ស្ពាន និងស្ថានីយរថភ្លើង នៅព្រំដែនកម្ពុជា-ថៃ នឹងត្រូវបើកឱ្យប្រើប្រាស់នៅថ្ងៃ២២មេសា
- 2019-04-09 01:36:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពាន និងស្ថានីយរថភ្លើង នៅព្រំដែនកម្ពុជា-ថៃ នឹងត្រូវបើកឱ្យប្រើប្រាស់នៅថ្ងៃ២២មេសា
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀង) និងស្ថានីយរថភ្លើងប៉ោយប៉ែត-ខ្លងលឹក នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។
កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ និងអ្នកជំនាញក្រសួង អញ្ជើញចុះពិនិត្យគម្រោងសាងសង់ស្ពានឆ្លងកាត់ព្រំដែនចំណុចស្ទឹងបត់-បានណងអៀង ឬហៅថា៖ ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀង) ដើម្បីភ្ជាប់ប៉ុស្តិ៍ព្រំដែន កម្ពុជា-ថៃ និងពិនិត្យស្ថានីយរថភ្លើងប៉ោយប៉ែត-ខ្លងលឹក ដោយមានការចូលរួមពីលោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ និងគណៈប្រតិភូ។
ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់ - បានណងអៀង) ត្រូវបានសាងសង់ឡើងក្រោមជំនួយ ឥតសំណងរបស់រាជរដ្ឋាភិបាលថៃ ក្នុងទំហំទឹកប្រាក់ចំនួន ៩២៨ ១១០ ៦៨១ បាត ស្មើនឹងប្រមាណ ២៦,៤២លានដុល្លារអាមេរិក មានបណ្តោយសរុបប្រវែង ៦០៥ម៉ែត្រ និងទទឹង ១៧ម៉ែត្រ អនុវត្ត ការសាងសង់ដោយកងវិស្វកម្មថៃ។ ច្រកព្រំដែនថ្មីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយសម្រួលចរាចរណ៍របស់រថយន្តដឹកទំនិញឆ្លងកាត់រវាងកម្ពុជា និងថៃ និងជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែតនាពេលបច្ចុប្បន្ន។
ចំពោះស្ថានីយរថភ្លើងប៉ោយប៉ែត ត្រូវបានលោក ស៊ុន ចាន់ថុល បញ្ជាក់ថា ជាការដាក់ឱ្យដំណើរការឡើងវិញនូវផ្លូវដែកប៉ោយប៉ែត-ភ្នំពេញ ក្រោយកាត់ផ្តាច់ដោយសង្គ្រាមអស់រយៈពេល ៤៥ឆ្នាំ ហើយ សារៈសំខាន់នៃការតភ្ជាប់ផ្លូវដែករបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយព្រះរាជាណាចក្រថៃនា ពេលឆាប់ៗ គឺដើម្បីពង្រីកទំហំពាណិជ្ជកម្ម ក៏ដូចជាសក្ដានុពលសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ និងការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ផ្លូវដែករវាងកម្ពុជា និងថៃ បន្ទាប់ពីពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានជានិមិត្តរូបនៃការបញ្ចប់ការសាងសង់ និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕
រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន