លោក​ ស​ សុខា​ ឱ្យយក​ស៊ីហ្គេម​២០២៣ ជា​ឱកាស​ស្វែងរក​ថវិកា​ដើម្បី​អភិវឌ្ឍ​វិស័យកីឡា​នៅ​កម្ពុជា

  • 2019-05-22 02:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្រ្តី​ក្នុង​នាយកដ្ឋាន​អប់រំកាយ​ និង​កីឡា​ សិស្ស​និស្សិត នា​រសៀល​ថ្ងៃទី​២១​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ថ្លែង​ថា​ ត្រូវ​យកឆ្នាំ​២០២៣​ ជា​ឱកាស​បង្កើត​ថវិកា​ ដើម្បី​ធ្វើ​ដើមទុន​បន្ត​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា​ សម្រាប់​ឆ្នាំ​ជា​បន្តបន្ទាប់​ ដោយ​លោក​សង្កត់ធ្ងន់​ថា ចាត់ជា​ការ​ស៊ីកេរ​ឆ្នាំ២០២៣​ក៏​បាន។

ឆ្នាំ២០២៣​ ជាឆ្នាំ​ដែល​កម្ពុជា ធ្វើ​ជាម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម។ លោក​ថ្លែងទៀត​ថា​ ដើម្បី​សម្រេច​ចក្ខុវិស័យ​នេះបាន​ ទាមទារ​ឱ្យមាន​ការរៀបចំ​ផែនការ​ច្បាស់លាស់​ ដោយមាន​អ្នកអនុវត្ត​ និងអ្នក​តាមដាន​កា​រអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព។

លោក​រដ្ឋលេខាធិការ ក៏​បាន​ជំរុញ​លើក​ទឹកចិត្ត​ដល់​ការិយាល័យ​ក្នុង​នាយកដ្ឋាន​នេះ​ យ៉ាងហោចណាស់​ក្នុង១ឆ្នាំ ត្រូវពិនិត្យ​វាយ​តម្លៃ​លើ​ការងារ​របស់ខ្លួន​ថា​បំពេញ​បាន​កម្រិត​ណា? ខ្វះ​ចន្លោះ​អ្វីខ្លះ? ធ្វើបាន​ផ្លែផ្កា​យ៉ាងណា​ជាដើម។ល។

ទន្ទឹមនឹងនេះ​ លោក​ជំរុញ​ឱ្យ​ការិយាល័យ​នីមួយៗ​ គប្បី​ចេះស្រាវជ្រាវ​កែច្នៃលើ​ផែនការ​ដែលមាន​ស្រាប់ ដើម្បី​រកអ្វី​ដែលថ្មី​ ព្រោះ​អ្នកធ្វើ​ផែនការ​ពុំមែន​ជាព្រះ​នោះ​ទេ។ ជាងនេះ​ទៅទៀត​ នាយកដ្ឋាន​ទាំងមូល​ត្រូវ​ពង្រឹង​រចនាសម្ព័ន្ធ​ការងារ​ បែងចែក​ការទទួលខុសត្រូវ​ឱ្យ​ច្បាស់លាស់​ និង​បំពេញ​ការងារ​តាម​ឋានានុក្រុម​រដ្ឋបាល។

ដើម្បី​ឈានទៅ​ឆ្នាំ២០២៣​ផង​ និង​សម្រេច​យុទ្ធសាស្ត្រ​ យុវជន​ម្នាក់មាន​ជំនាញ​កីឡាមួយប្រភេទ​ប្រចាំជីវិត​ លោក​ ស​ សុខា​ បាន​ណែនាំ​ឱ្យផលិត​វីដេអូខ្លីៗ​ ដោយយក​អ្នកល្បីៗ​មកដើរតួ​ ដើម្បី​ទាក់ទាញ​យុវជន​លេង​កីឡា។ លោក​ឱ្យរៀបចំ​ជាសិក្ខាសាលា​ តាម​សាលា​ ឬតាម​ទីសាធារណៈ ឱ្យយុវជន​ស្គាល់ប្រភេទ​ និង​សារៈសំខាន់​របស់​កីឡា។ លើសពីនេះ​ លោកថា​គប្បី​សហការ​ជាសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​តាម​បណ្ដាខេត្ត​គ្រប់​រូបភាព​ ដើម្បី​បំផុស​ការលេង​កីឡា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;