គណបក្ស ២ ជួបជុំ​គ្នា និង​ហែក្បួនឃោសនានៅ​រាជធានី​ភ្នំពេញ ព្រឹកនេះ

  • 2019-05-17 01:52:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បាន​ចាប់ផ្ដើម​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា​នេះ រហូត​ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។

ចំណែក​ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ដែលមានគណបក្សនយោបាយចំនួន ៧ បានចូលរួមប្រកួតប្រជែងរួមមាន៖ ១-គណបក្សប្រជាជនកម្ពុជា ២-គណបក្សខ្មែររួបរួមជាតិ ៣-គណបក្សហ៊្វុនស៊ិនប៉ិច ៤-គណៈបក្សសញ្ជាតិកម្ពុជា ៥-គណបក្សយុវជនកម្ពុជា ៦-គណបក្សឆន្ទះខ្មែរ និង៧-គណបក្សខ្មែរសាធារណរដ្ឋ។

សម្ដេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាអធិបតីពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់​គណបក្ស​ប្រជាជន​កម្ពុជា
នៅថ្ងៃបើកឆាកយុទ្ធនាការឃោសនា នា​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នេះ មានគណបក្សនយោបាយចំនួនពីរ បាន​ជួបជុំសមាជិករបស់ខ្លួន និងដង្ហែក្បួនឃោសនានៅតាមដងផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។

គណបក្ស​ប្រជាជន​កម្ពុជា បើកវគ្គយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយមានសមាជិកចូលរួមជិត ៤០០០នាក់ នៅសាលសន្និបាតកោះពេជ្រ។ ចំណែកគណបក្សសញ្ជាតិកម្ពុជា នឹងធ្វើការជួបជុំគ្នានៅទីស្នាក់ការកណ្ដាល របស់ខ្លួន ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដោយមានអ្នកចូលរួមចំនួន ៥០នាក់។

សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​ពិធី​បើក​យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ របស់​គណបក្ស​ប្រជាជន​កម្ពុជា

សូមបញ្ជាក់ថា អ្នក​មានសិទ្ធិបោះឆ្នោត គឺ​ជា​សមាជិកក្រុមប្រឹក្សាឃុំ​សង្កាត់នៅក្នុងមុខតំណែង មានចំនួនសរុប ១១៥៧២នាក់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;