នាយករដ្ឋមន្រ្តីនេប៉ាល់ ថានឹងរៀនសូត្រពីកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
- 2019-05-14 02:19:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្រ្តីនេប៉ាល់ ថានឹងរៀនសូត្រពីកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
ចន្លោះមិនឃើញ
លោក ខេ ភី សាម៉ា អូលី នាយករដ្ឋមន្រ្តីនេប៉ាល់ បានថ្លែងថា នៅក្នុងអំឡុងពេលទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ៥ឆ្នាំមុន និងរយៈពេល៥ឆ្នាំចុងក្រោយនេះ លោកបានមើលឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងណាស់ ជឿនលឿន ជាប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន។
លោកបន្តថា កម្ពុជានឹងអាចបន្តការអភិវឌ្ឍកំណើនសេដ្ឋកិច្ចកាន់តែខ្លាំងក្លាជាងនេះថែមទៀត ជាមួយនឹងវិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលប្រទេសនេប៉ាល់ នឹងរៀនសូត្រពីប្រទេសកម្ពុជា នៅក្នុងទំនាក់ទំនងទ្វេភាគីនេះផងដែរ។
ការថ្លែងរបស់នាយករដ្ឋមន្រ្តីនេប៉ាល់ខាងលើនេះ ធ្វើឡើងក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។
លោក ខេ ភី សាម៉ា អូលី បានមានប្រសាសន៍ថា ការបំពេញទស្សនកិច្ចរបស់សម្តេចតេជោនាយរកដ្ឋមន្ត្រី នៅប្រទេសនេប៉ាល់កន្លងមកនេះ គឺបានធ្វើឲ្យរូបលោកមានចិត្តរីករាយយ៉ាងខ្លាំង ដូចដែលបានមកទស្សនកិច្ចនៅព្រះរាជាណចក្រកម្ពុជានាពេលនេះ ដែលទស្សនកិច្ចលើកនេះគឺជាការបើកនូវទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-នេប៉ាល់ ជាពិសេសជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ឡើងដល់កម្រិតថ្មីមួយទៀត ដើម្បីពង្រីក និងពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនៃទំនាក់ទំនង និងសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ ទំនាក់ទំនងទ្វេភាគីនេះមានសក្កានុពលខ្លាំងនៅលើគ្រប់វិស័យ ដើម្បីរុញអ្វីដែលប្រទេសទាំងពីរកំពុងតែសហប្រតិបត្តិការជាមួយគ្នា។
ក្នុងជំនួបនេះ សម្តេច ហ៊ុន សែន ក៏បានកោតសរសើរចំពោះការវិវឌ្ឍ និងការរីកចម្រើនរបស់ប្រទេសនេប៉ាល់ ជាពិសេសក្រោយការបោះឆ្នោតដោយសេរី និងប្រជាធិបតេយ្យ នៅប្រទេសនេប៉ាល់ កាលពីឆ្នាំ២០១៧ ដែលរហូតមកដល់ពេលនេះ មានសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអបអរសាទរចំពោះប្រទេសនេប៉ាល់ ដែលបានបាញ់ឡើងនៃផ្កាយរណប ទៅកាន់អាកាស កាលពីឆ្នាំ២០១៦កន្លងទៅនេះ ដែលជាបទពិសោធន៍ជោគជ័យមួយរបស់ប្រទេសនេប៉ាល់៕