កីឡដ្ឋានរបស់​ភ្នំពេញក្រោន ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា​ផ្លូវការ​ហើយ

  • 2019-03-26 03:46:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡដ្ឋាន RSN របស់​ក្លឹប​បាល់ទាត់​ភ្នំពេញក្រោន ត្រូវ​បាន​ផ្លាស់ប្ដូរ​ឈ្មោះ​ទៅ​ជា​កីឡដ្ឋាន Smart RSN Stadium ជា​ផ្លូវការ ក្រោយ​ពី​ក្លឹប​បាល់ទាត់​ជោគជ័យ​បំផុត​របស់​កម្ពុជា​មួយនេះ ទទួល​បាន​ការ​ឧបត្ថម្ភ ២ឆ្នាំ​បន្ថែម​ទៀត ពី​ក្រុមហ៊ុន​ទូរសព្ទ​ Smart។

ការ​ផ្លាស់ប្ដូរ​ឈ្មោះកីឡដ្ឋាន​ថ្មី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កម្មវិធី The Singha's Step ដែល​រៀបចំ​ឡើង​នៅ​លើ​វាលស្មៅ​ធម្មជាតិ​របស់​កីឡដ្ឋាន Smart RSN កាលពី​ថ្ងៃទី២៥ ខែមីនា​ម្សិលមិញនេះ ដោយ​មាន​ការ​ចូលរួម​ពី​លោកឧកញ៉ា ឫទ្ធី សំណាង ប្រធាន​ក្លឹប​បាល់ទាត់​ភ្នំពេញក្រោន និង​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart។

លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart (ឆ្វេង) និង​លោកឧកញ៉ា ឫទ្ធី សំណាង ប្រធាន​ក្លឹប​បាល់ទាត់​ភ្នំពេញក្រោន
នៅ​ក្នុង​កម្មវិធី​នេះ​ ក៏​មាន​ការ​បង្ហាញ​ឯកសណ្ឋាន​ថ្មី​របស់​ភ្នំពេញក្រោន​ផងដែរ ពោល​គឺ​ទាំង​ឯក​សណ្ឋាន​ក្នុង​ដី និង​ក្រៅដី សម្រាប់​ប្រើ​ប្រាស់​ក្នុង​រដូវកាលឆ្នាំ ២០១៩ នេះ។ កម្មវិធី​ដ៏ធំបំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្រ្ដ​ក្លឹបបាល់ទាត់​នៅ​កម្ពុជានេះដែរ ​មាន​ការ​ចូលរួម​​ពី​ថ្នាក់ដឹកនាំ​ក្លឹប ក្រុមហ៊ុន​ឧបត្ថម្ភ ភ្ញៀវ​កិត្តិយស និង​អ្នកគាំទ្រភ្នំពេញក្រោន​ជាច្រើន​រយនាក់។ កម្មវិធី​នេះ ក៏​មាន​ការ​ចូលរួម​សម្ដែង​ពី​ MC Bull ម្ចាស់​បទ​ចម្រៀង​របស់​ក្លឹប​ភ្នំពេញក្រោន និង​ក្រុម​ចម្រៀង​ក្មេងខ្មែរ ផងដែរ។
កីឡដ្ឋាន Smart RSN

សូម​បញ្ជាក់ថា កីឡដ្ឋាន Smart RSN ជា​កីឡដ្ឋាន​ស្ដង់ដា​របស់​ភ្នំពេញក្រោន ដែល​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ កាលពីឆ្នាំ២០១៥ កន្លងទៅ។ កីឡដ្ឋាន​នេះ អាច​ផ្ទុក​អ្នក​ទស្សនា​ បាន ៥ពាន់​នាក់។ RSN ជា​ឈ្មោះ​កាត់​ជា​ភាសា​អង់គ្លេស របស់​លោក​ប្រធាន​ក្លឹប​ ឫទ្ធី សំណាង (Rithy Samnang)៕

ចុចអានអត្ថបទទាក់ទង៖ ភ្នំពេញក្រោន បញ្ចេញ​ឯកសណ្ឋាន​ក្នុងដី និងក្រៅដី សម្រាប់​រដូវកាលថ្មី

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;