Leonardo បង្ហើប​ពី​គម្រោង​របស់ ភ្នំពេញ​ក្រោន

  • 2019-03-04 08:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Leonardo Vitorino គ្រូ​បង្គោល​ភ្នំពេញ​ក្រោន បង្ហើប​ថា ក្រុម​របស់​លោក​ត្រូវ​ការ​ពង្រឹង​បន្ថែម​លើ​ការ​លេង​ពី​តំបន់​បម្រើ​ ទៅ​កាន់​ប្រយុទ្ធ​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ខណៈ​កត្តា​កាយសម្បទា​ ក៏​ជា​អ្វី​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដូចគ្នា​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ CNCC នៅ​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៩។

គ្រូបង្គោល​ជនជាតិ​ប្រេស៊ីល​រៀប​រាប់​ដូច្នេះ​ថា​៖ «ខ្ញុំ​គិត​ថា អ្វី​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​កត្តា​កាយសម្បទា ព្រោះ​យើង​កំពុង​តែ​ពង្រឹង​វា​ជា​រៀងរាល់​ថ្ងៃ។ ខ្ញុំ​ចង់​ឲ្យ​កូន​ក្រុម​ខ្ញុំ​មាន​លក្ខណៈ​ប្រសើរ​ជាង​នេះ។ ជា​មួយ​គ្នា​នេះ​ដែរ ការ​លេង​ពី​តំបន់​បម្រើ​ទៅ​កាន់​ប្រយុទ្ធ ក៏​ត្រូវ​តែ​ប្រសើរ​ជាង​នេះ​ទៀត ខណៈ​ចំណុច​មួយ​ចំនួន​ក៏​ប្រសើរ​ខ្លះ​ដែរ​ហើយ។ ខ្ញុំ​គិត​ថា យើង​នឹង​លេង​កាន់តែ​ល្អ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​»។

អតីត​គ្រូ​បង្គោល​ជម្រើស​ជាតិ​កម្ពុជា ក៏​បង្ហាញ​អារម្មណ៍​រីករាយ​ពេល​កូន​ក្រុម​អាច​ធ្វើ​បាន​ល្អ ក្នុង​ការ​ប្រកួត​មិត្តភាព​មួយ​ចំនួន​ នា​ពេល​កន្លង​មក​ ដែល​មិនមាន​វត្តមាន​កីឡាករ​ជាប់​ជម្រើស​ជាតិ​អាយុ​ក្រោម ២២​ឆ្នាំ​ឡើយ​។

ចាប់​តាំង​ពី​ចូល​កាន់​តំណែង​ជា​គ្រូ​បង្គោល​ភ្នំពេញ​ក្រោន លោក Leonardo Vitorino បាន​នាំចូល​កីឡាករ​ជាច្រើន​ មាន​ទាំង​បរទេស និង​កូនខ្មែរ​នៅ​បារាំង​ថែមទៀត​ដើម្បី​ពង្រឹង​ក្រុម​ត្រៀម​រដូវ​កាល​ថ្មី​២០១៩ ដែល​ចូល​មក​ដល់​នៅ​ពាក់​កណ្ដាល​ខែ​មីនា​នេះ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;