Bayern ចាយលុយ​ច្រើនបំផុត​ក្នុងប្រវត្តិសាស្រ្ដ​ក្លឹប ទិញ​យក​ខ្សែការពារ​បារាំង

  • 2019-03-28 07:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Bayern Munich បាន​ទិញយក​ខ្សែ​ការពារបារាំង Lucas Hernandez ពីក្លឹប​អេស្ប៉ាញ Atletico Madrid ក្នុង​តម្លៃ ៩០លាន​ដុល្លារ ដែល​ជា​តម្លៃ​ថ្លៃបំផុត​មិន​ធ្លាប់​មាន​ក្នុ​ងប្រវត្តិសាស្រ្ដ​ក្លឹប​យក្ស​អាល្លឺម៉ង់​មួយនេះ។

Lucas Hernandez អបអរ​ជាមួយ​មិត្តរួមក្រុម ពេល​លេងនៅ Atletico Madrid (រូបភាព៖ Reuters)
កីឡាករ​វ័យ ២៣ឆ្នាំនេះ បាន​ចុះកុងត្រារយៈពេល ៥ឆ្នាំ ប៉ុន្តែ​មិន​អាចចូល​លេង​រដូវកាល​នេះបានទេ ដោយ​ត្រូវ​រង់ចាំ​រហូត​ដល់ថ្ងៃ​ទី១ ខែកក្កដា។

ខ្សែការពារ ដែល​ទើប​ឈ្នះ​ពាន FIFA World Cup ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង បាន​ថ្លែង​ ក្រោយ​ស៊ីញ៉េកុងត្រា​នៅ​ក្លឹប​ថ្មីថា៖ "នេះ​ជា​ថ្ងៃ​សំខាន់បំផុត​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្ញុំ។ Bayern Munich គឺ​ជា​ក្លឹប​ខ្លាំងបំផុត​មួយ​នៅ​អឺរ៉ុប និង​ក្នុង​ពិភពលោក។ ខ្ញុំ​ពិត​ជា​មាន​មោទកភាព​ណាស់ ដែល​អាច​លេង​ដើម្បី​ឈ្នះ​ពាន​នៅ Bayern"។

ចំណែក​លោក ​Hasan Salihamidzic ប្រធាន​ផ្នែក​កីឡារបស់ Bayern ក៏​បាន​និយាយដែរថា៖ "ខ្ញុំ​រីករាយណាស់​ដែល​អាច​មាន​លទ្ធភាព​ទិញ​យក​ខ្សែ​ការពារ​ល្អបំផុត​មួយ​ក្នុង​លោក ជា​កីឡាករ​ដែល​ឈ្នះ World Cup។ Lucas នឹង​បន្ត​កេរ្តិ៍តំណែល​ដ៏​អស្ចារ្យ​របស់​កីឡាករ​បារាំង​នៅ​ក្លឹប​របស់​យើង និង​រួមចំណែក​ជួយ​ក្រុម​ឲ្យ​កាន់តែ​ប្រសើរ"។

Lucas Hernandez ពេល​លេង​ឲ្យ​ជម្រើសជាតិ​បារាំង (រូបភាព៖ Reuters)

សូមបញ្ជាក់ថា Hernandez បានបង្ហាញ​ខ្លួន​នៅ La Liga ឲ្យ Atletico ចំនួន ៦៧ប្រកួត​ និង​បានឈ្នះ​ពាន Europa League និង Super Cup។ កីឡាករ​ដែល​អាច​លេង​បានទាំង​តំណែង​ការពារ​កណ្ដាល និង​ការពារ​ស្លាបឆ្វេង​រូបនេះ ក៏ធ្លាប់​ចូលលេង​ឲ្យ​ជម្រើសជាតិ​បារាំង ចំនួន ១៥ប្រកួត​ផងដែរ ជាពិសេស​គឺនៅ FIFA World Cup ឆ្នាំ២០១៨ នៅ​រុស្ស៊ី៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;