ក្រុម EV Band ស្ថាបនិក ស្លាប់ សមាជិក​ដែល​នៅ​រស់ ខ្លះ​រស់​ទាំង​វេទនា

  • 2019-06-22 08:12:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រំលឹក​ពី​ក្រុម​ចម្រៀង​យុវវ័យ បើ​បក​ទៅ​កាល​ពី​ប្រមាណ ១០​ឆ្នាំ​មុន ប្រិយមិត្ត​នឹង​នឹក​ឃើញ​ដល់ EV Band ដែល​មាន​សមាជិក ៥នាក់ ឃុំ ប៉ុណ្ណា​ដែត សែម សង្វាត ប៊ូ វិចិត្រ ឱក សុគន្ធ​កញ្ញា និង យក់ ឋិតរដ្ឋា ដែល​ក្នុង​ចំណោម​នេះ អ្នក​ខ្លះ​បាន និង​កំពុង​រស់​នៅ​ជាមួយ​ជីវិត​ដ៏​ត្រចះត្រចង់ ឯ​ខ្លះ​ទៀត ធ្លាក់​ខ្លួន​ខ្លាំង​មិន​គួរ​ឲ្យ​ជឿ។

ក្រុម​តារា​ចម្រៀង EV Band ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក អ៊ា វឌ្ឍនា នៅ​ឆ្នាំ ១៩៩៩ ដែល​មាន​សមាជិក​ទាំង​អស់ ៥នាក់ គឺ ឃុំ ប៉ុណ្ណា​ដែត សែម សង្វាត ប៊ូ វិចិត្រ ឱក សុគន្ធ​កញ្ញា និង យក់ ឋិតរដ្ឋា នេះ​ឯង។ បទ​ល្បី​របស់​ពួក​គេ​កាល​ណោះ​មាន​បទ "យើង​ជា​យុវវ័យ" និង​បទ "ប៊ិះសយ" ជា​ដើម។

លោក អ៊ា វឌ្ឍនា ស្ថាបនិក​ក្រុម EV Band
និយាយ​ស្ថាបនិក EV Band លោក អ៊ា វឌ្ឍនា ដែល​បាន​ត្រួសត្រាយ​ផ្លូវ​សិល្បៈ​របស់​តារា​ចម្រៀង​ទាំង​៥ គឺ​លោក​បាន​លាចាក​លោក​ទៅ​ហើយ កាល​ពី​ខែ មករា ២០១៧។ មរណភាព​របស់​លោក​កាល​នោះ គឺ​ដោយ​សារ​ជំងឺ​បែក​ទឹក​ប្រមាត់ បើ​ទោះ​ជា​ពេល​នោះ លោក​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​បារាំង​ដែល​ល្បី​ខាង​វេជ្ជសាស្ត្រ​នេះ​ក្ដី ក៏​មិន​បាន​សង្គ្រោះ​លោក​បាន​ឡើយ។

វិល​មក​សមាជិក​ដែល​នៅ​រស់​រាន​វិញ អ្នក​​ដែល​ឆាក​ជីវិត​រីក​ស្គុះស្គាយ​ជាង​គេ គឺ​គ្មាន​នរណា​ក្រៅ​ពី ឱក សុគន្ធ​កញ្ញា ឡើយ។ ពេល​នេះ នាង​បាន​ប្រែ​ក្លាយ​ពី​កូន​ចៅ​រស់​ក្រោម​ម្លប់​ហង្សមាស មក​ជា​ប្អូន​ថ្លៃ​របស់​ថៅកែ​វិញ ក្រោយ​ពី​នាង បាន​សាង​ជីវិត​គូ​ជាមួយ​លោក អ៊ឹង សុខលី។ ដូច​ប្រិយមិត្ត​ដឹង​ហើយ មង្គល​ការ​របស់​នាង​កាល​ពី​ពាក់​កណ្ដាល​ខែ​មុន គគ្រឹកគគ្រេង​ខ្លាំង ផ្ដុំ​សុទ្ធ​តែ​ថ្នាក់​ដឹកនាំ​ប្រទេស និង​មន្ត្រី​រដ្ឋាភិបាល​កំពូល​ៗ ក្នុង​សូម្បី​សម្ដេច​តេជោ ហ៊ុន សែន ក៏​ផ្ដល់​កិត្តិយស​ចូល​រួម​កាត់​សក់​បង្កក់​សេរី​ជូន​គូស្វាមី ភរិយា ថ្មោងថ្មី​នេះ​ផង។

ឃុំ ប៉ុណ្ណា​ដែត និង យក់ ឋិតរដ្ឋា ៖ តារា​ប្រុស​ស្រី​ទាំង​ពីរ បាន​ប្រែ​ពី​មិត្ត​រួម​អាជីព មិត្ត​រួម​ក្រុម មក​ជា​គូស្វាមី ភរិយា នឹង​គ្នា។ ពួក​គេ​បាន​រៀបការ​រយៈ​ពេល​ជាង ១០​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំង​ពី​ឆ្នាំ ២០០៥ មក​ដល់​បច្ចុប្បន្ន​មាន​កូន​ប្រុស​ចំនួន ៣នាក់។ ប្ដី​ប្រពន្ធ​សិល្បករ​មួយ​គូ​នេះ ក៏​រស់​ក្នុង​ជីវិត​ថ្កុំថ្កើង​ណាស់​ដែរ។ ពួក​គេ​មាន​រថយន្ត​ទំនើប​ជិះ មាន​ផ្ទះ​វីឡា​ស្នាក់​នៅ ព្រម​ទាំង​មាន​ជំនួញ​ជា​ច្រើន​ក្នុង​ដៃ​ទៀត ក្នុង​នោះ ឃុំ ប៉ុណ្ណា​ដែត ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នក​រក​ស៊ី​ផ្នែក​អចលនទ្រព្យ​មួយ​រូប​ដែរ ដែល​ធានា​ភាព​មាន​បាន​របស់​ពួក​គេ ទោះ​មិន​ពឹង​សិល្បៈ។

៣.ប៊ូ វិចិត្រ៖ ប៉ុន្មាន​ថ្ងៃ​មក​នេះ ព័ត៌មាន​បាន និង​កំពុង​ផ្ទុះ​ជាមួយ​លោក ប៊ូ វិចិត្រ ម្ចាស់​បទ "ប៊ិ​សយ" ដោយ​សារ​តែ​លោក​បាន​ធ្លាក់​ខ្លួន​មិន​គួរ​ឲ្យ​ជឿ។ តារា​ចម្រៀង​កូន​ចិន ត្រូវ​បាន​គេ​ប្រទះ​ឃើញ មក​ធ្វើ​ជា​អ្នក​រយែ​ឡាន​ឲ្យ​គេ​នៅ​ម្ដុំ​ផ្សារ​ស៊ីលិប ក្នុង​សភាព​គួរ​ឲ្យ​សង្វេគ ត្បិត​ថា ស្មារតី​អតីត​តារា​ចម្រៀង​ហាក់​មាន​ភាព​មិន​ប្រក្រតី ក្នុង​នោះ តាម​ព័ត៌មាន​ដោយ​សារ​តែ​លោក ធ្លាប់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍។ ឯ​ព័ត៌មាន​ខ្លះ​ទៀត​ថា លោក​ធ្លាប់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន។

ស្ថានភាព​បច្ចុប្បន្ន​របស់​ម្ចាស់​បទ "ប៊ិះ​សយ" លោក​គ្មាន​មធ្យោបាយ​ធ្វើ​ដំណើរ គ្មាន​សូម្បី​តែ​ទូរស័ព្ទ​ចាស់​មួយ​គ្រឿង​សម្រាប់​ប្រើ​ទំនាក់ទំនង។ យ៉ាង​ណា ពេល​នេះ លោក​ទទួល​បាន​ការ​យក​អាសា​ពី​មិត្ត​រួម​អាជីព​មួយ​ចំនួន​ហើយ។

៤.សែម សង្វាត៖ ទន្ទឹម​នឹង​គ្នា​ដំណឹង​ពី​ការ​លំបាក​របស់ ប៊ូ វិចិត្រ ងាក​មក​លោក សែម សង្វាត ឯណេះ ក៏​ទើប​ធ្លាយ​ដំណឹង​ថា លោក​ក៏​មាន​ស្ថានភាព​ជីវិត​មិន​ប្រសើរ​ដែរ ក្រោយ​ពី​បាត់​មុខ​ឈឹង​ពី​សិល្បៈ​ជាង ១០​ឆ្នាំ។ តាម​លោក ឃុំ ប៉ុណ្ណា​ដែត ជា​អតីត​មិត្ត​រួម​ក្រុម លោក សែម សង្វាត ធ្លាក់​ខ្លួន​ឈឺ​និង​គ្មាន​សូម្បី​តែ​ថវិកា​សម្រាប់​មើល​ខ្លួន។ ដូច្នេះ​ហើយ លោក​បាន​សម្រេច​លក់​ផ្ទះ​សម្បែង​អស់​ទៅ​ហើយ ដើម្បី​យក​លុយ​ព្យាបាល​ជំងឺ។

"តារា​ចម្រៀង​សំឡេង​ផ្អែម ជួប បង សែម សង្វាត ដោយចៃដន្យ មើល​ទៅ​គាត់​លំបាក​ខ្លាំង គាត់​មាន​ជំងឺ​ប្រចាំ​កាយ គ្មាន​អ្វី​ជួយ​គាត់ បាន​ត្រឹម​ហៅ​គាត់​បាយ​ជាមួយ"។ ឃុំ ប៉ុណ្ណាដែត ថ្លែង។

ពាក់​ព័ន្ធ​នឹង​ជំងឺ​នេះ លោក សែម សង្វាត តាម​រយៈ​វីដេអូ​ឡាយ​លើ​ហ្វេសប៊ុក​របស់​លោក មុន​ធ្លាយ​ដំណឹង​ពេល​នេះ លោក​បាន​ប្រាប់​ថា លោក​មាន​ជំងឺ​ម្យ៉ាង​តាំង​ពី​នៅ​សិល្បៈ​ម្ល៉េះ ប៉ុន្តែ​កាល​នោះ មិន​ទាន់​ធ្ងន់ធ្ងរ ទើប​តែ​មក​វិវត្ត​បន្តិច​ម្ដង​ៗ ពេល​លោក​ឈប់​ពី​សិល្បៈ​មក​រកស៊ី។ចេញ​មុខ​តាម​រយៈ​វីដេអូ​ឡាយ​នោះ ម្ចាស់​បទ "កម្មករ​ឆ្លង​ដែន" ត្រូវ​បាន​គេ​មើល​ឃើញ​ថា ស្គម​ខ្លាំង និង​ចាស់​ច្រើន មើល​មិន​ចង់​ស្គាល់៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;