គ.ជ.ប បង្ហាញការលំបាករបស់មន្រ្តី និងប្រជាពលរដ្ឋក្នុងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩
- 2019-05-21 06:33:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ.ជ.ប បង្ហាញការលំបាករបស់មន្រ្តី និងប្រជាពលរដ្ឋក្នុងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩
ចន្លោះមិនឃើញ
លោក ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងបញ្ជាក់នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ក្នុងខែវស្សាដូច្នេះ គឺឃុំសង្កាត់មួយចំនួន មានភ្លៀងធ្លាក់ខ្លាំងឬតិចនៅតាមតំបន់ដែលនាំឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។
លោកបន្តថា ក្រុមចុះឈ្មោះបោះឆ្នោតពិបាកក្នុងការចល័តការិយាល័យ ចុះឈ្មោះតាមភូមិជាពិសេស នៅតាមតំបន់ដាច់ស្រយាល ផ្លូវលំបាកធ្វើដំណើរ និងមិនសូវមានសេវាអ៊ីនធឺណេត។ «ពុំសូវមានប្រជាពលរដ្ឋមកសុំចុះឈ្មោះដោយសារប្រជាពលរដ្ឋភាគច្រើនមិនសូវចាប់អារម្មណ៍ ហើយដោយសារមិនមែនជាឆ្នាំដែលមានការបោះឆ្នោតសកលផងដែរ និងប្រជាពលរដ្ឋមួយចំនួនទៀត ចំណាកស្រុកទៅក្រៅប្រទេស ឬនៅខេត្តផ្សេង ទោះបីជាមានបញ្ហាអាកាសធាតុ និងបញ្ហាសម្ភារៈបរិក្ខារមួយចំនួន ក៏ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ប្រព្រឹត្តទៅជាធម្មតាដោយសារមានការសហការរវាងអ្នកបច្ចេកទេសថ្នាក់នេះលេខាធិការដ្ឋានរាជធានីខេត្តរៀបចំការបោះឆ្នោត និងអ្នកបច្ចេកទេសថ្នាក់ជាតិក្នុងការដោះស្រាយបញ្ហាបច្ចេកទេសផ្សេងៗឲ្យបានទាន់ពេលវេលា»។
លោក ឌុច សុន បានបញ្ជាក់ថា ការិយាល័យបោះឆ្នោតឆ្នាំ២០១៩ សរុបចំនួន ២៣ ៣៦៣។ ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើងសរុបចំនួន ១០ ១៧៨ ៨០៩នាក់ ក្នុងនោះស្ត្រីមានចំនួន ៥ ៣២៨ ២២៣នាក់។ ឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៨ សរុបរួមមានចំនួន ៨ ៥៤៤ ៨៨៥នាក់។ ផែនការចុះឈ្មោះថ្មីឆ្នាំ២០១៩ សរុបរួមមានចំនួន ៣៧២ ៦២៨នាក់។
លោកបញ្ជាក់ទៀតថា លទ្ធផលបណ្ដោះអាសន្នគិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ត្រូវម៉ោង៦ល្ងាច មានចំនួន ៨ ៦២៦ ៧២៩នាក់ ស្មើនឹង ៨៤,៧៥%។ សរុបអ្នកចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ ២០១៩ មានចំនួន ១០២,១៨០នាក់ស្មើនឹង ២៧,៤២%។ បច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០១៩៖ លុបចេញពីបញ្ជី ៣៧ ៩០៤នាក់ ។ កែតម្រូវ ១៩១៣នាក់។ ផ្ទេរចូល ១៦៥៦៨នាក់។
គ.ជ.ប បានចាប់ផ្ដើមដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ត្រូវបានបែងចែកពេលវេលាដូចខាងក្រោម៖
-រយៈពេល ៦ថ្ងៃពីថ្ងៃទី ១ ដល់ថ្ងៃទី ៦ ខែឧសភា ចុះឈ្មោះនៅតាមសាលាឃុំសង្កាត់។
-រយៈពេល ១១ថ្ងៃពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៧ ខែឧសភាចុះឈ្មោះចល័តតាមភូមិ មួយចំនួនក្នុងឃុំសង្កាត់។
-រយៈពេល ៥ថ្ងៃ ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែ ឧសភាត្រឡប់មកចុះឈ្មោះនៅតាមសាលាឃុំសង្កាត់វិញ៕