លោក ជា សុផារ៉ា៖ សំណង់គ្មានច្បាប់ មិនអនុញ្ញាតឱ្យចូលស្នាក់នៅ ធ្វើអាជីវកម្ម និងតទឹកភ្លើងជូនឡើយ
- 2019-06-27 01:38:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ជា សុផារ៉ា៖ សំណង់គ្មានច្បាប់ មិនអនុញ្ញាតឱ្យចូលស្នាក់នៅ ធ្វើអាជីវកម្ម និងតទឹកភ្លើងជូនឡើយ
ចន្លោះមិនឃើញ
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា សំណង់ដែលគ្មានច្បាប់ត្រឹមត្រូវនៅខេត្តព្រះសីហនុ គឺមិនអនុញ្ញាតឱ្យចូលស្នាក់នៅ មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងមិនតទឹកនិងតភ្លើងជូនឡើយ ក្នុងករណីមិនសហការជាមួយក្រុមការងារ។ ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយម្ចាស់សំណង់ និងក្រុមហ៊ុនទទួលម៉ៅការសាងសង់ប្រមាណ ១៦៥ក្រុមហ៊ុន នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។
ការដាក់កំហិតបែបនេះ គឺបន្ទាប់ពីកើតមានឧប្បត្តិហេតុបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលបានបណ្តាលឲ្យមនុស្សចំនួន២៨នាក់ស្លាប់ និងរងរបួសចំនួន ២៦នាក់។ អគារដែលបាក់រលំនេះ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុអះអាងថា គ្មានច្បាប់អនុញ្ញាត។
នៅក្នុងជំនួបសំណេះសំណាល លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានស្នើសុំឱ្យក្រុមហ៊ុននឹងនចិត្តបង្កើនការវិនិយោគ សហការជាមួយក្រុមការងារចុះពិនិត្យ ដែលមានភារកិច្ចជួយគាំទ្រដល់ពួកគាត់ គោរពច្បាប់ក្នុងការសាងសង់ និងលើកកម្ពស់គុណភាពសំណង់ ដើម្បីនាំមកនូវប្រយោជន៍ផ្ទាល់ខ្លួន និងសេដ្ឋកិច្ចជាតិ។
សូមរំលឹកថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ លោក ជា សុផារ៉ា ក៏បានដឹកនាំកិច្ចប្រជុំស្តីពីការប្រកាសគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ និងពិភាក្សាអំពីការគ្រប់គ្រងសំណង់នៅខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុផងដែរ។ ជាលទ្ធផល នៃកិច្ចប្រជុំនេះទទួលបានលទ្ធផលដូចខាងក្រោម៖
-ប្រកាសសមាសភាពគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ខេត្តព្រះសីហនុ និងក្រុមការងារបច្ចេកទេស បានអនុម័ត និងដាក់អោយអនុវត្ត check list ក្នុងការចុះពិនិត្យសំណង់ ដើម្បីមានមូលដ្ឋានវាយតម្លៃអំពីគុណភាពសំណង់។
-ស្នើគណៈកម្មការ និងក្រុមការងារបច្ចេកទេស ចាប់ផ្តើមអនុវត្តការងារពេលមួយសប្តាហ៍ក្នុងជំហានដំបូងដោយត្រូវប្រតិ្តបត្តិឱ្យបានម៉ត់ចត់ សុក្រឹត្យ និងគោរពក្រមសីលធម៌វិជ្ជាជិវៈ។
-ផ្អែកលើលទ្ធផលទទួលបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បូកសរុបរបាយការណ៍ព្រមទាំងពិគ្រោះយោបល់ជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីរាយការណ៍ និងសូមការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងផ្អាកជាបន្ទាន់នូវការដ្ឋានសំណង់ដែលគ្មានច្បាប់ និងមិនគោរពតាមបទដ្ឋានបច្ចេកទេស។
-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រៀបចំឱ្យមានរថយន្តពន្លត់អគ្គិភ័យសម្រាប់ខេត្តព្រះសីហនុ ដែលមានសមត្ថភាពប្រតិបត្តិការដល់កម្ពស់ ៥៧ជាន់ ចំនួន ២គ្រឿង សម្រាប់បង្កើនសមត្ថភាពសង្គ្រោះ ក្នុងករណីមានគ្រោះថ្នាក់ជាយថាហេតុ៕