ប៉ុន្មានឆ្នាំមកនេះ យូរី ផ្ទុះបទសម្រាប់រដូវចូលឆ្នាំរហូត ឥឡូវចាំមើលឆ្នាំនេះ
- 2019-03-18 08:45:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មានឆ្នាំមកនេះ យូរី ផ្ទុះបទសម្រាប់រដូវចូលឆ្នាំរហូត ឥឡូវចាំមើលឆ្នាំនេះ
ចន្លោះមិនឃើញ
ទន្ទឹមនឹងមិត្តរួមអាជីពនៅផលិតកម្មផ្សេង ប៉ុន្មានឆ្នាំចុងក្រោយ មានការកត់សម្គាល់ថា តារាចម្រៀង យូរី របស់សាន់ដេ ទទួលបានប្រជាប្រិយខ្លាំងនារដូវចូលឆ្នាំ ស្របពេលដែលបទចម្រៀងនាងភាគច្រើនចេញដើម្បីអបអរបុណ្យប្រពៃណីជាតិដ៏ធំនេះ ផ្ទុះស្ទើរគ្រប់បទតែម្ដង។
បទថ្មីរបស់ យូរី ដែលចេញសម្រាប់រដូវចូលឆ្នាំកន្លងមកនោះ មានដូចជាបទ "ចាក់ទឹកដូង" ល្បីឆ្នាំ ២០១៦ "នំប៉័ងប៉ាតេ" និងបទ "រាំស្កុប" ជាដើមដែលល្បីក្នុងឆ្នាំ ២០១៧។ បទទាំងនោះ សុទ្ធជាបទញាក់ និងរមែងលឺបងប្អូនប្រជាពលរដ្ឋចាក់នៅស្ទើរគ្រប់កន្លែងក្នុងឱកាសនេះ ក៏ដូចជាកន្លែងដែលមានការជួបជុំសប្បាយ។
ក្រៅពីនេះ ក៏មានអ្នកយកច្រៀងតាម(Cover)ហូរហែទៀតផង ដែលធ្វើឲ្យនាងក្លាយជាតារាពេញនិយមមួយនារដូវសប្បាយៗនេះ។ ប៉ុន្តែជាមួយគ្នា បទចម្រៀងមនោសញ្ចេតនារបស់នាង ក៏ស្ងប់ស្ងាត់ដែរ។ បញ្ហានេះ សាមីខ្លួនបានទទួលស្គាល់ថា នាងពិតជាទទួលការគាំទ្រខ្លាំងតាមរយៈបទញាក់ ជាជាងបទមនោសញ្ចេតនាពិតមែន។
យូរី ថ្លែង ៖ "ចាស...ភាគច្រើនបងប្អូន គាត់ចូលចិត្តតាមដានយូរី តាមរយៈបទញាក់ តែបើបទស្លូៗ គឺធម្មតាៗទេ តែបើបទញាក់វិញ គឺពួកគាត់តាមដានយូរច្រើនជាង"។ ដោយសារតែបែបនេះ តារាចម្រៀងស្រី បញ្ជាក់ថា ឲ្យតែរដូវបុណ្យចូលឆ្នាំ ឬភ្ជុំ បទនាងភាគច្រើន ទទួលបានការពេញនិយមខ្លាំង ព្រោះសុទ្ធជាបទញាក់ ត្រូវនឹងអ្នកគាំទ្រនាង ចូលចិត្តបទសប្បាយៗ។
វិលមកឆ្នាំ ២០១៩ នេះ យូរី បានបង្ហើបថា នាងក៏ទើបនឹងបទថ្មីសម្រាប់អបអរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលខាងមុខដែរ។ បទនោះ មានចំណងជើងថា បទ "រាំទយ" កំពុងទទួលការកំពុងពេញនិយមក្នុងស្រទាប់យុវវ័យ។ យូរី បញ្ជាក់ថា បើគិតត្រឹមរយៈ១សប្ដាហ៍ដំបូងបន្ទាប់ពីចេញ ធៀបនឹងបទប៉ុន្មានខាងលើ "រាំទយ" ហាក់មានសន្ទុះខ្លាំងជាងទៅទៀត។
“បើនិយាយរយៈពេលដូចគ្នាណាបង រាំទយ ចេញតែមួយអាទិត្យមានអ្នកចូលមើល ដល់ទៅ៣លានដងបាត់ហើយ បទចាស់ៗបានត្រឹម ២លានទេ!”។ ដូច្នេះហើយ យូរី រំពឹងថា នឹងបំបែកកំណត់ចាស់បទទាំងប៉ុន្មានខាងលើ ពេលផុតពិធីបុណ្យចូលឆ្នាំខ្មែរ។ ក្រៅពីមានអ្នកមើលច្រើន ចំនួនអ្នកច្រៀងតាម(Cover) ក៏មានចំនួនច្រើនដែរ។ នេះបើតាមការអះអាងរបស់តារាចម្រៀងស្រី៕