ពិព័រណ៍​​អត់​ឈ្មោះ​របស់ ​ឯម រៀម ​បង្កប់​គំនិត​ឲ្យ​មនុស្ស​ស្រលាញ់​បរិស្ថាន​ វប្បធម៌ សុភមង្គល​គ្រួសារ

  • 2019-03-11 08:43:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បណ្ដុំ​ស្នាដៃ​សិល្បៈ​បង្កើត​ថ្មី​ចំនួន​១៧​របស់​បណ្ឌិត​ច្នៃ​ម៉ូដ​មក​ពី​ស្រុក​បារាំង​​លោក​ ឯម​ រៀម​ ត្រូវ​បាន​ដាក់​តាំង​លើក​ដំបូង​ឲ្យ​ចូល​ទស្សនា​ដោយ​សេរី​​រយៈ​ពេល​ជិត​មួយ​ខែ​នៅ​វិចិត្រ​សាល​វិទ្យាស្ថាន​ភាសា​បារាំង​ក្នុង​រាជធានី​ភ្នំពេញ​។

ស្នាដៃ​ចម្លាក់​ដែល​ប្រើ​រយៈ​ពេល​ជិត​២​ឆ្នាំ​ក្នុង​ការ​គិត​ និង​ផលិត​។ ស្នាដៃ​សិល្បៈ​ចម្លាក់​ទាំង​អស់​វិចិត្រករ​ល្បី​ក្នុង​ឆាក​អន្តរជាតិ​រូប​នេះ​គឺ​ផលិត​ចេញ​ពី ឈើ​ ដែក ចាស់​ៗ​ដែល​​ប្រើ​ប្រាស់​រួច និង​សម្ភារៈ​ផ្សេង​ៗ​ដែល​សន្សំ​ទុក​និង​របស់​របរ​ដែល​គេ​បោះ​ចោល។​

វិចិត្រករ​ជើង​ចាស់​លោក​ឯម​ រៀម​ បាន​លើក​ឡើង​ថា​ ពិព័រណ៍​លើក​នេះ​គឺ​ជា​ពិព័រណ៍​ចម្លាក់​ អត់​ឈ្មោះ​ តែ​វា​បង្កប់​គំនិត​ឲ្យ​មនុស្ស​ចេះ​ស្រលាញ់​បរិស្ថាន ធនធាន​ធម្មជាតិ វប្បធម៌ ចេះ​បង្កើត​ថ្មី​ ទាន់​សម័យ​តែ​មាន​ផល​ប៉ះ​ពាល់​តិច​ និង​​បង្កើត​សុភមង្គល​ក្នុង​គ្រួសារ​។​

លោក​ ឯម​ រៀម​ បញ្ជាក់​ថា​ មូល​ហេតុ​ដែល​លោក​មិន​ដាក់​ឈ្មោះ​ពិព័រណ៍​នេះ​ គឺ​ចង់​ឲ្យ​អ្នក​មើល​រៀន​គិត ​រៀន​ពិចារណា​ និង​​ដាក់​ឈ្មោះ​ខ្លួន​ឯង​ ហើយ​អ្នក​ដែល​មក​មើល​ទាំង​នោះ​គាត់​អាច​យល់​ និង​ដឹង​ពី​អត្ថន័យ​នៃ​ស្នាដៃ​សិល្បៈ​ដែល​បាន​ដាក់​បង្ហាញ​ទាំង​អស់​នេះ​ច្រើន​​ជាង​សិល្បករ​ដែល​ជា​អ្នក​ផលិត​ទៅ​ទៀត។​

​ពិព័រណ៍​​អត់​ឈ្មោះ​របស់​ឯម រៀម ដែល​បង្កប់​គំនិត​យ៉ាង​ជ្រាល​ជ្រៅ​ឲ្យ​មនុស្ស​ស្រលាញ់​បរិស្ថាន​ វប្បធម៌ សុភមង្គល​គ្រួសារ​នេះ​ត្រូវ​ដាក់​តាំង​នៅ​វិទ្យា​ស្ថាន​ភាសា​បារាំង​ចាប់​ពី​ថ្ងៃ​ ៧ ខែ​មីនា រហូតដល់​ថ្ងៃ​៣១​មីនា​ឆ្នាំ២០១៩​។ ហើយ​នៅ​ឆ្នាំ​បន្ទាប់​ស្នាដៃ​សិល្បៈ​​ទាំង​នេះ​​គ្រោង​នឹង​យក​ទៅ​ដាក់​តាំង​បង្ហាញ​នៅ​លើ​ទឹក​ដី​អង្គរ​ ខេត្ត​សៀមរាប​ផង​ដែរ​៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;