ក្រសួង​រ៉ែ៖ បញ្ហាខ្វះ​ថាមពល​អគ្គិសនី នឹង​មិន​ឱ្យ​កើត​មាន​ជាថ្មី​ម្តង​ទៀត​ទេ ចាប់​ពីឆ្នាំ​២០២០ទៅ

  • 2019-03-25 03:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ទី នរិន្ទ រដ្ឋលេខាធិការ​ក្រសួងរ៉ែ និង​ថាមពល បាន​បញ្ជាក់​ថា បញ្ហា​ខ្វះ​ថាមពល​អគ្គិសនី​ប្រើប្រាស់ នឹង​មិន​ឱ្យកើត​មាន​ជាថ្មីម្តង​ទៀត​ទេ ចាប់ពី​ឆ្នាំ​២០២០​តទៅ ដោយ​ក្នុង​នោះ​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ ក៏ដូច​ជាអ្នក​ប្រើប្រាស់​ផ្សេងទៀត​ យោគយល់​អធ្យាស្រ័យ​ចំពោះ​បញ្ហា​ខ្វះ​អគ្គិសនី​នៅក្នុង​ពេល​នេះ។ ការ​ថ្លែងនេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដើម្បី​ពន្យល់​បកស្រាយ​ជុំវិញ​បញ្ហា​ខ្វះ​អគ្គិសនី កាលពី​រសៀល​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី។

រូបថត៖ AKP
ការ​ចេញមុខ​ប្រកាស​ខាងលើនេះ គឺធ្វើឡើង​ស្របពេល​ដែល​បញ្ហា​កង្វះ​អគ្គិសនី​ បាន​នឹង​កំពុង​កើតឡើង​នៅក្នុង​ក្របខណ្ឌ​ស្ទើរ​ទូទាំង​ប្រទេស ដែល​បង្ក​ឱ្យមាន​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវភាព រស់នៅ​របស់​ប្រជា​ពលរដ្ឋ ក៏​ដូចជា​ខាង​វិស័យ​ឯកជន​ជាដើម។

លោក​ឱ្យដឹងថា ចាប់ពីឆ្នាំ​២០២០​ទៅ នឹងលែងខ្វះ​ខាត​អគ្គិសនី​ហើយ ដោយសារតែ​គម្រោង​នៃ​ការ​អភិវឌ្ឍ​បណ្តាញ​អគ្គិសនី​ដែល​កំពុង​មាន​ស្រាប់ ហើយ​កំពុង​សាងសង់​នោះ នឹង​ចាប់ដំណើរការ​នៅពេល​ខាង​មុខ​នេះ​ហើយ។

ដោយឡែក​ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្វះ​អគ្គិសនី​ប្រើប្រាស់​វិញ​នោះ ត្រូវបាន​លោក​រដ្ឋលេខាធិការ លើកឡើង​ថា ដោយសារ​កត្តា​ធម្មជាតិ និង​កត្តា​នៃការ​ប្រើប្រាស់​អគ្គិសនី មាន​ការ​កើនឡើង ខុសពី​ការគិតទុក​របស់​អគ្គិសនី​កម្ពុជា ដែល​ធ្វើឱ្យ​អគ្គិសនី​កម្ពុជា បង្ខំ​ចិត្ត​ក្នុងការ​ផ្តាច់​អគ្គិសនី ប្រើប្រាស់​នៅតាម​តំបន់​មួយ​ចំនួន។

លោក​បាន​បន្ថែម​ថា បច្ចុប្បន្ន​កម្ពុជា ត្រូវការ​ប្រើប្រាស់ អគ្គិសនី​ចំនួន ៣១​លាន​គីឡូវាត់​ម៉ោង​ក្នុងមួយ​ថ្ងៃ ខណៈ​ដែលឆ្នាំ​២០១៨ កម្ពុជា​ត្រូវការ​តែ ២៥,៥លាន​វាត់​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។ ដូច្នេះ​បច្ចុប្បន្ន​កម្ពុជា អាច​ធ្វើការ​ផ្គត់ផ្គង់ បាន​តែ​ចំនួន​ជាង ២៧លាន​វាត់ម៉ោង​ប៉ុណ្ណោះ ដែល​ទាមទារ​ឱ្យមាន​ការទិញ​ពី​បរទេស៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;