កម្ពុជា-ថៃ ចុះកិច្ចព្រមព្រៀងលើគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥
- 2019-05-25 02:37:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា-ថៃ ចុះកិច្ចព្រមព្រៀងលើគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥
ចន្លោះមិនឃើញ
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ជាមួយក្រុមហ៊ុនសាងសង់ FIN TECHNIC។
គម្រោងនេះផ្ដោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ដែលរួមមាន៖ អគាររដ្ឋបាលច្រកចូលទ្វារព្រំដែន និងផ្លូវ សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ សំណង់កាត់បន្ថយគ្រោះទឹកជំនន់ និងការជួសជុលកែលម្អផ្លូវចាស់។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណជាង ៩២៨លានបាត ស្មើនឹងប្រមាណ ២៦,៤២លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃ និងប្រើរយៈពេល២៤ខែ។
លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិនេះ នឹងបម្រើតែសេវាដឹកជញ្ជូន ប៉ុណ្ណោះ ដោយរក្សាទុកច្រកអន្តរជាតិប៉ោយប៉ែត សម្រាប់បម្រើតែសេវាដឹកជញ្ជូនភ្ញៀវទេសចរ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់សមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញដឹកជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធភាព តម្លាភាព និងចំណេញពេលវេលា។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបីផ្សេងគ្នានៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលកម្មវិធីទាំងបីនោះរួមមាន៖
១) ការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ពានស្ទឹងបត់)
២)ការបើកការដ្ឋានសាងសង់អគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវ តភ្ជាប់ទៅផ្លូវជាតិលេខ ៥ និង
៣) ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរដ្ឋភ្លើងDMU៕