លាមក​គោ​នៅ​ខេត្តព្រៃវែង ​កំពុងមាន​ហាងឆេង​ នាំ​ចេញទៅ​វៀតណាម​រាល់ថ្ងៃ​

  • 2019-05-21 02:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មិន​អត់​ប្រយោជន៍​​​ចំពោះ​កសិករទេ ដែល​ចិញ្ចឹមសត្វ​គោក្របី​យកសា​ច់លក់ ព្រោះ​លាមក​របស់​វា​ក៏​អាច​លក់បាន​លុយ​រាល់ថ្ងៃ​ផងដែរ​។ ជាក់ស្ដែង តាម​ភូមិ​ឃុំ​មួយចំនួន​នៅក្នុង​ខេត្តព្រៃវែង កសិករ​បាន​ប្រមូល​លាមក​​គោក្របី យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ដឹកចេញទៅ​វៀតណាម​​រៀងរាល់ថ្ងៃ។​

​លោកស្រី យឿន ណាក់ រស់នៅ​ភូមិ​មុនី​សិលា ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច បាន​ឲ្យ​ដឹងថា រាល់ថ្ងៃ​អ្នកស្រី ចិញ្ចឹម​គោ​យកសា​ច់លក់ និង​យក​អាចម៍គោ​លក់​។ អ្នកស្រី​បន្តថា បច្ចុប្បន្ន​ផ្ទះ​អ្នកស្រី​ចិញ្ចឹមសត្វ​គោ​ចំនួន​ ៦​ក្បាល​។ ជា​មធ្យម​អាច​បាន​ប្រាក់ចំណូល​ពី​លាមក​គោ​ចំនួន ៣០០០​រៀល​ក្នុង​មួយថ្ងៃ​។ ជា​រៀងរាល់ថ្ងៃ សត្វ​គោ​របស់គាត់ ទាំងនេះ​បាន​យកទៅ​ឃ្វាល​នៅតាម​វាលស្រែ ក្បែរៗ​ភូមិ​។ ព្រឹក​ចេញទៅ​វាលស្រែ លុះ​ព្រលប់​ឬ​ល្ងាច​កៀង​បញ្ចូល​ក្រោល​វិញ​នៅក្រោម​ផ្ទះ​។ សម្រាប់​គោ​ ៦​ក្បាល​ នៅក្នុង​មួយថ្ងៃ​គាត់ អាច​ប្រមូល​អាចម៍គោ​ស្ងួត​បាន​មួយ​បាវ​។ តម្លៃ​៣០០០​រៀល ដែល​ឈ្មួញ​គេ​មក​ប្រមូល​ទិញ នាំ​ចេញទៅ​វៀតណាម​។ ពោលគឺ​៥​ទៅ​៧​ថ្ងៃ ទើប​គាត់​លក់​អាចម៍គោ​ចេញ​ម្ដង​ គ្រាន់​បាន​លុយ​ទិញ​ម្ហូប​ប្រចាំថ្ងៃ​។​

​អ្នកស្រី​បញ្ជាក់ថា វា​មិន​ស្រួល​ប៉ុន្មាន​ដែរ​ទេ ទម្រាំ​បាន​អាចម៍គោ​លក់​នោះ គឺ​មុនដំបូង​យើង​កើប​អាចម៍គោ ដែល​វា​ជុះ​រួច មក​ដាក់​ហាល​លើដី ឬ​លើ​កន្ទេល ឲ្យ​ស្ងួត​បន្ទាប់មក​ទើប​យើង​ប្រមូល​ច្រកចូល​បាវ​ទុក​លក់​ឲ្យ​ឈ្មួញ​។ និយាយ​រួម​អ្នក​ចិញ្ចឹម​គោ​ច្រើន គឺ​បាន​លាមក​ច្រើន​សម្រាប់​លក់ មិន​បោះចោល​លាមក​ដូច​មុន​ទេ​។​

​ដោយឡែក​អាជីវករ​អ្នកដើរ​ទិញ​អាចម៍គោ​ម្នាក់​បាន​ថ្លែងថា ខ្លួន​តែងតែ​ដើរ​ទិញ​លាមក​គោក្របី យកទៅ​វៀតណាម​ជាប្រចាំ​។ ក្នុងនោះ ទិញ​ពី​កសិករ​មួយ​បាវ​ ៣០០០​រៀល ដល់​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម នៅ​ច្រក​អន្តរជាតិ​បន្ទាយ​ចក្រី ​ស្រុក​ព្រះស្ដេច បាន​មួយ​បាវ​ ៤០០០​រៀល​។ អាជីវករ​ដដែល​បន្ត​ថា ជា​រៀងរាល់​លើក ពីរ​ទៅ​បី​ថ្ងៃ ទើប​ខ្លួន​ដឹក​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​ម្ដង ព្រោះ​រវល់​ដើរ​ប្រមូល​ទិញ​ទម្រាំ​ពេញ​រថយន្ត​។ ក្នុងនោះ ក៏មាន​ឈ្មួញ​ជាច្រើន​នាក់​បាន​ដើរ​ទិញ​អាចម៍គោ​រាល់ថ្ងៃ ខ្លះ​ទិញ​ដឹក​តាម​គោយន្ត​កន្ត្រៃ ខ្លះ​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ ខ្លះ​ដឹក​តាម​រថយន្ត​តូចធំ​គ្រប់​ប្រភេទ​។​

​កន្លងមក​ឈ្មួញ​វៀតណាម បាន​ប្រាប់​មក​អាជីវករ​ខ្មែរ​ថា អាចម៍គោ​ទាំងនោះ គេ​យកទៅ​ធ្វើជីធម្មជាតិ​សម្រាប់​ដាំ​ដំណាំ​ផ្សេង​ ដូចជា​ឪឡឹក ត្រសក់ ល្ហុង ដូង ស្វាយ​ក្រូច និង​បន្លែ​គ្រប់មុខ​ដែល​កសិករ​វៀតណាម គេ​ច្នៃ​ប្រើប្រាស់​តាម​តម្រូវការ​នៃ​រុក្ខជាតិ​នៅក្នុង​ចម្ការ​របស់​ពួកគេ​៕

ប្រភព៖ រស្មីកម្ពុជា

អត្ថបទថ្មី
;