មេបក្សប្រឆាំងវេណេហ្ស៊ុយអេឡា សារភាពថាលោកមិនមានយោធាគ្រប់គ្រាន់ដើម្បីប្រកាសជ័យជម្នះនៃការធ្វើរដ្ឋប្រហារនោះទេ
- 2019-05-02 02:21:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេបក្សប្រឆាំងវេណេហ្ស៊ុយអេឡា សារភាពថាលោកមិនមានយោធាគ្រប់គ្រាន់ដើម្បីប្រកាសជ័យជម្នះនៃការធ្វើរដ្ឋប្រហារនោះទេ
ចន្លោះមិនឃើញ
ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មេបក្សប្រឆាំងវេណេហ្ស៊ុយអេឡា លោក Juan Guaido បានសារភាពថា លោកមិនមានយោធាគ្រប់គ្រាន់ ដើម្បីប្រកាសជ័យជម្នះ ក្នុងការធ្វើរដ្ឋប្រហារកាលពីចុងខែមេសានោះឡើយ។
លោក Juan Guaido បានប្រាប់ទៅមហាជនដែលគាំទ្រលោកនៅកន្លែងធ្វើបាតុកម្មក្នុងទីក្រុង Caracas ថា «ចាប់ពីពេលនេះតទៅ យើងនឹងបន្តធ្វើការតវ៉ា រហូតដល់សម្រេចគោលដៅរបស់យើង»។
សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែមេសាកន្លងទៅ មេបក្សប្រឆាំងរូបនេះ បានបង្ហោះនៅលើបណ្តាញទ្វីតធើ ដោយប្រកាសថា លោកបានចាប់ផ្តើមនូវដំណាក់កាលចុងក្រោយនៃយុទ្ធនាការផ្តួលរំលំប្រធានាធិបតីស្របច្បាប់វេណេហ្ស៊ុយអេឡា លោក Nicolas Maduro ដោយអំពាវនាវឱ្យប្រជាជន និងយោធាវេណេហ្ស៊ុយអេឡា គាំទ្រខ្លួន ដើម្បីបញ្ចប់អំណាចរដ្ឋាភិបាលនេះ។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយពីការប្រកាសនេះ គឺគ្មានសញ្ញានៃសកម្មភាពយោធាណាមួយដែលគាំទ្រលោក Juan Guaido នោះទេ។
លោក Maduro បានបញ្ជាក់នៅលើបណ្តាញទ្វីតធើកាលពីថ្ងៃអង្គារដែរថា លោកបាននិយាយជាមួយមេដឹកនាំយោធាហើយ ដោយពួកគេបានបង្ហាញពីការស្មោះត្រង់បំផុតចំពោះរូបលោក ពោលគឺមិនចូលរួមជាមួយមេបក្សប្រឆាំងដាច់ខាត។
ក្រុមអ្នកគាំទ្រលោក Juan Guaido បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទម្លាក់លោក Maduro នៅកណ្តាលក្រុង Caracas ប៉ុន្តែត្រូវបានរាំងស្កាត់ដោយកម្លាំងសន្តិសុខ ដែលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកពួកគេ។
រដ្ឋមន្រ្តីក្រសួងការពារជាតិវេណេហ្ស៊ុយអេឡា លោក Vladimir Padrino បាននិយាយថា៖ «យើងបានច្រានចោលនូវចលនារដ្ឋប្រហារនេះ ដែលមានបំណងធ្វើឱ្យប្រទេសធ្លាក់ចូលទៅក្នុងអំពើហិង្សា»៕