«វង្សត្រកូលកំសត់» ល្ខោននិយាយល្បីខ្លាំងក្នុងទសវត្សរ៍ ៦០ នឹងបង្ហាញខ្លួនជាថ្មីក្នុងពេលឆាប់ៗ
- 2019-03-11 08:34:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«វង្សត្រកូលកំសត់» ល្ខោននិយាយល្បីខ្លាំងក្នុងទសវត្សរ៍ ៦០ នឹងបង្ហាញខ្លួនជាថ្មីក្នុងពេលឆាប់ៗ
ចន្លោះមិនឃើញ
ដើម្បីឱ្យប្រជាជនខ្មែរទស្សនា ក៏ដូចជា ឧទ្ទិសដល់លោកសាស្ត្រាចារ្យវីរៈសិល្បករ ដែលបានបន្សល់ទុកស្នាដៃទាំងនេះ សម្រាប់សិល្បករជំនាន់ក្រោយល្ខោននិយាយដ៏ល្បីល្បាញគឺ រឿង «វង្សត្រកូលកំសត់» នឹងត្រូវរៀបចំសម្ដែងនៅសាលសន្និសីទចតុមុខ នាថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។
ជាក់ស្តែងល្ខោននិយាយ «រឿងវង្សត្រកូលកំសត់» នេះជាស្នាដៃនិពន្ធដោយកវីល្បីឈ្មោះ លោក ហង្ស ធន់ហាក់។ រឿងនេះមានភាពល្បីល្បាញខ្លាំង រហូតដល់ពេញផ្ទៃប្រទេស នៅក្នុងជំនាន់ទសវត្សរ៍ឆ្នាំ៦០។ ប៉ុន្តែក្នុងជំនាន់ក្រោយៗមក កូនខ្មែរមួយចំនួនធំ ពុំបានដឹង ឬធ្លាប់ទស្សនា ទើបល្ខោននិយាយ «រឿងវង្សត្រកូលកំសត់» ដ៏ល្អឯកមួយនេះ ត្រូវបានអង្គការសកម្មភាពសិល្បៈ សហការជាមួយសាលាមធ្យមសិក្សាវិចិត្រសិល្បៈ រៀបចំសម្ដែងសាជាថ្មី។ នេះបើតាមការរៀបរាប់ឱ្យដឹងពី លោក សួង សុភ័ក្រ្ត ផលិតកររៀបចំកម្មវិធី សម្តែងល្ខោននិយាយមួយនេះ។
លោក កែវ រដ្ឋា សិល្បករជើងចាស់ ក៏ដូចជាតួឯក ពូហំ ក្នុងរឿង «ថៅកែចិត្តចោរ» ដែលនឹងសម្តែងជាតួឯកម្នាក់ទៀតក្នុង រឿង «វង្សត្រកូលកំសត់» នេះ បានផ្តល់សម្ភាសឱ្យដឹងដែរថា រឿង «វង្សត្រកូលកំសត់» មានខ្លឹមសារអប់រំ ពោលគឺចង់បានបង្ហាញនូវការខ្វែងគំនិតដែលធ្វើឲ្យជីវិតវង្សត្រកូលមួយ មិនមានសុភមង្គល។ ប៉ុន្តែ គុណធម៌ និងការផ្សះផ្សាយល់ចិត្តគ្នា បានធ្វើឱ្យវង្សត្រកូលមួយនេះបញ្ចប់ការខ្វែងគំនិត ហើយកសាងអនាគតមួយដ៏ត្រចះត្រចង់។
លោក កែវ រដ្ឋា ក៏ដូចជាអ្នកគ្រូលោកគ្រូ និងក្រុមអ្នកផលិតល្ខោននិយាយមួយនេះ សង្ឃឹមថា ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន នឹងចូលរួមទស្សនា ដើម្បីបង្ហាញការគាំទ្រដល់ស្នាដៃវីរៈសិល្បករជំនាន់ដើម៕
ខាងក្រោមនេះជាវីដេអូ បទយកការណ៍ ស្តីពីល្ខោននិយាយរឿង «វង្សត្រកូលកំសត់»៖