ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា ព្រមាន​ពីការ​ប៉ះទង្គិច​យោធា​ជាមួយ​នឹង​ប្រទេស​កូឡុំប៊ី

  • 2019-05-09 04:32:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Nicolas Maduro ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា បាន​ព្រមាន​ប្រទេស​កូឡុំប៊ី​ថា នឹង​មានការ​ប៉ះទង្គិច​យោធា​គ្នា​រវាង​ប្រទេស​ទាំង២ បន្ទាប់ពី​កូឡុំប៊ី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ចោទ​ថា មាន​យោធា​វេណេហ្ស៊ុយអេឡា ឆ្លងកាត់​ចូល​ព្រំដែន​របស់ខ្លួន កាលពី​ថ្ងៃ​ទី៨ ខែ​ឧសភា ឆ្នាំ​២០១៩។

រូបថត៖ Sputnik News
លោក Maduro បាន​ថ្លែង​ថា សេចក្តី​ថ្លែងការណ៍​នោះ អាច​បណ្តាល​ឱ្យ​មាន​ភាព​តានតឹង​យោធា​នៅតាម​ព្រំដែន​ ដែល​ពាក់ព័ន្ធ​នឹង​កម្លាំង​ឧក្រិដ្ឋកម្ម​កូឡុំប៊ី ប្រឆាំង​នឹង​វេណេហ្ស៊ុយអេឡា។ លោក​ចោទ​ថា អ្វីៗ​ទាំងអស់​គឺជាផែនការ​របស់​ចក្រពត្តិ​អាមេរិក។

កាលពី​ម្សិលមិញ​នេះ ក្រសួង​ការបរទេស​កូឡុំប៊ី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អះអាង​ថា យោធា​វេណេហ្ស៊ុយអេឡា ចំនួន​៣០​នាក់ បាន​បង្កហេតុ​ដោយ​ឆ្លងកាត់​ចូលដែន​អធិបតេយ្យ​របស់​ខ្លួន ប្រមាណ ២០០ម៉ែត្រ​ពី​ព្រំដែន​នៅ​ភាគ​ឦសាន​ប្រទេស។

ក្រសួង​នេះ​បន្ត​ថា យោធា​វេណេហ្ស៊ុយអេឡា ស្ថិតក្នុង​ដែនដីរបស់ខ្លួន​ប្រមាណ ២០​នាទី។ បន្ទាប់​មក យោធា​ទាំងនោះ បាន​ចាកចេញ​ទៅវិញ នៅពេល​ពួកគេ​កត់សម្គាល់​ឃើញ​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​ដែលដឹក​ទាហាន​កូឡុំប៊ី មក​ដល់។

គួរ​ជម្រាប​ថា ប្រទេស​ទាំង២ មាន​ព្រំដែន​ជាប់គ្នាប្រមាណ ២២០០គីឡូម៉ែត្រ ដែលពិបាក​ក្នុងការ​គ្រប់គ្រង​ និង​ទប់ស្កាត់​ការចរាចរណ៍​គ្រឿងញៀន និង​សកម្មភាព​ក្រុមឧទ្ទាម​ជាដើម។

វេណេហ្ស៊ុយអេឡា និងកូឡុំប៊ី បាន​កាត់ផ្តាច់ទំនាក់ទំនង​គ្នា កាលពីខែ​កុម្ភៈ​ បន្ទាប់ពី​កូឡុំប៊ី បាន​ក្លាយ​ជាប្រទេស​មួយ​ក្នុងចំណោម​ជាង ៥០​ប្រទេស ដែល​ទទួល​ស្គាល់​មេបក្ស​ប្រឆាំង​លោក Juan Guaido ជាប្រធានាធិបតី​ស្របច្បាប់​របស់​វេណេហ្ស៊ុយអេឡា៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;