ភ្នំពេញក្រោន ស៊ុត ១៧គ្រាប់​បន្ថែម ធ្វើ​ឲ្យ​កំពង់ចាម របូត ១៣១គ្រាប់ ត្រឹម​ជើង​ទី១ នៃ​លីគ​កំពូល​

  • 2019-07-01 02:07:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់​ខេត្ត​កំពង់ចាម បាន​ចាញ់​ក្រុម​ភ្នំពេញក្រោន ២-១៧ ក្នុង​សប្ដាហ៍​ទី១៣ នៃ​លីគកំពូល​កម្ពុជា ដែល​ជា​សប្ដាហ៍​ចុងក្រោយ នៃ​ជើង​ទី១ កាលពី​ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា​ម្សិលមិញ។

នៅ​តង់ទី១ កំពង់ចាម របូត​ ៥គ្រាប់​ប៉ុណ្ណោះ និង​ស៊ុតបាន​ ​១គ្រាប់​ ប៉ុន្តែ​ចូលតង់ទី២ ក្រុម​ជើង​ឯក​ ៦សម័យ​ភ្នំពេញក្រោន បាន​ស៊ុត​បន្ថែម ១២គ្រាប់ទៀត ខណៈ​កំពង់ចាម ក៏រក​បាន ១គ្រាប់ទៀតផងដែរ។

ខ្សែប្រយុទ្ធភ្នំពេញក្រោន Paulo Victor អបអរ ក្រោយស៊ុត​បញ្ចូលទី ៦គ្រាប់ម្នាក់ឯង (រូបភាព៖ Phnom Penh Crown FC)
១៧គ្រាប់​របស់​ភ្នំពេញក្រោន រកបានដោយ Paulo Victor ៦គ្រាប់, លីម ពិសុទ្ធ ៣គ្រាប់, ប្រាក់ ធីវ៉ា ២គ្រាប់, វ៉ា សុខថន ១គ្រាប់, ម៉ៅ ពិសិដ្ឋ ១គ្រាប់, អ៊ុក សុធី ១គ្រាប់, នៅ សុខសិលា ១គ្រាប់, ពៅ ប៉ុនវុទ្ធី ១គ្រាប់ និង own goal ១គ្រាប់។ ចំណែក២គ្រាប់​របស់កំពង់ចាម រកបាន Osei Tutu និងពៅរី មុន្នីបុត្រា។

នេះ​ជា​បរាជ័យ​ធ្ងន់ក​ជាថ្មី​ម្ដងទៀត សម្រាប់​កំពង់ចាម។ បើគិត​ទាំង ១៣ប្រកួត នៃ​ជើងទី១ គឺក្រុម​ចំណូល​ថ្មី​នៃ​លីគ​កំពូល​កម្ពុជា​នេះ បាន​របូត​ដល់ទៅ ១៣១គ្រាប់ និង​ស៊ុត​ចូល​គេ​វិញ​បានតែ ៥គ្រាប់​ប៉ុណ្ណោះ៕

ក្រុម​ទាំង ១២ ដែល​ស៊ុត​ចូល​កម្ពុជា ក្នុង​ជើងទី១ មាន​ដូច​តទៅ៖ ណាហ្គាវើល (១៨គ្រាប់), ភ្នំពេញក្រោន (១៧គ្រាប់), វិសាខា (១៤គ្រាប់), អគ្គស្នងការដ្ឋាន​នគរបាលជាតិ (១៤គ្រាប់), ព្រះខ័នរាជស្វាយរៀង (១៣គ្រាប់), គិរីវង់សុខសែនជ័យ (១២គ្រាប់), អង្គរថាយហ្គ័រ (១១គ្រាប់), ក្រសួងការពារជាតិ (១១គ្រាប់), បឹងកេត (៧គ្រាប់), សូលទីឡូ (៦គ្រាប់}, អាស៊ីអឺរ៉ុប (៥គ្រាប់), យុវជន​បាទី (៣គ្រាប់)។

ទស្សនា​វីដេអូហាយឡាយដូចខាងក្រោម៖

(វីដេអូពី Channel YouTube Phnom Penh Crown FC)

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;