រដ្ឋមន្រ្តីព័ត៌មាន៖ សន្និសីទកំពូលសារព័ត៌មានអាស៊ី ជាព្រឹត្តិការណ៍ជួបជុំដោះស្រាយបញ្ហាប្រឈមក្នុងអំឡុងបដិវត្តន៍បច្ចេកវិទ្យាទំនើប
- 2019-06-12 06:35:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្រ្តីព័ត៌មាន៖ សន្និសីទកំពូលសារព័ត៌មានអាស៊ី ជាព្រឹត្តិការណ៍ជួបជុំដោះស្រាយបញ្ហាប្រឈមក្នុងអំឡុងបដិវត្តន៍បច្ចេកវិទ្យាទំនើប
ចន្លោះមិនឃើញ
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា សន្និសីទកំពូលសារព័ត៌មានអាស៊ី គឺជាព្រឹត្តិការណ៍អន្តរជាតិនាំមុខមួយក្នុងវិស័យសោតទស្សន៍ ដែលផ្តល់កាលានុវត្តភាពដល់រដ្ឋមន្រ្តីទទួលបន្ទុកព័ត៌មាន ប្រតិបត្តិករសោតទស្សន៍ និងបុគ្គលិកបម្រើការងារឱ្យប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម សកលវិទ្យាល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយនៅជុំវិញពិភពលោក ដើម្បីជួបជុំ និងពិភាក្សាអំពីការអភិវឌ្ឍគុណភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអំឡុងពេលនៃបដិវត្តន៍បច្ចេកវិទ្យាទំនើប។
ការថ្លែងខាងលើនេះ ក្នុងពិធីបើកជាផ្លូវការសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប។
លោកបន្តថា សន្និសីទកំពូលសារព័ត៌មាន ត្រូវបានរៀបចំឡើងជាលើកដំបូងនៅឆ្នាំ២០០៤ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយសន្និសីទកំពូលនេះ ត្រូវបានរៀបចំជាបន្តបន្ទាប់នៅប្រទេសម៉ាឡេស៊ី រហូតដល់ឆ្នាំ២០០៨។ បន្ទាប់មក សន្និសីទនេះត្រូវបានប្តូរទៅរៀបចំឡើងនៅប្រទេសឥណ្ឌូណេស៊ី ថៃ វៀតណាម អារ៉ាប៊ីសាអូឌីត ឥណ្ឌា និងចុងក្រោយគឺរៀបចំនៅកម្ពុជា។
សន្និសីទកំពូលសារព័ត៌មានអាស៊ីឆ្នាំនេះ ត្រូវបានធ្វើឡើងដោយអមជាមួយនឹងសិក្ខាសាលាដែលត្រូវបានរៀបចំមុនសន្និសីទកំពូលនេះ គឺនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ក្រោមប្រធានបទសំខាន់ៗដូចជា៖ របៀបដឹកនាំក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤, ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត, និន្នាការបច្ចេកវិទ្យា 4K, ឥទ្ធិពលនៃ Augmented Reality (AR) and Virtual Reality (VR) នៅក្នុងវិស័យសារព័ត៌មាន និងសិក្ខាសាលាស្តីពីការបង្កើតកម្មវិធីដ៏មានប្រសិទ្ធភាពក្នុងយុគ្គសម័យឌីជីថល៕