​អាមេរិក ទៅដល់​ហើយ តែ​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា មិន​ព្រម​ទទួល

  • 2019-02-08 06:38:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​ដឹក​អាហារ និង​ថ្នាំពេទ្យ ដែល​ជា​ជំនួយ​មនុស្សធម៌​របស់​អាមេរិក ផ្តល់​ឱ្យ​ប្រជាជន​វេណេហ្ស៊ុយអេឡា បាន​ទៅ​ដល់​ក្រុងCucuta ប្រទេស​កូឡុំប៊ី (ព្រំដែន​កូឡុំប៊ី-វេណេហ្ស៊ុយអេឡា) ហើយ ប៉ុន្តែ​យោធា​វេណេហ្ស៊ុយអេឡា មិនព្រម​បើកទ្វារ​ទទួល​យក​នោះទេ។

រថយន្ត​ដឹក​អាហារ និង​ថ្នាំពេទ្យ ដែល​ជា​ជំនួយ​មនុស្សធម៌​របស់​អាមេរិក
ព្រឹទ្ធសមាជិក​អាមេរិក លោក Marco Rubio ដែល​ទទួល​ខុសត្រូវ​លើ​រឿង​វេណេហ្ស៊ុយអេឡា របស់​រដ្ឋបាល​ដូណាល់ ត្រាំ បាន​ឱ្យដឹង​កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ​២០១៩​ថា ជំនួយ​មនុស្សធម៌​ជាង ៥០តោន​របស់​អាមេរិក ពេលនេះ​បាន​ទៅដល់​ប្រទេស​កូឡុំប៊ី (ព្រំដែន) ​ហើយ ប៉ុន្តែ​មិនទាន់​ច្បាស់​ថា តើ​យោធា​វេណេហ៊ុយអេឡា នឹង​អនុញ្ញាត​ឱ្យ​ជំនួយនេះ​ទៅ​ដល់ដៃប្រជាជន​ឬ​យ៉ាងណា​នោះទេ។
យោធាវេណេហ្ស៊ុយអេឡា បិទផ្លូវនៅព្រំដែនកូឡុំប៊ី

សូម​ជម្រាប​ថា ជំនួយ​មនុស្សធម៌​របស់​អាមេរិក​នេះ ធ្វើឡើង​តាម​ការ​ស្នើសុំ​របស់​មេដឹកនាំ​បក្សប្រឆាំង​វេណេហ្ស៊ុយអេឡា ដោយ​ព្រមាន​ថា ប្រជាជន​ជាច្រើន​កំពុង​ប្រឈមមុខ​នឹង​សេចក្តីស្លាប់ ប្រសិន​បើគ្មាន​ជំនួយបរទេស​ទេ​នោះ។ ប៉ុន្តែ​ប្រធានាធិបតី​លោក នីកូឡាស ម៉ាឌូរ៉ូ បាន​អះអាង​ថា ប្រទេស​លោក​ពុំមែន​ជាអ្នក​សុំទាន​នោះទេ ហើយបាន​ច្រានចោល​មិន​ទទួលយក​ជំនួយ​ណាមួយ​របស់​អាមេរិក​ឡើយ។

លោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា

បើតាម​ការប៉ាន់ស្មាន​របស់​អង្គការ​សហប្រជាជាតិ ប្រជាជន​វេណេហ្ស៊ុយអេឡា ប្រមាណ ៣លាននាក់ បាន​រត់គេច​ចេញពី​ប្រទេស ចាប់តាំងពីឆ្នាំ​២០១៥មក ដោយសារតែ​កង្វះ​ខាត​អាហារ និង​ថ្នាំពេទ្យ ប្រព័ន្ធ​ដឹកជញ្ជូន សុខាភិបាល និង​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​នៃ​សេដ្ឋកិច្ច​ប្រទេស​នេះ៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;