បោះឆ្នោតក្រុមប្រឹក្សា៖ លោក នេត សាវឿន លោក សៅ សុខា និងលោក ទេព នីថា បើកកិច្ចប្រជុំផ្តោតលើផែនការ២
- 2019-04-26 03:27:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បោះឆ្នោតក្រុមប្រឹក្សា៖ លោក នេត សាវឿន លោក សៅ សុខា និងលោក ទេព នីថា បើកកិច្ចប្រជុំផ្តោតលើផែនការ២
ចន្លោះមិនឃើញ
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារបោះឆ្នោត ការការពារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩។
កិច្ចប្រជុំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប និងស្នងការនគរបាល មេប៉េអឹមរាជធានី-ខេត្ត រួមទាំងអាជ្ញាធរជំនាញពាក់ព័ន្ធ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានថ្លែងថា កិច្ចប្រជុំនេះផ្ដោតទៅលើផែនការចំនួន២ គឺ៖
ទី១. កិច្ចដំណើរការបោះឆ្នោត ក្រុមប្រឹក្សាអាណត្តិទី៣ ចាប់ផ្ដើមចុះឈ្មោះអ្នកសង្កេតការណ៍ រៀបចំបញ្ជីឈ្មោះ និងបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកុម្ភៈដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។ យុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោត ចាប់ពីថ្ងៃទី ៧-២៩ ខែឧសភា ឆ្នាំ២០១៩ ជាថ្ងៃបោះឆ្នោត។
និងទី២. ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ ដំណើរការពីថ្ងៃទី០១-២២ ខែឧសភា ឆ្នាំ២០១៩ និងត្រូវផ្តល់សុពលភាពដោយ គ.ជ.ប ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៨ និងបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ នៅតាមបណ្តាឃុំ-សង្កាត់ទាំង ១៦៤៦ ទូទាំងប្រទេស រួចរាល់ជាស្ថាពរហើយ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។
យោងតាមលទ្ធផលផ្លូវការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតមានចំនួន ៨ ៥៤៤ ៨៨៥ នាក់ និងមានការិយាល័យបោះឆ្នោតសរុប ចំនួន ២៣ ២៩៤ ការិយាល័យ។
គ.ជ.ប បានឲ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នឹងត្រូវចាប់ផ្តើមធ្វើនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេសក្នុងថ្ងៃតែមួយ គឺថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ និងត្រូវបញ្ចប់នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា មានតួនាទីសំខាន់ក្នុងក្របខណ្ឌនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងគោលបំណងលើកកម្ពស់សិទ្ធិប្រជាធិបតេយ្យឲ្យកាន់តែរីកចម្រើនឡើងនៅថ្នាក់មូលដ្ឋាន។
ចំនួនសមាជិកក្រុមប្រឹក្សាសម្រាប់អាណត្តិទី៣ នេះមាន សមាជិកក្រុមប្រឹក្សារាជធានីខេត្តមានចំនួន ៥៥៩នាក់ និងសមាជិកក្រុមប្រឹក្សាក្រុងស្រុកខណ្ឌចំនួន ៣៥៥៥នាក់ ដែលនឹងត្រូវជ្រើសរើសដោយការបោះឆ្នោតអសកលមិនចំពោះ ដោយសេរីត្រឹមត្រូវនិងយុត្តិធម៌តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ហើយអ្នកដែលមានសិទ្ធិបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងមុខតំណែងចំនួន ១១ ៥៧២នាក់ និងមានការិយាល័យបោះឆ្នោតចំនួន ២០៣ ដែលមានទីតាំងនៅតាមទីប្រជុំជនក្នុងក្រុងស្រុកខណ្ឌនីមួយៗនៅទូទាំងប្រទេស។
ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី 3 នេះមានគណបក្សនយោបាយចំនួន ៧ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតរួមមានគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សសញ្ជាតិកម្ពុជា ដោយបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះហើយត្រូវបាន គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការរួចហើយ។
ក្នុងចំណោមគណបក្សទាំង៧ គឺមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលបានដាក់បញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ទាំង២៥មណ្ឌល និងក្រុង ស្រុក ខណ្ឌ ទាំង ២០៣មណ្ឌល៕