ករណី​បាញ់​សម្លាប់​នៅ​ព្រៃវែង៖ តុលាការ​សម្រេច​ឃុំខ្លួន​មន្ត្រី​ប៉ូលិស​ពីរនាក់ និង​មនុស្ស​៣នាក់​ផ្សេង​ទៀត

  • 2019-03-29 01:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុលាការ​ខេត្ត​ព្រៃវែង បាន​សម្រេច​ឃុំខ្លួន និង​ចោទប្រកាន់​មនុស្ស​ចំនួន ៥​នាក់ ដោយ​ក្នុងនោះ​មាន​ប៉ូលិស​២នាក់ ពាក់ព័ន្ធ​ករណី​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ម្នាក់ និងម្នាក់​ទៀត​រងរបួស ដោយ​សង្ស័យ​ថា​ជា​ចោរ​លួច​រថយន្ត។ ការ​សម្រេច​នេះ ដោយ​លោក កែ សាខន អនុ​ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រៃវែង និង​ចៅក្រម​ស៊ើបសួរ កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩។

ករណី​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​នេះ បាន​កើតឡើង​កាលពី​វេលាម៉ោង​២៣:០០នាទី​យប់​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ២​០១៩ នៅ​ចំណុច​ភូមិ​គោកស​ណ្តែក ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។

មនុស្សទាំង ៥​នាក់ ដែល​តុលាការ​សម្រេច​ចោទ​ប្រកាន់ និង​ឃុំខ្លួន​មាន​ដូចជា៖

ទី១. ឈ្មោះ ជឹម រតនៈ ភេទប្រុស អាយុ២៩​ឆ្នាំ ប្រធាន​ផ្នែក​អន្តោ​ប្រវេសន៍​ស្រុក​ព្រះស្តេច។

២. ឈ្មោះ ជឹម វិន ភេទប្រុស អាយុ​២៥ឆ្នាំ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍

អ្នក​ទាំងពីរ​ត្រូវបាន​ចោទ​ពីបទៈ ឃាតកម្ម និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មានការ​អនុញ្ញាត នៅ​ចំណុច​ភូមិ​គោកស​ណ្តែក ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។

ចំណែក​មនុស្ស​ចំនួន ៣នាក់​ទៀត រួមមាន៖

ទី១. ឈ្មោះ សេង ឈិន ភេទប្រុស អាយុ ២៥​ឆ្នាំ (ជាម្ចាស់​បណ្ដឹង​ផ្ដល់​ព័ត៌មាន​មក​ឈ្មោះ ផាន់ សុឌី ឲ្យជួយ​ចាប់​ចោរ​លួចឡាន)។

២. ឈ្មោះ ផាន់ សុឌី ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិ​តាម៉ៅ ឃុំ​កំពង់សឹង ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បច្ចុប្បន្ន​ជា​ជាង​ជួសជុល​ឡាន​នៅ​ភ្នំពេញ។

៣. ឈ្មោះ ភាព ផានី ភេទប្រុស អាយុ៣៨​ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅឃុំ​កំពង់សឹង អ្នក​ផ្ដល់​ព័ត៌មាន​មក​ប៉ូលិស។

អ្នកទាំង​បី ត្រូវបាន​ចោទ​ពីបទ៖ ប្ដឹង​បរិហារ​បង្កាច់​កេរ្តិ៍ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ នៅភូមិ​គោកសណ្ដែក ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង កាល​ពីវេលា​ម៉ោង ២៣:០០យប់ ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៩។

ចំណែក​ជន​រងគ្រោះ (សង្ស័យ​ជា​ចោរ​លួចឡាន) ឈ្មោះ យ៉ន រ៉ាវុធ ភេទប្រុស អាយុ​៣២ឆ្នាំ មុខរបរ​ជាង​ម៉ៅការ​សំណង់ មានស្រុក​កំណើត​នៅ​ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​ឈ្មោះ វ៉ាន់ ខេមរិន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ នៅភូមិ​ឈើកាច់ បាន​រងរបួស និងត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន។

សូម​ជម្រាប​ថា ករណី​ស្ទាក់​បាញ់​សម្លាប់​ជន​សង្ស័យ បាន​កើតឡើង​កាលពី​ម៉ោង ១១យប់ ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គោក​សណ្តែក។ ជន​សង្ស័យ​ទាំងពីរ​នាក់ គ្មាន​អាវុធ​នៅក្នុង​ខ្លួនទេ ប៉ុន្តែ​ពេល​ដែល​ឈប់​ឡាន គឺ​ត្រូវ​ប៉ូលិស​ដែល​ជា​ជនដៃ​ដល់​បាញ់​តែម្តង៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;