គ.ជ.ប មាន​ផែនការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ជាង ៣៧​ម៉ឺន​នាក់ នៅ​ឆ្នាំ២០១៩

  • 2019-03-29 09:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​ស្ថិតិ​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន​ឆ្នាំ​២០១៩ អ្នក​ដែលមាន​អាយុ​ចាប់ពី ១៨ ឡើង​ទៅ មាន​ចំនួន ១០ ១៧៨ ៨០៩ នាក់ ហើយ គ.ជ.ប មាន​ផែនការ​ចុះ​ឈ្មោះអ្នក​បោះឆ្នោត​ថ្មី​ចំនួន ៣៧២ ៦២៨ នាក់ និង​អ្នកដែល​ត្រូវលុប​ឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​មាន​ចំនួន ៨៨ ៦២៦ នាក់។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក នុត សុខុម អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ការប្រកាស​ផ្សព្វផ្សាយ​ប្រតិទិន នៃការ​ពិនិត្យ​បញ្ជី​ឈ្មោះ និងការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៩ និង​ការ​ផ្សព្វផ្សាយ​ស្ថិតិ​ប្រជាពលរដ្ឋ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន នៅ​សាលសន្និសីទ​សារព័ត៌មាន គ.ជ.ប នាព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៩។

លោក នុត សុខុម ថ្លែងនាពេលកន្លងមក

អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៨ មាន​ចំនួន ៨ ៥៤៤ ៨៨៥ នាក់ និង​ការិយាល័យ​បោះឆ្នោត ឆ្នាំ​២០១៩ មាន​ចំនួន ២៣ ៣៦៤ ការិយាល័យ។

អនុប្រធាន គ.ជ.ប បាន​បន្ថែម​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៩ នេះ ដូចគ្នា​នឹងឆ្នាំ​កន្លងទៅ​ដែរ គឺមាន​គោលដៅ​ធានា​ឱ្យ​បញ្ជី​បោះឆ្នោត​ មាន​ភាព​ពេញលេញ ភាព​ត្រឹមត្រូវ និងមាន​បច្ចុប្បន្នភាព​ប្រកបដោយ​សុវត្ថិភាព តាម​រយៈ ៖

១. ការ​ចុះឈ្មោះ​បោះឆ្នោត ចំពោះ ៖

-ប្រជាពលរដ្ឋខ្មែរ​ដែលមាន​សិទ្ធិ​បោះឆ្នោត ហើយមិន​ទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក

-ប្រជាពលរដ្ឋខ្មែរ​ដែល​ទើប​គ្រប់​អាយុ ១៨​ឆ្នាំ (កើតមុន ឬកើតត្រឹម​ថ្ងៃទី១ ខែ​សីហា ឆ្នាំ​២០០១)

-ប្រជាពលរដ្ឋខ្មែរ​ដែលបាន​ផ្លាស់​លំនៅឋាន ឬទី​សំណាក់​ចូល​ក្នុង​ឃុំ សង្កាត់​ថ្មី

-ត្រូវទៅចុះ​ឈ្មោះ​បោះឆ្នោត​នៅ​តាមឃុំ សង្កាត់​ដែល​សាមីខ្លួន​ត្រូវ​បោះឆ្នោត ។

២. ការកែ​តម្រូវ​ឈ្មោះ ឬ​ទិន្នន័យ​អ្នក​បោះឆ្នោត តាម​សំណើ​របស់​សាមីខ្លួន​ដោយ​ផ្អែកលើ​ឯកសារ​សម្អាង​ត្រឹមត្រូវ ។

៣. ការស្រង់ និង​លុបឈ្មោះ​អ្នក​បោះឆ្នោត

-ដែលបាន​ទទួល​មរណភាព

-ដែលត្រូវបាន​ដកហូត​សិទ្ធិ​បោះឆ្នោត​ជា​បណ្តោះ​អាសន្ន

-ដែលបាន​ផ្លាស់​លំនៅឋាន ឬទី​សំណាក់​ចេញ​ទៅឃុំ សង្កាត់​ផ្សេង

-ដែលមាន​ឯកសារ​ជា​សំអាង​ត្រឹមត្រូវ និង​ច្បាស់លាស់ ដើម្បី​លុប​ចេញពី​បញ្ជី​បោះឆ្នោត ។

លោក នុត សុខុម ក៏បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ចូលរួម​ដាក់​ភ្នាក់ងារ ឬអ្នក​សង្កេតការណ៍​របស់​ខ្លួន ដើម្បី​តាមដាន និងពិនិត្យ​មើលដំណើរការនេះ​នៅតាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ធានា​ការ​អនុវត្ត​ឱ្យបាន​រលូន និង​ជោគជ័យ និងបាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ចូលរួម​សហការ និង​ថែរក្សា ការពារ​សន្តិសុខ និង​ធានា​បាននូវ​សុវត្ថិភាព​ជូនដល់​ប្រជាពលរដ្ឋ។

សូម​ជម្រាប​ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ ត្រូវ​ធ្វើឡើង​នៅតាម​សាលា​ឃុំ សង្កាត់ និង​នៅតាម​ភូមិមួយ​ចំនួន​នៅក្នុង​ឃុំ សង្កាត់ ដែលមាន​រយៈពេល ២២​ថ្ងៃ ដោយ​បែងចែក​ពេលវេលា​ដូច​ខាងក្រោម ៖

-រយៈពេល ៦ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែ​ឧសភា ចុះ​ឈ្មោះ​នៅតាម​សាលា​ឃុំ សង្កាត់

-រយៈពេល ១១ថ្ងៃ ពីថ្ងៃទី៧ ដល់ថ្ងៃទី១៧ ខែ​ឧសភា ចុះឈ្មោះ​ចល័ត​តាមភូមិ​មួយចំនួន​ក្នុងឃុំ សង្កាត់

-រយៈពេល ៥​ថ្ងៃ ពីថ្ងៃ​ទី១៨ ដល់ថ្ងៃទី២២ ខែ​ឧសភា ត្រឡប់​មកចុះ​ឈ្មោះ​នៅតាម​សាលាឃុំ សង្កាត់​វិញ ៕

អត្ថបទ៖ សោភា

;