យាន SpaceX បានជោគជ័យក្នុងការតភ្ជាប់ជាមួយស្ថានីយអវកាសអន្តរជាតិ
- 2019-03-04 03:38:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យាន SpaceX បានជោគជ័យក្នុងការតភ្ជាប់ជាមួយស្ថានីយអវកាសអន្តរជាតិ
ចន្លោះមិនឃើញ
ក្រុមហ៊ុន SpaceX បានទទួលជោគជ័យ ក្នុងការបញ្ជូនយាន Dragon ថ្មីរបស់ខ្លួន ទៅកាន់ស្ថានីយអវកាសអន្តរជាតិ កាលពីថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០១៩។ នេះជាជំហានវិជ្ជមានមួយ សម្រាប់បេសកកម្មបញ្ជូនអវកាសយានិកអាមេរិកនៅចុងឆ្នាំនេះ។
យាន Dragon ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី២ ខែមីនា។ យានដែលគ្មានមនុស្សបើករបស់ SpaceX នេះ បានតភ្ជាប់ជាមួយស្ថានីយអវកាសអន្តរជាតិ ដែលស្ថិតនៅកម្ពស់ជិត ៤០០គីឡូម៉ែត្រពីផ្ទៃផែនដី។ ក្នុងយាន មានមនុស្សម៉ារ៉ាកាំង ដែលមានឈ្មោះថា Ripley ដែលត្រូវបានចងភ្ជាប់ជាមួយកៅអី។ បន្ទាប់មក នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ វានឹងផ្តាច់ខ្លួនពីស្ថានីយអវកាសអន្តរជាតិ រួចទម្លាក់ខ្លួនចូលក្នុងមហាសមុទ្រអាត្លង់ទិច។
លោក Jim Bridenstine ប្រធានទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិក បានអះអាងថា នេះជាជោគជ័យជាប្រវត្តិសាស្ត្រមួយទៀត សម្រាប់ពលរដ្ឋអាមេរិក ក្នុងការបញ្ជូនអវកាសយានិករបស់ខ្លួនទៅកាន់ទីអវកាស ដោយមិនពឹងផ្អែកលើគ្រាប់រ៉ុកកែតរបស់ប្រទេសដទៃ។
គួរបញ្ជាក់ថា NASA បានពឹងពាក់ទីភ្នាក់ងារអវកាសរុស្ស៊ី ដើម្បីបញ្ជូនអវកាសយានិករបស់ខ្លួនទៅកាន់ស្ថានីយអវកាសអន្តរជាតិ ចាប់តាំងពីកម្មវិធី Space Shuttle បានបញ្ចប់កាលពីឆ្នាំ២០១១ ក្រោយដំណើរការ ៣០ឆ្នាំ៕