មាន​តែ ៧នាក់​ប៉ុណ្ណោះ ដែល​មិន​បាន​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ

  • 2019-05-27 01:14:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​តារាង​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ចំនួន​អ្នក​បាន​បោះឆ្នោត ដែល​ចេញផ្សាយ​ដោយ គ.ជ.ប នា​ថ្ងៃទី២៦ ខែឧសភា បាន​បង្ហាញថា ក្នុង​ចំណោម​អ្នកមានសិទ្ធិបោះឆ្នោតទាំង ១១៥៧២នាក់ គឺ​មានតែ ៧នាក់​ប៉ុណ្ណោះ ដែល​មិន​បាន​ទៅ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ។ ក្នុង​នោះ ២នាក់​នៅ​ខេត្ត​កំពង់ធំ ១នាក់​នៅ​បាត់ដំបង ១នាក់​នៅ​កំពត ១នាក់​នៅ​ព្រះវិហារ ១នាក់​នៅ​រតនគិរី និង​១នាក់​ទៀត នៅ​ខេត្ត​ត្បូងឃ្មុំ (ស្លាប់ ដោយសារ​គ្រោះថ្នាក់ចរាចរណ៍​ នៅ​ឃុំក្រែក ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ)។

អ្នកបោះឆ្នោត នៅ​ការិល័យបោះឆ្នោត ០០០៨ សាលាបឋមសិក្សាភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដឹងថា ដំណើរការនៃការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិ​ទី៣ ថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០១៩ និង​ការ​រាប់​សន្លឹកឆ្នោត បានប្រព្រឹត្តទៅដោយរលូនគ្មានការរារាំង គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសន្តិសុខសណ្ដាប់ធ្នាប់ល្អ។

គ.ជ.ប បានឲ្យដឹងថា ការិយាល័យបោះឆ្នោតទូទាំងប្រទេស ដែលមានចំនួន ២០៣ការិយាល័យ បានបើកឱ្យដំណើរការ​ព្រមៗ​គ្នានៅម៉ោង ៧ព្រឹក ដោយគ្មានការរាំងស្ទះ។​ ដោយសារអ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សា​ឃុំ-សង្កាត់ក្នុងមុខតំណែង ដូចនេះមានការិយាល័យបោះឆ្នោតក្នុងខេត្តខ្លះ ត្រូវបានបិទបញ្ចប់ការបោះ​ឆ្នោត​​ជាបន្តបន្ទាប់ ដោយអ្នកបោះឆ្នោតបានមកបោះឆ្នោតគ្រប់ចំនួន ហើយគណៈកម្មការការិយាល័យបោះឆ្នោត ក៏បានបន្តនីតិវិធីជាបន្តបន្ទាប់ ដើម្បីរាប់សន្លឹកឆ្នោតជាបន្តទៀត៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;