ប្រទេសកុម្មុយនីស្តមួយថា អាមេរិកលួចបញ្ជូនទ័ពស្ងាត់ៗ ត្រៀមអន្តរាគមន៍នៅវេណេហ្ស៊ុយអេឡា
- 2019-02-15 03:01:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសកុម្មុយនីស្តមួយថា អាមេរិកលួចបញ្ជូនទ័ពស្ងាត់ៗ ត្រៀមអន្តរាគមន៍នៅវេណេហ្ស៊ុយអេឡា
ចន្លោះមិនឃើញ
ប្រទេសគុយបា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ បានចោទប្រកាន់ថា អាមេរិកបាននឹងកំពុងបញ្ជូនកម្លាំងពិសេសយ៉ាងសម្ងាត់ទៅកៀកនឹងប្រទេសវេណេហ្ស៊ុយអេឡា ដើម្បីត្រៀមធ្វើអន្តរាគមន៍ក្នុងប្រទេសនេះ ក្រោមលេសមនុស្សធម៌។
គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននឹងកំពុងព្យាយាមដាក់សម្ពាធទៅលើប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ ឱ្យចុះចេញពីតំណែង រួចប្រគល់អំណាចឱ្យមេបក្សប្រឆាំង។
ព្រឹត្តិការណ៍នេះហើយ ដែលគុយបាចោទថា អាមេរិក បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើវេណេហ្ស៊ុយអេឡា ហើយបើគិតពីការខូចខាត គឺធំជាង ១ពាន់ដងនៃជំនួយមនុស្សធម៌ ដែលអាមេរិកព្យាយាមបញ្ជូនទៅប្រទេសនេះ។
សេចក្តីប្រកាសដដែលខាងលើនេះបន្ថែមថា នៅចន្លោះពីថ្ងៃទី៦ ដល់ ១០ ខែកុម្ភៈ ឆ្នាំ២០១៩ យន្តហោះដឹកជញ្ជូនយោធា បានទៅកាន់ព្រលានយន្តហោះ Rafael Miranda នៃប្រទេស Puerto Rico, មូលដ្ឋានទ័ពអាកាស San Isidro នៅសាធារណរដ្ឋ Dominican និងទៅកាន់ទីតាំងយុទ្ធសាស្រ្តផ្សេងៗទៀត នៃតំបន់ការ៉ាប៊ីន។
រដ្ឋាភិបាលកុម្មុយនីស្តគុយបា អះអាងថា ការធ្វើដំណើររបស់យន្តហោះយោធានេះ ទំនងជារដ្ឋាភិបាលនៃប្រទេសទាំងនេះ មិនបានដឹងឡើយ។ ការហោះហើរនេះ គឺជាការរៀបចំឡើងយោធាអាមេរិក គឺមកពីអង្គភាពប្រតិបត្តិការពិសេស និងកងម៉ារីន ដែលត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពសម្ងាត់។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែកុម្ភៈ រថយន្តដឹកអាហារ និងថ្នាំពេទ្យ ដែលជាជំនួយមនុស្សធម៌របស់អាមេរិក ផ្តល់ឱ្យប្រជាជនវេណេហ្ស៊ុយអេឡា បានទៅដល់ក្រុងCucuta ប្រទេសកូឡុំប៊ី (ព្រំដែនកូឡុំប៊ី-វេណេហ្ស៊ុយអេឡា) ប៉ុន្តែយោធាវេណេហ្ស៊ុយអេឡា មិនព្រមបើកទ្វារទទួលយកនោះទេ៕