នេះជារណ្ដាប់ទេវតាឆ្នាំថ្មី ឆ្នាំកុរ ព្រះនាងធុង្សៈទេវី!
- 2019-04-14 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជារណ្ដាប់ទេវតាឆ្នាំថ្មី ឆ្នាំកុរ ព្រះនាងធុង្សៈទេវី!
ចន្លោះមិនឃើញ
សង្ក្រាន្តឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ មហាសករាជ ១៩៤១ ចុល្លសករាជ ១៣៦១ នឹងចូលមកដល់នៅថ្ងៃអាទិត្យ ១០កើត ខែចេត្រ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា គ.ស ២០១៩ ម៉ោង១៥:១២នាទី។
ទេពធីតាដែលនឹងយាងចុះមកគ្រប់គ្រងរក្សាភពផែនដី និងប្រជានុរាស្ត្រក្នុងឆ្នាំថ្មីនេះ គឺព្រះនាង ធុង្សៈទេវី ជាបុត្រីទី១ នៃកបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌ក្រហម លម្អនៅព្រះកាណ៌ដោយផ្កាទទឹម អភរណៈបទុមរាគ ភក្សាហារទ្រង់ ផ្លែឧទ្ទុម្ពរ (ផ្លែល្វា) ព្រះហស្តស្ដាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ស័ង្ខ ទ្រង់អង្គុយពាក់ឆៀងលើខ្នងស្ដេចគ្រុឌ ជាពាហនៈ។
រណ្ដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលីការផ្សេងៗ។ សម្រាប់ប្រជារាស្ត្រធម្មតាត្រូវរៀបក្រាលសំពត់ពណ៌សហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍៖
-បាយសី៥ថ្នាក់មួយគូ, ៣ថ្នាក់មួយគូ
-បាយសីប៉ាឆាមមួយគូ
-ស្លាធម៌មួយគូ
-ទឹកអប់មួយគូ
-ទៀន៥ធូប៥
-ចេកមួយគូដាក់លើជើងពាន
-ផ្លែឈើត្រឹម៣ទៅ៥មុខទៅតាមធនធានរៀងខ្លួន
-គ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើ
-ទឹកស្អាតពីរកែវ
កាលណារៀបស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការព្រះរតនៈត្រ័យសមាទានសីល ហើយតាំងចិត្តឱ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួងតម្កល់ចិត្ត រំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា៕
ដកស្រង់ពីសៀវភៅមហាសង្ក្រាន្ត ឆ្នាំកុរ ដោយបណ្ឌិត អុឹម បូរិន្ទ